រដ្ឋាភិបាល​កម្ពុជា​រឭក​វៀតណាម​រឿង​រំលោភ​បំពាន​ទឹកដី​ខ្មែរ

0:00 / 0:00

រដ្ឋាភិបាល​កម្ពុជា រឭក​ជា​ថ្មី​ដល់​ប្រទេស​វៀតណាម កុំ​ឲ្យ​រំលោភបំពាន​ចូល​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដែល​ពុំ​ទាន់​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​នោះ។ គណបក្ស​ប្រឆាំង​វិញ​យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ពី​ការ​រំលោភ​បំពាន​របស់​ប្រទេស​ជិត​ខាង។

​បើ​ទោះ​បី​ជា​កន្លង​មក រដ្ឋាភិបាល​កម្ពុជា ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម តែង​អះអាង​ថា មិត្តភាព​រវាង​កម្ពុជា-​វៀតណាម ជា​មិត្តភាព​ប្រពៃណី​យូរ​អង្វែង និង​ជា​អ្នកជិតខាង​ល្អ​ក្តី ប៉ុន្តែ​ជា​ទូទៅ​គេ​ឃើញ​វៀតណាម តែង​មាន​ប្រៀប​មក​លើ​កម្ពុជា ជាពិសេស​ក្នុង​រឿង​បូរណភាព​ទឹកដី​នេះ​តែម្ដង។

​ជាក់ស្ដែង ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១១ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន កម្ពុជា​បាន​ផ្ញើ​លិខិត និង​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម មិន​តិច​ជាង ២៣​លើក​នោះ​ទេ ដើម្បី​ទទូច​ឲ្យ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ឈប់​រំលោភ​បំពាន​ចូល​តំបន់​តាម​បណ្ដោយ​ព្រំដែន​ដែល​ប្រទេស​ទាំង​២ មិន​ទាន់​ឯកភាព​ខណ្ឌសីមា​រួចរាល់។

​ការ​រំលោភ​បំពាន​ទាំង​នោះ មាន​ដូចជា​ការ​ជីក​ស្រះ ការ​សង់​អគារ និង​ផ្លូវ​បេតុង​នៅ​ខេត្ត​រតនគិរី ការ​ធ្វើ​ផ្លូវ និង​ប៉ុស្តិ៍​រដ្ឋបាល​នៅ​តំបន់​ដាក់ដាំ-ដាក់ហ៊ូត នៅ​ខេត្ត​មណ្ឌលគិរី ការ​ធ្វើ​ផ្លូវ​នៅ​ខេត្ត​ស្វាយរៀង ការ​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​ខេត្ត​កណ្ដាល និង​ការ​ធ្វើ​ប៉ុស្តិ៍​នៅ​ច្រក​ទ្វារ​វិញហួយដុង ជាប់​បង្គោល​ព្រំដែន​លេខ ២៦០ ទល់មុខ​ច្រក​ទ្វារ​ទ្វេភាគី​កំពង់ក្រសាំង ក្នុង​ស្រុក​បូរីជលសារ ខេត្ត​តាកែវ ជាដើម។

​រដ្ឋាភិបាល​កម្ពុជា ទទូច​ជា​ថ្មី​ឲ្យ​វៀតណាម បញ្ឈប់​ការ​សាងសង់​ផ្លូវ​សំណង់​នានា​ជា​បន្ទាន់ និង​ធ្វើ​ឲ្យ​ស្ថានភាព​បរិស្ថាន​នៅ​តំបន់​ទាំង​អស់​នោះ​មាន​សភាព​ដូច​ដើម​វិញ ព្រមទាំង​ចាត់​វិធានការ​រារាំង​កុំ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​មក​ដាំ​ដុះ ឬ​ធ្វើ​សកម្មភាព​នៅ​តំបន់​ព្រំដែន​ទាំង​ឡាយ​ណា​ដែល​មិន​ទាន់​បញ្ចប់​ការ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​រួច។

សកម្មភាព​វៀតណាម​កំពុង​សាងសង់​ប៉ុស្តិ៍ នៅ​តំបន់​ស ត្រង់​ចំណុច​អូរកុមារ ក្នុង​ភូមិ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។
សកម្មភាព​វៀតណាម​កំពុង​សាងសង់​ប៉ុស្តិ៍ នៅ​តំបន់​ស ត្រង់​ចំណុច​អូរកុមារ ក្នុង​ភូមិ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៦។ (RFA)

ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មិន​ទាន់​ដឹង​នៅ​ឡើយ តើ​ភាគី​វៀតណាម ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​ការ​ស្នើ​របស់​កម្ពុជា ពេល​នេះ ដោយ​លោក​ឲ្យ​ទាក់ទង​ទៅ​ក្រសួង​ការបរទេស​វិញ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា។

