​ខ្មែរ-​ថៃ​ចុះ​កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ព្រំដែន​រួម​គ្នា

កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា-​ថៃ លើក​ទី​១ ធ្វើ​នៅ​ក្រសួង​ការបរទេស​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃ​​ទី​១១ មិថុនា។

0:00 / 0:00

ប្រទេស​ទាំង​ពីរ​បាន​​ព្រមព្រៀង​អភិវឌ្ឍន៍​ខេត្ត​តាម​តំបន់​​​​ព្រំដែន និង​តភ្ជាប់​ពាណិជ្ជកម្ម​​រួម​​គ្នា​ក្នុង​ពេល​ភាគី​ទាំង​ពីរ​​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ជម្លោះ​នៅ​​ក្បែរ​ប្រាសាទ​ព្រះវិហារ លើ​ផ្ទៃ​ដី​ជាង ៤​គីឡូម៉ែត្រក្រឡា ដែល​ភាគី​ថៃ ទាមទារ​ថា ជា​របស់​ខ្លួន​នៅ​ឡើយ។

ក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា មាន​ប្រសាសន៍​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព និង​ព្រមព្រៀង​ជាមួយ​គ្នា អភិវឌ្ឍន៍​រួម​គ្នា​លើ​វិស័យ​​ជា​ច្រើន​តាម​ខេត្ត​​ចំនួន ៧ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​ថៃ។ មានដូច​ជា​វិស័យពាណិជ្ជកម្មថៃ ​បាន​ព្រមព្រៀង​ទិញ​កសិផល​ពីកម្ពុជា ឬ​រួម​គ្នា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ខេត្ត​ជាប់​ព្រំដែន មាន​ខេត្ត​​​កោះកុង ជាដើម។

ក្រៅ​ពី​នេះ កម្ពុជា-​ថៃ ក៏​បាន​ព្រមព្រៀង​បើក​ច្រក​ព្រំដែន​ថ្មី តាម​ខេត្ត​ជាប់​ព្រំដែន​បន្ថែម​ទៀត ដើម្បី​​​បម្រើ​សេវា​ដឹក​ជញ្ជូន​ទំនិញ សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រជាពលរដ្ឋ ឬ​អ្នក​ជំនួញ​ប្រទេស​ទាំង​ពីរ​ថែម​ទៀត។

តាម​រយៈ​កិច្ច​ប្រជុំ​នេះ លោក ហោ ណាំហុង បញ្ជាក់​ថា ភាគី​ថៃ ក៏​ត្រៀម​ផ្ដល់​ជំនួយ​ដល់​កម្ពុជា សម្រាប់​ពង្រីក ឬ​ស្ថាបនា​ផ្លូវ​ជាតិ​​​​​​តាម​​ខេត្ត​ជាប់​ព្រំដែន មាន​ខេត្ត​កោះកុង ជាដើម។ អភិវឌ្ឍន៍​វិស័យ​សុខាភិបាល និង​អគ្គិសនី​ឲ្យ​បាន​ច្រើន​នៅ​ថ្ងៃ​អនាគត៖ «ប្រទេស​ថៃ បាន​យល់​ស្រប​ទទួល​ទិញ​នូវ​កសិផល​ប្រជាជន​យើង​នៅ​តាម​ព្រំដែន ជា​ពិសេស​ពោត ដំឡូង​ឈើ តាម​តម្លៃ​ទីផ្សារ ដោយ​អត់​មាន​ការ​រឹតត្បិត។ យើង​បាន​ឯកភាព​គ្នា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​កោះកុង»

យ៉ាងណា​ក៏ដោយ លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក ហាក់​មិន​មាន​ជំនឿ​ថា កម្ពុជា​ទទួល​បាន​ផល​ចំណេញ​គាប់​ប្រសើរ​ពី​ផែនការ​អភិវឌ្ឍន៍​រួម​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ​ទេ ព្រោះ​លោក​កត់​សម្គាល់​ថា រាល់​កិច្ចប្រជុំ ឬ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ផ្សេងៗ​ រវាង​មន្ត្រី​កម្ពុជា-​ថៃ មាន​ដូច​ជា​បញ្ឈប់​សកម្មភាព​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ជាដើម ថៃ​មិន​បាន​គោរព​តាម​ទេ។

