សេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញផ្សាយនៅថ្ងៃទី១០ កុម្ភៈ បានស្រង់សម្ដីអនុប្រធាន យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថា សកម្មភាពគាបសង្កត់របស់រដ្ឋាភិបាលកម្ពុជា លើសិទ្ធិសេរីភាពប្រជាពលរដ្ឋ រួមទាំងអ្នកគាំទ្របក្សប្រឆាំងធ្វើបាតុកម្ម និងប្រមូលផ្ដុំជាសាធារណៈកន្លងមក ធ្វើឲ្យមតិសាធារណជនលើពិភពលោកព្រួយបារម្ភយ៉ាងខ្លាំង។
មិនត្រឹមតែប៉ុណ្ណោះ លោកថា ការគាបសង្កត់របស់រដ្ឋាភិបាលនេះ មិនត្រឹមតែបំពានច្បាប់ក្នុងប្រទេសទេ តែថែមទាំងបំពានលើច្បាប់អន្តរជាតិទៀតផង៖ «ការឃុំខ្លួនសកម្មជន និងការហាមធ្វើការតវ៉ារបស់រដ្ឋាភិបាលបានបង្កើតឲ្យមានបរិយាកាសព្រួយបារម្ភយ៉ាងខ្លាំង មិនត្រឹមតែនៅកម្ពុជាទេ តែនៅលើសកលលោកទាំងមូល។ រដ្ឋាភិបាលនានាព្រួយបារម្ភអំពីសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជា ដែលការទាមទារសិទ្ធិរបស់ពួកគេគួរតែត្រូវបានគេដឹងឮ»។
ការទាមទារនេះធ្វើឡើងចំពេលតុលាការកម្ពុជា គ្រោងជំនុំជម្រះក្ដីអ្នក ២១នាក់ នៅថ្ងៃទី១១ កុម្ភៈ នេះ។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ រួមទាំងសហជីពអន្តរជាតិការពារសិទ្ធិកម្មករមានចំនួនទាំងអស់ ១២អង្គភាព បានផ្ញើលិខិតចំហទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែសុំឲ្យដោះលែងសកម្មជន និងកម្មករ ២១នាក់ជាបន្ទាន់ ដោយឥតលក្ខខណ្ឌនោះទេ តែសុំឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់បន្ទាន់ចំពោះការហាមឃាត់ ការប្រមូលផ្ដុំគ្នាជាសាធារណៈដែលរដ្ឋាភិបាលបានបិទមិនឲ្យកម្មករ និងអ្នកគាំទ្របក្សប្រឆាំងធ្វើបាតុកម្ម ឬប្រមូលផ្ដុំគ្នាតាមទីសាធារណៈ ចាប់តាំងពីដើមឆ្នាំ២០១៤ មក។
ទាក់ទងការទាមទារឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការរឹតត្បិតលើសេរីភាពបញ្ចេញមតិ និងសិទ្ធិធ្វើបាតុកម្មនេះដែរ នៅថ្ងៃទី១០ ខែកុម្ភៈ នេះ អង្គការអន្តរជាតិឃ្លាំមើលសិទ្ធិស្ត្រីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា អ៊ីរ៉ាវ អេស៊ា ប៉ាស៊ីហ្វិក (IWRAW Asia Pacific) បានចូលរួមសំឡេងរបស់ខ្លួនជាមួយអង្គការនានា ដើម្បីថ្កោលទោសជាអន្តរជាតិ ចំពោះការបង្ក្រាបដោយហិង្សារបស់រដ្ឋាភិបាលកម្ពុជា លើសិទ្ធិសេរីភាព និងសិទ្ធិធ្វើបាតុកម្ម ជាពិសេសថ្កោលទោសចំពោះការបង្ក្រាបមិនបន្ធូរដៃរបស់អាជ្ញាធរមានសមត្ថកិច្ចទៅលើក្រុមអ្នកតវ៉ាជាស្ត្រីភេទ និងកម្មការិនីកន្លងមក។
វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មពីរដ្ឋាភិបាលភ្លាមៗទេ ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ នៅថ្ងៃទី១០ កុម្ភៈនេះ។ ក៏ប៉ុន្តែអគ្គព្រះរាជអាជ្ញាសាលឧទ្ធរណ៍ លោក អ៊ុក សាវុធ បានមានប្រសាសន៍ថា ការដោះលែងអ្នកជាប់ឃុំទាំងនោះ គឺអាស្រ័យលើការសម្រេចរបស់ចៅក្រមកាន់ក្ដីនេះ ដែលធ្វើការផ្អែកទៅលើច្បាប់កម្ពុជា។
រដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួនកម្មករ សកម្មជនដីធ្លី និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលចំនួន ២៣នាក់ ដាក់គុក កាលពីដើមខែមករា កន្លងទៅ ហើយតុលាការបានចោទពីបទញុះញង់ឲ្យមានអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈជាដើម។ ប៉ុន្តែកាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនេះ តុលាការបានប្រកាសដោះលែងកម្មករពីរនាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។