កម្ពុជា-វៀតណាម ព្រមព្រៀងដោះដូរដីគ្នាក្នុងតំបន់មួយចំនួនតាមបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ ការព្រមព្រៀងគ្នានេះ កើតឡើងក្នុងពេលដែលគណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា និងវៀតណាម ជួបប្រជុំគ្នានៅលើទឹកដីវៀតណាម កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា នៅទីក្រុងហូជីមិញ។
កិច្ចព្រមព្រៀងនេះ ជាកំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាម ដែលត្រូវក្រសួងការបរទេសវៀតណាម ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ជាភាសាវៀតណាម តាមគេហទំព័ររបស់ខ្លួន។
ភាគីទាំង២ (កម្ពុជា-វៀតណាម) បានពិភាក្សាអំពីការដោះដូរដីតាមរូបមន្តអនុស្សរណៈយោគយល់គ្នា (MOU) នៅតាមខេត្តមួយចំនួនដែលពាក់ព័ន្ធនឹងប្រទេសទាំង២។ ក្រៅពីនេះ ភាគីទាំងពីរឯកភាពអញ្ជើញអ្នកជំនាញអន្តរជាតិដើម្បីមកជួយក្នុងបញ្ហាបោះបង្គោលព្រំដែន។
ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម លោក វ៉ា គឹមហុង ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី២២ ខែតុលា ថា តំបន់ដែលត្រូវដោះដូរជាមួយភាគីវៀតណាម គឺជាដីភូមិរបស់ពលរដ្ឋខ្មែរមួយចំនួនដែលចូលដីវៀតណាម។ លោកថា ដីដែលត្រូវដោះដូរនោះ ស្ថិតនៅក្នុងខេត្តស្វាយរៀង រតនគិរី មណ្ឌលគិរី ជាដើម។ លោកពន្យល់ថា ដោះដូរដីតាមរូបមន្ត MOU លុះត្រាមានតំបន់ដីនោះនៅក្នុងខេត្តជាប់គ្នា ប៉ុន្តែបើខេត្តនោះរកដីដូរមិនបាន ទើបមានការពិចារណារកកន្លែងផ្សេងនៅតាមតំបន់ជិតៗនោះ។ លោកថា មូលហេតុនៃការដោះដូរនេះថា ព្រោះរដ្ឋាភិបាលមិនចង់ឲ្យពលរដ្ឋបាត់បង់ភូមិម្ករ ដីស្រែចម្ការរបស់ខ្លួនកំពុងរស់នៅ ប៉ុន្តែជាដីដែលឋិតក្នុងដែនដីរបស់វៀតណាម៖ « គេលក្ខខណ្ឌគេដោះដូរក្នុងខេត្តជាមួយគ្នា លុះត្រាខេត្តនោះអស់ដី គេអាចឆ្លងទៅខេត្តជាប់ហ្នឹង ព្រោះដោះដូរមួយទៅមួយមក មួយហិកតារទៅមួយហិកតារមក ក្នុងស្មារតីកុំឲ្យបងប្អូនបាត់ដីស្រែដីចម្ការរបស់គាត់»។

ភាគីទាំងពីរបានចុះហត្ថលេខាលើលទ្ធផលនៃកិច្ចប្រជុំ ដែលភាគីវៀតណាម ដឹកនាំដោយលោក ឡេ ហ្វាយ ជុង (Le Hoai Trung) អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកគណៈកម្មការព្រំដែនជាតិ។ ភាគីកម្ពុជា ប្រធានកិច្ចការព្រំដែន លោក វ៉ា គឹមហុង ក្រៅពីនេះ ក៏មានតំណាងក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៅជាប់ព្រំដែនប្រទេសទាំង២។
កំណត់ហេតុនៃកិច្ចប្រជុំបង្ហាញទៀតថា មកដល់ពេលនេះ ភាគីទាំង២សម្រេចបាន ៨៣ភាគរយ នៃការងារបែងចែកព្រំដែន និងបោះបង្គោលព្រំដែន និងបន្តអនុវត្តសន្ធិសញ្ញាទាំងឡាយបានចុះហត្ថលេខាជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាដែលសេសសល់ និងដើម្បីបញ្ចប់ការងារបោះបង្គោលព្រំដែនគោកឲ្យបានឆាប់ និងអនុវត្តសន្ធិសញ្ញាឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។
ភាគីទាំង២ ឯកភាពអញ្ជើញអ្នកជំនាញអន្តរជាតិ ដើម្បីមកជួយបញ្ហាបោះបង្គោលព្រំដែន។ ភាគីទាំង២ ក៏បានឯកភាពសហការសាងសង់ស្ពានថ្មីនៅតំបន់ដាក់ដាំ (Dac Dang) ជំនួសស្ពានចាស់ ដើម្បីជំរុញការសហការផ្លាស់ប្ដូរវប្បធម៌ សេដ្ឋកិច្ច រវាងមូលដ្ឋានទាំង២។
ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា លោក វ៉ា គឹមហុង បញ្ជាក់បន្ថែមថា ភាគីទាំងពីរពិតជាបានឯកភាពគ្នាដូចអ្វីដែលជាការបង្ហាញរបស់ភាគីវៀតណាម មែន។ ទោះភាគីវៀតណាម បង្ហាញកំណត់ហេតុនេះជាសាធារណៈមែន ប៉ុន្តែលោក វ៉ា គឹមហុង ថា ជាគោលការណ៍ ភាគីកម្ពុជា មិនបង្ហាញរបាយការណ៍នេះជាសាធារណៈទេ។
លោក វ៉ា គឹមហុង ថា ក្រោយលោកបានចុះហត្ថលេខាលើការព្រមព្រៀងនេះហើយ លោកត្រូវបញ្ជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបន្ត។ បើតាមលោក វ៉ា គឹមហុង រឿងនេះ អាចនឹងត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋសភាថែមទៀតផង៖ « ទឹកដីធំណាស់ប្អូន មិនមែនយើងធ្វើត្រឹមកម្រិតនេះទេ។ យើងសម្រេចអ្វីមួយៗសុទ្ធតែនាយករដ្ឋមន្ត្រីសម្រេច ត្រូវមានការប្រុងប្រយ័ត្ន ធ្វើកម្រិតខាងបច្ចេកទេស កម្រិតប្រធានគណៈកម្មការព្រំដែនហើយ ដាក់ជូននាយករដ្ឋមន្ត្រីសម្រេចទៀត ហើយចាំបាច់ដាក់ឆ្លងសភាសម្រេចទៀត»។
ទាក់ទងបញ្ហាព្រំដែននេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បដិសេធធ្វើអត្ថាធិប្បាយ ខណៈដែលលោកមិនទាន់ទទួលបានព័ត៌មាននេះជាផ្លូវការ។ គណៈកម្មការចម្រុះព្រំដែនគោកកម្ពុជា-វៀតណាម បានឯកភាពឲ្យក្រុមការងារពិសេសវៀតណាម-កម្ពុជា ជួបគ្នានៅដើមខែវិច្ឆិកា ដើម្បីកំណត់ច្បាស់លាស់នូវដីពិតប្រាកដរបស់បង្គោលព្រំដែន ដូចជានៅខេត្តដាក់ឡាក់ (Dac Lak) មណ្ឌលគិរី តៃនិញ (Tay Ninh) ស្វាយរៀង។ បន្ទាប់ពីកំណត់បានទីតាំងច្បាស់លាស់ហើយ នឹងប្រគល់ការងារទាំងនេះអោយអាជ្ញាធរព្រំដែនបោះបង្គោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។