ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី៧ ឧសភា បញ្ជាក់ថា លោកគ្រោងនឹងចុះហត្ថលេខាបញ្ជូនជនសង្ស័យចាប់ជំរិតឆ្លងដែនទាំងអស់ទៅកាន់ប្រទេសចិន វិញ។ លោកបន្តថា កម្ពុជាមិនអាចផ្ដន្ទាទោសជនសង្ស័យជនជាតិចិន និងតៃវ៉ាន់ ក្នុងប្រទេសបានទេ ដោយសារថា បើសិនជាពួកគេជាប់ទោសក្នុងប្រទេស នោះរដ្ឋត្រូវចិញ្ចឹមពួកគេនៅក្នុងគុកស្រុកខ្មែរ ម្យ៉ាងទៀត ពន្ធនាគារនៅក្នុងស្រុកក៏ចង្អៀតស្រាប់ទៅហើយ។
លោក ស ខេង៖ «ខ្ញុំគិតថា មិនយូរទេ ព្រោះថា យើងទុកមិនដឹងមានកន្លែងណាទុក ហើយត្រូវចំណាយថវិកាដើម្បីថែទាំទៀត ដូច្នេះវិធានការមួយ គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបណ្ដេញចេញ។ បើយើងត្រូវការផ្ដន្ទាទោសតាមច្បាប់កម្ពុជា នោះយើងត្រូវការសិក្សាស្រាវជ្រាវ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ជនបរទេសយកប្រទេសកម្ពុជា ជាគោលដៅសម្រាប់សំចតប្រព្រឹត្តបទល្មើស ដូចជាចាប់ជំរិតឆ្លងដែន ទីតាំងផលិតគ្រឿងញៀន ជាដើម។
លោកបញ្ជាក់ថា ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ អាជ្ញាធរត្រូវអនុវត្តច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពបំផុត ពិសេសលើជនជាតិចិន និង វៀតណាម៖ «ឧក្រិដ្ឋជននៅស្រុកខ្មែរចេះតែកើនឡើងនោះ គឺដោយសារតែក្រសួង និងអំពើអយុត្តិធម៌ក្នុងសង្គម ហើយជាពិសេសវប្បធម៌គ្មានទោសពៃរ៍ដែលបណ្ដាលមកពីកាត់សេចក្ដីមិនត្រឹមត្រូវ ក៏ដូចជាយន្តការត្រួតពិនិត្យបទឧក្រិដ្ឋមិនមានប្រសិទ្ធភាព។ ក្នុងប្រទេសខ្មែរ ជនអន្តោប្រវេសន៍យួន ចូលស្រុកខ្មែររាប់លាននាក់ដោយខុសច្បាប់ ប៉ុន្តែមិនមានវិធានការអ្វីទាំងអស់ វាគ្រោះថ្នាក់ដល់ប្រទេសយើង យើងមិនប្រកាន់ពូជសាសន៍ទេ»។
ទោះជាយ៉ាងណាក្តី លោក ស ខេង ឆ្លើយបំភ្លឺថា ជនបរទេសជ្រើសយកកម្ពុជា ជាទីតាំងប្រព្រឹត្តបទល្មើស មិនមែនមកពីកម្ពុជា អនុវត្តច្បាប់អន្តោប្រវេសន៍ធូររលុងនោះទេ។ ជនបរទេសទាំងនោះចូលមកកម្ពុជា ដោយប្រើលិខិតឆ្លងដែនទេសចរណ៍ប៉ុណ្ណោះ។
របាយការណ៍ក្រសួងមហាផ្ទៃ ឲ្យដឹងថា រយៈពេល ១ឆ្នាំចុងក្រោយនេះ អាជ្ញាធរកម្ពុជា បានចាប់បញ្ជូនជនជាតិចិន ទៅប្រទេសចិនវិញ ក្នុងករណីជំរិតឆ្លងដែននេះ ជាង ១ពាន់នាក់ទៅហើយ។ ជនជាតិចិន ទាំងនោះ ភាគច្រើនមកកម្ពុជា ដោយប្រើទិដ្ឋាការទេសចរណ៍ និងច្រើនតែរស់នៅជួលផ្ទះប្រមូលម្តុំ នៅរាជធានីភ្នំពេញ។
អាជ្ញាធរប៉ូលិសចារកម្ម កាលពីថ្ងៃទី៤ ខែឧសភា បានឃាត់ជនជាតិតៃវ៉ាន់ចំនួន ៣៣នាក់ នៅខណ្ឌទួលគោក ក្នុងសំណុំរឿងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត។ ហើយកាលពីថ្ងៃទី២៧ មេសា កម្លាំងជំនាញនៃស្នងការដ្ឋានព័ត៌មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានឃាត់ខ្លួនជនជាតិចិន ចំនួន ២៦នាក់ នៅខេត្តកំពង់ចាម ក្នុងករណីលួចប្រព័ន្ធទូរគមនាគមន៍។ អាជ្ញាធរបញ្ជាក់ថា សព្វថ្ងៃនៅមានមុខសញ្ញាប្រព្រឹត្តបទល្មើសនេះមួយចំនួនទៀត ដែលសមត្ថកិច្ចកំពុងតែតាមដាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។