រដ្ឋាភិបាល​កម្ពុជា ​និង​ចិន​គ្រោង​បង្កើត​ទូរទស្សន៍​ឌីជីថល​​ទូទាំង​ប្រទេស​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា និង​កុម្មុយនិស្ត​ចិន​បាន​ព្រមព្រៀង​គ្នា ​ថា​នឹង​បង្កើត​ឲ្យ​មាន​ទូរទស្សន៍ ឌីជីថល (Digital) នៅ​កម្ពុជា ដើម្បី​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​រវាង​សង្គម​ស៊ីវិល និង​​សង្គម​ស៊ីវិលនៃ​ប្រទេស​ទាំងពីរ។

គម្រោង​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នឹង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​ពេល​ខាងមុខ​នេះ ស្រប​ពេល​ដែល​លោក ហ៊ុន សែន កំពុង​ព្យាយាម​កម្ចាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ រួមមាន កាសែត អង្គការ​មិនមែន​រដ្ឋាភិបាលឯករាជ្យ​​ចេញ​ពី​កម្ពុជា។

អង្គការ​មិនមែន​រដ្ឋាភិបាល ហាក់​មាន​ការ​ភ្ញាក់ផ្អើលនៅ​ពេល​ដឹង​ថា រដ្ឋាភិបាល​គ្រោង​នឹង​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បែប​ទំនើប​នៅ​កម្ពុជា​ ជាមួយនឹង​ចិន ក្នុង​ពេល​ដែល​រដ្ឋាភិបាល​ព្យាយាម​បិទ​សំឡេង​ប្រឆាំង​ស្ទើរ​ទាំង​អស់​នៅ​កម្ពុជា​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា យល់​ឃើញ​ថា ការ​បិទ​សិទ្ធិ​ភាគី​ម្ខាង​ហើយ​ព្យាយាម​លើក​ភាគី​ម្ខាង​ទៀត គឺ​ជា​ការ​រុញ​ឲ្យ​កម្ពុជា ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ទៅ​វិញ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​ចង់​ឲ្យ​កម្ពុជា ​ទទួល​បាន​ជោគជ័យ​ទាំង​នៅ​ថ្នាក់​តំបន់ និង​លើ​ឆាក​អន្តរជាតិ រដ្ឋាភិបាលត្រូវ​បើក​ចិត្ត​ឲ្យ​បាន​ទូលាយ​ជាង​នេះ​បន្ថែម​ទៀត ហើយ​ត្រូវ​ប្រាកដ​ថា​ភាគី​នីមួយ​ៗ អាច​ទទួល​យក​បាន​ផល​ប្រយោជន៍​ទាំង​សង្ខាង៖ «ការបង្កើនទំនាក់ទំនងរវាងកម្ពុជា និងចិន មិនទាន់ជាអ្វី​ដែលគ្រប់គ្រាន់ទេ។ សំខាន់គឺកម្ពុជា ត្រូវការបើកចំហ​ទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងពិភពលោកទាំងមូល គឺមានទាំងលោកសេរី និងលោកកុម្មុយនិស្ត ដូចជាចិនហ្នឹង»។

ការ​រិះគន់​​នេះ ក្រោយ​ពេល​កាសែត​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ថា លោក ហ៊ុន សែន និង​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​ការិយាល័យ​នយោបាយ​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ លោក លូ យុនសាន (Liu Yunshan) បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​អនុស្សរណៈយោគយល់​គ្នា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ក្នុង​ទី​ក្រុង​ភ្នំពេញ។

ភាគី​ទាំង​ពីរ បាន​ចុះ​កិច្ច​ព្រមព្រៀង និង​ឯកភាព​លើ​គោលការណ៍​ចំនួន ​៦ចំណុច ក្នុង​នោះ​ចំណុច​ទី២ និង​ទី៦ គឺ​ជា​យន្តការ​ដែល​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ជា​ផ្នែក​មួយ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​កម្ពុជា និង​អាច​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ រដ្ឋាភិបាល​កម្ពុជា និង​ចិន សម្រេច​ថា នឹង​បង្កើត​គម្រោង​សាងសង់​បណ្ដាញ​ទូរទស្សន៍​ឌីជីថល (Digital) គ្រប​​ដណ្ដប់​ឲ្យ​បាន​ទូទាំង​ប្រទេស​កម្ពុជា។​ សេចក្ដី​សម្រេច​នេះ ក៏​នឹង​បង្កើន​​​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល​កម្ពុជា និង​ចិន ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ថែម​ទៀត​ផង។

អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា។ ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​នេះ ត្រូវ​រង​ការ​រិះគន់​ថា លោក ហ៊ុន សែន កំពុង​បំផ្លាញ​ប្រជាធិបតេយ្យ​ដែល​បាន​ចាក់គ្រឹះ​រួច​មក​ហើយ និង​នាំ​ប្រទេស​កម្ពុជា ​ទៅ​រក​របប​ផ្ដាច់ការ​តាម​បែប​កុម្មុយនិស្ត។

គម្រោង​បង្កើត​ទូរទស្សន៍ និង​ជំរុញ​ឲ្យ​មាន​សម្ពន្ធភាព​រវាង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ពុំ​ធ្លាប់​មាន​ជា​មួយ​និង​ចិន​នេះ កើត​មាន​ឡើង​ស្រប​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្យាយាម​កម្ចាត់ ​វិទ្យុ កាសែត និង​អង្គការ​បរទេស​មួយ​ចំនួន​ចេញ​ពី​កម្ពុជា នៅ​មុន​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត ដ៏​សំខាន់​ខាង​មុខ​នេះ។

ជុំវិញ​រឿង​នេះ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​កាល​ពី​ថ្ងៃ​ទី​៣ សីហា ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០ សីហា ស្ដីពី​ការ​តែងតាំង​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល។ អង្គការ​សង្គម​ស៊ីវិល ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​នេះ ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា នេះ​ជា​ការ​ព្យាយាម​ដាក់​ជំនួស អង្គការ-សមាគម​ដែល​មាន​ស្រាប់ ហើយ​តែង​ការពារ​ផលប្រយោជន៍​ពលរដ្ឋ។

ក្នុង​ពេល​លោក ហ៊ុន សែន ព្យាយាម​បំបិទ​សំឡេង​ប្រឆាំង នៅ​មុន​ការ​បោះឆ្នោត​មក​ដល់​នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ប្រកាស​គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ហើយ​ចាត់​ទុក​ថា​ជា​រឿង​ត្រឹមត្រូវ។ មិន​តែ​ប៉ុណ្ណោះ ប្រទេសកុម្មុយនិស្ត​ចិន​នេះ បញ្ជាក់​ជំហរ​ថា ​នឹង​នៅ​ពី​ក្រោយ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន គ្រប់​ពេល និង​មិន​បោះបង់​ចោល​ឡើយ។

បើ​ទោះ​ជា​បែប​ណា លោក សន ជ័យ យល់​ឃើញ​ថា ការ​ប្រកាស​ជំហ​បែប​នេះ របស់​ចិន​ គឺ​ជា​រឿង​មិន​ល្អ​ទៅ​វិញ​ទេ​សម្រាប់​កម្ពុជា។ លោក​បន្ត​ថា ប្រសិន​បើ​ចង់​ឲ្យ​កម្ពុជា មាន​ភាព​ជឿនលឿន ត្រូវ​ទុក​ឲ្យ​កម្ពុជា ​ធ្វើ​សេចក្តី​សម្រេ​ច​ចិត្ត​មួយ​លើ​គោលការណ៍​តម្លាភាព​ក្នុង​ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ៖ « ឆ្លៀតឱកាសដែលកម្ពុជា មានទំនាក់ទំនងពុំសូវល្អជាមួយអាមេរិកនេះ មិនគួរណាប្រើភាសា ឬប្រើឱកាសនេះ ទៅជាការកេងចំណេញណាមួយ​សម្រាប់ឥទ្ធិពលកុម្មុយនិស្តសម្រាប់កម្ពុជាទេ ជាពិសេសឥទ្ធិពលរបស់ចិន នៅកម្ពុជា។ ដូច្នេះ បើអ្នកស្រលាញ់កម្ពុជា ពិតប្រាកដ អ្នកគួរតែមើលកម្ពុជា ឲ្យទូលាយ ផ្តល់ឱកាសឲ្យ​កម្ពុជា ស្គាល់ទាំងលោកសេរី និងលោកកុម្មុយនិស្ត»

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ធ្លាប់​បញ្ជាក់​ថា ការ​បង្កើត​ឲ្យ​មាន​ស្ថាប័ន​មួយ​តង់​ទៀត ដោយ​រដ្ឋាភិបាល​ដែល​មាន​ឈ្មោះ​ថា សង្គម​ស៊ីវិល​ដែរ​នេះ វា​ហាក់​ដូចជា​ចម្លែក​បន្តិច។ លោកបន្តថា សព្វថ្ងៃ​នេះ​មាន​អង្គការ-សមាគម​មិនមែន​រដ្ឋាភិបាល​ជាង ៤ពាន់​ស្ថាប័ន​រួច​ទៅ​ហើយ ក្នុង​ចំណោម​នោះ អង្គការ-សមាគម​មួយ​ចំនួន បាន​បំពេញ​កិច្ច​របស់​ខ្លួន​តាម​លក្ខន្តិកៈ និង​​នីតិវិធី ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​អង្គការ​មិនមែន​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។