រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ និងជាឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែមីនា បានអះអាងថា កងយោធពលខេមរភូមិន្ទកម្ពុជា គ្រោងបាញ់សាកល្បងគ្រាប់ពិតនៃអាវុធទំនើបៗជាច្រើន នៅថ្ងៃទី២៨ ខែមីនា សប្ដាហ៍ក្រោយនេះ នាបន្ទាយរថក្រោះ អាសេអូ (ACO) នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការបាញ់សាកល្បងគ្រាប់ពិតនេះ ត្រូវបានអ្នកវិភាគនយោបាយអះអាងថា ជាយុទ្ធសាស្ត្រត្រៀមខ្លួន បង្កាសង្គ្រាម ទប់ទល់នឹងបរទេសឈ្លានពាន ដែលនឹងអាចវាយលុកទឹកដីកម្ពុជា នៅតាមព្រំដែនខាងលិច នៅពេលតុលាការអន្តរជាតិ បកស្រាយសាលក្រមនៅខែក្រោយនេះ ថាតើម្ពុជា ឬថៃ ជាម្ចាស់កម្មសិទ្ធិប្រាសាទព្រះវិហារ?
គម្រោងបាញ់សាកល្បងគ្រាប់ពិតនោះ គឺកងយោពលខេមរភូមិន្ទ គ្រោងប្រើប្រាស់កាំភ្លើងធុនធំ BM-21 ទំនើបៗ ដើម្បីពង្រឹងសមត្ថភាពកងទាហានក្នុងការការពារជាតិ និងបូរណភាពទឹកដី។
គម្រោងបាញ់សាកល្បងគ្រាប់ពិតនោះ ត្រូវបានគេមើលឃើញថា គឺដើម្បីការពារព្រំដែនជាប់ព្រំដែនថៃ នៅតំបន់ប្រាសាទព្រះវិហារ នៅគ្រាដែលតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា អាយស៊ីជេ (ICJ= International Court of Justice) គ្រោងបកស្រាយសាលក្រមសំណុំរឿងប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ នៅពាក់កណ្ដាលខែមេសា ខាងមុខនេះ និងជាការទប់ទល់ប្រឆាំងការឈ្លានពានរបស់កងយោធាថៃ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី២០ ខែមីនា នាខេត្តកំពង់ស្ពឺ ថា កងកម្លាំងយោធាកម្ពុជា ត្រូវតែអនុវត្តជាក់ស្ដែងដើម្បីវាស់សមត្ថភាពពិត ដើម្បីពង្រឹងសមត្ថភាពការពារជាតិដោយអាវុធទំនើបៗបែបនេះ៖ «ទាំងនេះជាប្រភេទអាវុធដែលហៅថា ទំហំវាឆ្ងាយ ទំហំរបៀបវាធំបន្តិច។ និយាយឲ្យចំទៅក៏គ្មានលាក់លៀមទេ គឺប្រភេទ BM-21 គឺត្រូវតែរើសទីកន្លែង និងពេលវេលាធ្វើម៉េចឲ្យការអនុវត្តហ្នឹងឲ្យវាធានាបានប្រសិទ្ធភាពរបស់វាផង តែធានាឲ្យមានសុវត្ថិភាពផង»។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច ដែលតាមដានស្ថានការណ៍នយោបាយ និងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កន្លងមក បានមានប្រសាសន៍ថា ការបាញ់សាកល្បងគ្រាប់ពិតនេះ លោកគិតថា ជាសារសំខាន់មួយទៅភាគីថៃ៖ «ការដែលយើងសាកអាវុធ គឺដើម្បីឲ្យកងទ័ពយើងអនុវត្តជាក់ស្ដែង ទី២ យើងបង្ហាញទៅដៃគូរបស់យើងថា កម្ពុជាមិនស្ពឹកទម្រន់ផ្នែកកងទ័ពទេ កងទ័ពមានគ្រប់គ្រាន់ដើម្បីឆ្លើយតបនៅពេលណាដែលភាគីថៃ តែងតែនិយាយថា បើសិនជាបកស្រាយសាលក្រមណាមួយនោះ ពួកជ្រុលនិយមថៃ នឹងធ្វើការវាយលុកចូលដោយកម្លាំង ដោយគ្រប់រូបភាព អ៊ីចឹងទេ កម្ពុជាគ្រាន់តែប្រាប់ទៅដៃគូថា កម្ពុជាត្រៀមខ្លួនជានិច្ច ហើយទី៣ហ្នឹង គឺចង់បង្ហាញថា យើងមិនចង់ប្រើប្រាស់រូបមន្តកងទ័ពទេ ប៉ុន្តែកងទ័ពយើងមានរួចជាស្រេចហើយដើម្បីការពារមាតុភូមិ»។
ទាក់ទងនឹងការពង្រឹងសមត្ថភាពកងទ័ពកម្ពុជានេះដែរ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃទី២២ ខែកុម្ភៈ នៅក្រសួងមហាផ្ទៃ កន្លងមកទៅនេះថា កងកម្លាំងយោធាកម្ពុជានានានៅតាមបណ្ដោយព្រំដែន កម្ពុជានិងថៃ ត្រូវតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារព្រំដែន ប៉ុន្តែរក្សាភាពស្ងប់ស្ងៀម នៅគ្រាដែលតុលាការយុត្តិធម៌អន្តរជាតិគ្រោងបកស្រាយសាលក្រមសំណុំរឿងប្រាសាទព្រះវិហារ នៅខែមេសា ខាងមុខនេះ។
លោក ហ៊ុន សែន៖ «មាននិន្នាការមួយចំនួនបានគាបសង្កត់ និងបានដាក់បញ្ហាជាច្រើន ក្នុងនោះរួមមានទាំងការប៉ុនប៉ងយកវិធានការយោធាដើម្បីត្រៀមដោះស្រាយបញ្ហាទៀតផង ដូច្នេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងកងកម្លាំងនគរបាលជាតិផង ជានិច្ចកាលត្រូវតែមានការប្រុងប្រយ័ត្នប្រកបដោយស្មារតីម្ចាស់ការខ្ពស់ ដើម្បីរួមសហការគ្នាតាមដានក្ដាប់ឲ្យបានសភាពការណ៍នានា និងមានវិធានការប្រកបដោយប្រសិទ្ធភាពចំពោះរាល់សកម្មភាពអាក្រក់ណាមួយដែលយាយីមកលើបូរណភាពទឹកដី និងអធិបតេយ្យភាព»។
ក្រសួងការពារជាតិធ្លាប់បានរៀបចំបាញ់សាកល្បងគ្រាប់ពិតនៃកាំភ្លើងធំ BM-21 រួចម្ដងហើយកាលពីខែមេសា ឆ្នាំ២០១០ កន្លងទៅ នៅខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យសមត្ថភាព និងការពារព្រំដែនកម្ពុជា នៅគ្រាដែលកងទ័ពថៃ នៅពេលនោះ កំពុងព្យាយាមឈ្លានពានទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។