​បើ​ទោះ​ជា​កន្លង​មក​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ឲ្យ​វៀតណាម ជា​បន្តបន្ទាប់​ក្តី ប៉ុន្តែ​ភាគី​វៀតណាម ហាក់​មិន​បាន​គោរព​តាម​នោះ​ឡើយ។ ត្រង់​ចំណុច​នេះ លោក វ៉ា គឹមហុង បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់​អន្តរជាតិ កំណត់​ទូត​ទាំង​អស់​នេះ​គឺ​ជា​តឹកតាង​មួយ​ដែល​បញ្ជាក់​ពី​ការ​មិន​ឯកភាព​របស់​កម្ពុជា ចំពោះ​ការ​រំលោភ​បំពាន​របស់​ប្រទេស​ជិត​ខាង ដែល​លោក​ថា វា​មាន​សារប្រយោជន៍​សម្រាប់​ប្រើប្រាស់​នៅ​ពេល​អនាគត៖ «ការ​ដែល​បាន​ទឹក​ដី​ដោយ​ការ​រំលោភ ឬ​កាន់កាប់​បណ្ដោះអាសន្ន ទឹក​ដី​នោះ​គឺ​មិន​បាន​ន័យ​ថា ជា​ទឹក​ដី​របស់​លោក​ទេ ព្រោះ​ថា យើង​មាន​ការ​តវ៉ា។ នេះ​ហើយ​ក្ដីក្ដាំ​នៅ​ប្រាសាទ​ព្រះវិហារ គាត់​ចូល​កាន់កាប់ ប៉ុន្តែ​យើង​តវ៉ា តុលាការ​វិនិច្ឆ័យ​ទៅ លោក​កាន់កាប់​មែន​តើ​កម្ពុជា សុខ​ចិត្ត​ពី​កាលណា វា​សំខាន់​ណាស់​សម្រាប់​ផ្លូវ​ច្បាប់​អន្តរជាតិ»

​ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​នឹង​ប្រទេស​វៀតណាម ប្រវែង ១.២៧០​គីឡូម៉ែត្រ លាត​សន្ធឹង​ពី​ខេត្ត​កំពត នៅ​ប៉ែក​ខាងត្បូង​រហូត​ដល់​ខេត្ត​រតនគិរី នៅ​ប៉ែក​ឦសាន​ប្រទេស។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​២ បោះ​បង្គោល​ព្រំដែន​សម្រេច​បាន ៨៣​ភាគរយ​ហើយ នៃ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣១៤​បង្គោល។ លោក វ៉ា គឹមហុង បញ្ជាក់​ថា កម្ពុជា​នៅ​បន្ត​ចរចា​ជាមួយ​វៀតណាម ដើម្បី​ឈាន​ដល់​ការ​បោះ​បង្គោល​ដែល​នៅ​សេសសល់​ឲ្យ​ចប់​សព្វគ្រប់។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ យល់​ឃើញ​ថា រដ្ឋាភិបាល​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​នៅ​ពេល​មាន​ការ​រំលោភបំពាន​ពី​ប្រទេស​ជិត​ខាង។ លោក យឹម សុវណ្ណ ថា នេះ​ជា​សញ្ញាណ​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ ហើយ​ថា បើ​ប្រទេស​វៀតណាម នៅ​តែ​មិន​បញ្ឈប់​ការ​រំលោភ​បំពាន​ទេ រដ្ឋាភិបាល​គួរ​តែ​យក​បញ្ហា​នេះ​ប្ដឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ​ឲ្យ​ជួយ​ដោះស្រាយ៖ «យើង​ត្រូវ​រក​វិធានការ​ថា បើ​គេ​នៅ​បន្ត​ធ្វើ​ត​ទៅ​ទៀត តើ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធ្វើ​យ៉ាង​ម៉េច អ៊ីចឹង​ហើយ​បាន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ចង់​យក​ចំណុច​ឯកភាព​ជាតិ សាមគ្គី​ជាតិ​ជា​ធំ ដើម្បី​កុំ​ឲ្យ​បរទេស​មើលស្រាល​លើ​យើង យើង​ត្រូវ​បញ្ចប់​ភាព​ខុស​គ្នា​នៅ​ក្នុង​ប្រទេស​យើង កសាង​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស យើង​មាន​ឯកភាព​ជាតិ សាមគ្គី​ជាតិ ពេល​នោះ​យើង​ខ្លាំង បរទេស​មិន​ងាយ​យើង​ទៀត»

​ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ក្នុង​ពេល​នេះ រដ្ឋាភិបាល​មិន​ទាន់​គិត​ទៅ​ដល់​ការ​ប្ដឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ​នោះ​ទេ គឺ​ត្រូវ​ប្រឹងប្រែង​ចរចា​ជាមួយ​ភាគី​វៀតណាម ជា​មុន​សិន។ ទោះ​ជា​យ៉ាង​ណា លោក​ថា ទៅ​ថ្ងៃ​អនាគត​រឿងរ៉ាវ​ព្រំដែន​ប្រែប្រួល​យ៉ាង​ណា​ទៀត​នោះ លោក​ក៏​មិន​ហ៊ាន​សន្និដ្ឋាន​ថា​បែប​ណា​នោះ​ដែរ គឺ​អាច​ទៅ​តុលាការ​ក៏​ថា​បាន។

​ក្នុង​រឿង​ព្រំដែន​នេះ ផ្ទៃក្នុង​របស់​កម្ពុជា នៅ​មិន​ទាន់​មាន​ការ​ឯកភាព​គ្នា​នៅ​ឡើយ​ចំពោះ​ផែនទី ដែល​រដ្ឋាភិបាល​កំពុង​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ បក្ស​ប្រឆាំង​តែង​ទទូច​ឲ្យ​រដ្ឋាភិបាល​បើក​ចំហ​ឲ្យ​មានការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការងារ​ពិនិត្យ និង​បោះ​បង្គោល​ព្រំដែន។ ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​មិន​ត្រឹមតែ​មិន​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ចូលរួម​នោះ​ទេ តំណាងរាស្ត្រ និង​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​ថែម​ទាំង​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន ដោយសារ​ការ​បញ្ចេញ​យោបល់​រិះគន់​ទៅ​លើ​ការងារ​បោះ​បង្គោល​ព្រំដែន​របស់​រដ្ឋាភិបាល​ទៀត​ផង។ រដ្ឋាភិបាល​ចោទ​ប្រកាន់​ពួកគេ​ថា បាន​ញុះញង់​ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម និង​បង្ក​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។