បន្ថែម​លើ​នេះ លោក ចាន់ សុវ៉េត បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ទឹក​ដី​កម្ពុជា តាម​ព្រំដែន​ទៅ​ឲ្យ​ប្រទេស​ថៃ នៅ​គ្រា​ព្រំដែន​ប្រទេស​ទាំង​ពីរ មិន​ទាន់​កំណត់​ច្បាស់លាស់​នោះ៖ «តើ​ការ​អភិវឌ្ឍ​ទាំង​ឡាយ​នៅ​តាម​បន្ទាត់​ព្រំដែន​នេះ សម្រាប់​ដើម្បី​ជា​ខែល​ក្នុង​ការ​បំពាន​យក​ទឹក​ដី ឬ​ក៏​ជា​ចំណុច​មួយ​ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង​សង​ខាង អាច​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ ឬ​ក៏​កាត់​បន្ថយ​ភាព​ក្រីក្រ។ អា​ហ្នឹង​វា​ហាក់​បី​ដូច​ជា​នៅ​មាន​មន្ទិល​សង្ស័យ​ច្រើន ពីព្រោះ​កន្លង​ផុត​មក ថៃ​មិន​ទាន់​បាន​ធ្វើ​អី​ជា​សញ្ញាណ​មួយ​ដើម្បី​បញ្ជាក់​ថា ថៃ​មាន​ភាព​ស្មោះត្រង់​ជាមួយ​ប្រទេស​កម្ពុជា នៅ​ឡើយ​ដែរ ហើយ​មួយ​ទៀត​នោះ​បញ្ហា​ការ​អភិវឌ្ឍ​វា​ទាល់តែ​យើង​ប្រទេស​ជិត​ខាង​ហ្នឹង បាន​កំណត់​សម្គាល់​ទៅ​លើ​ព្រំដែន​ច្បាស់លាស់​ហើយ។ ចុះ​បើ​ព្រំដែន​នៅ​មិន​មាន​ភាព​ច្បាស់លាស់ នៅ​មាន​តំបន់​ស តំបន់​មិន​ច្បាស់លាស់ នៅ​មាន​កន្លែង​ខ្លះ​បាត់​បង្គោល​ឡាក់​បង្គោល​អី? អ៊ីចឹង​ធ្វើ​ការ​អភិវឌ្ឍ​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ដដែល​រឿង​ហ្នឹង»

ដូចគ្នា​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​ឯករាជ្យ ក៏​មិន​ទាន់​មាន​ទំនុក​ចិត្ត​ទៅ​លើ​ផែន​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​រួម​គ្នា​រវាង​កម្ពុជា-​ថៃ អាច​នាំ​ឲ្យ​កម្ពុជា ទទួល​បាន​ផល​ចំណេញ​ច្រើន​ទេ។ លោក​បន្ត​ថា កន្លង​មក ការ​​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្សេងៗ​ជាមួយ​ថៃ កម្ពុជា​មិន​បាន​តាម​ដាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ជាមួយ​ថៃ ឲ្យ​បាន​ដិតដល់​ទេ។

អ្នក​ស្រាវ​ជ្រាវ​រូប​នេះ មាន​ការ​ព្រួយ​បារម្ភ​ពី​ជំនួយ​អភិវឌ្ឍន៍​តាម​ព្រំដែន​របស់​ភាគី​ថៃ នាំ​ឲ្យ​កម្ពុជា ខាត​បង់ ពិសេស​​បញ្ហា​​បូរណ​ភាព​ទឹក​ដី​តាម​ព្រំដែន៖ «រឿង​គេ​ជួយ​ហ្នឹង​ជា​ធម្មតា​យើង​អាច​យក​ជំនួយ​ផ្សេងៗ ទៅ​អភិវឌ្ឍ​តាម​ព្រំដែន ហើយ​ជំនួយ​របស់​ប្រទេស​ជិត​ខាង​អាច​យក​មក​ធ្វើ​អភិវឌ្ឍន៍​នៅ​ទីក្រុង​វិញ​ជា​ការ​ប្រសើរ​ជាង ពីព្រោះ​អ្នក​ផ្ដល់​ជំនួយ គឺ​ភាគ​ច្រើន​មាន​ចំណង។ អា​ហ្នឹង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន។ មួយ​ទៀត ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ បើ​សិន​ជា​ការ​អភិវឌ្ឍ​រួម​គ្នា​នៅ​តាម​ព្រំដែន​គួរ​ជៀសវាង ពីព្រោះ​ថៃ យើង​ត្រូវ​មើល​ល្បិចកល​គាត់​ផង ពីព្រោះ​គាត់​ព្យាយាម​អភិវឌ្ឍន៍​តាម​ព្រំដែន​ជា​បន្ត​បន្ទាប់​មក ក្រែង​លោ​យើង​ជាប់​ផុត នៅ​ពេល​ដី​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ គេ​បបួល​អភិវឌ្ឍន៍​រួម​អី​យើង​ជាប់​ផុង​ទៅ​អភិវឌ្ឍ​រួម​ជាមួយ​គេ អា​ហ្នឹង​វា​ជា​កត្តា​ស៊ី​ជម្រៅ​មួយ​ដែល​យើង​ត្រូវ​ទប់ស្កាត់​ដែរ»

​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​អភិវឌ្ឍន៍​តាម​ព្រំដែន​ និង​ការ​ត​ភ្ជាប់​ពាណិជ្ជកម្ម​កម្ពុជា-​ថៃ នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ភាគី​កម្ពុជា ដឹកនាំ​ដោយ​​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​ ​និង​សម​ភាគី​ថៃ ដឹក​នាំ​ដោយ​លោក ស៊ូរ៉ាពង្ស រដ្ឋមន្ត្រី​ការបរទេស​ថៃ។

​លោក​ ហោ ណាំហុង បាន​បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មការ​ចម្រុះ​នេះ ​ជា​គំនិត​ផ្ដួចផ្ដើម​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​​អ្នកស្រី យ៉ីងឡាក់ នាយករដ្ឋមន្ត្រី​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។