កម្ពុជា និងវៀតណាម ទើបបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៤ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ភាគីកម្ពុជា ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ចំណែកភាគីវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក ផាម ប៊ិញមិញ (Pham Binh Minh)។
កិច្ចប្រជុំដែលមានរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែតុលា នាទីក្រុងហូជីមិញ (Ho Chi Minh) ប្រទេសវៀតណាម ភាគីទាំងពីរបានព្រមព្រៀងគ្នាលើបញ្ហាមួយចំនួន រួមបញ្ចូលទាំងបញ្ហាបោះបង្គោលខណ្ឌសីមាព្រំដែនផង។
កម្ពុជា និងវៀតណាម បានព្រមព្រៀងថា នឹងប្ដេជ្ញាបញ្ចប់បោះបង្គោលខណ្ឌសីមាព្រំដែនឲ្យបានឆាប់តាមតែអាចធ្វើបាន ដើម្បីបង្កើតព្រំដែនសន្តិភាពរវាងប្រទេសទាំងពីរ។
បណ្ដាញសារព័ត៌មានវៀតណាម (Vietnam News) ផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំនៅថ្ងៃទី២០ ខែតុលា ថា ការបញ្ចប់បោះបង្គោលព្រំដែនដើម្បីបង្កើតព្រំដែនសន្តិភាព ធានាស្ថិរភាព និងកិច្ចសហការសម្រាប់អភិវឌ្ឍជាតិទាំងពីរ។
លទ្ធផលនៃកិច្ចប្រជុំ ក៏បានបង្ហាញថា ភាគីកម្ពុជា និងវៀតណាម ប្ដេជ្ញារឹតចំណងមិត្តភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ ឆ្លើយតបនឹងក្ដីប្រាថ្នា និងឧត្ដមគតិរដ្ឋាភិបាល និងពលរដ្ឋនៃប្រទេសទាំងពីរ។
ទាក់ទិនការព្រមព្រៀងបោះបង្គោលព្រំដែននេះ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា គណបក្សលោកស្វាគមន៍ចំពោះការបោះបង្គោលព្រំដែន ប៉ុន្តែទាមទារឲ្យដំណើរការនោះមានតម្លាភាព។ បើទោះជាយ៉ាងណា គណបក្សនេះនៅមិនទាន់ប្រកាសជំហរចំពោះបញ្ហាព្រំដែននោះនៅឡើយ ដោយបន្តឃ្លាំមើលតទៅទៀត៖ «យើងឃ្លាំមើលតាមដានហេតុការណ៍នេះ ហើយជាគោលជំហរដូចឯកឧត្តម សម រង្ស៊ី ធ្លាប់មានប្រសាសន៍ គឺយើងចង់ឲ្យមានតម្លាភាព និងឲ្យមានការចូលរួមពាក់ព័ន្ធបញ្ហាព្រំដែន។ ឯកឧត្តម សម រង្ស៊ី ក៏ដូចប្រមុខរដ្ឋាភិបាល ធ្លាប់លើកឡើងថា បញ្ហាព្រំដែនជាបញ្ហារបស់យើងទាំងអស់គ្នា។ យើងស្វាគមន៍ចំពោះការបោះបង្គោលព្រំដែន ប៉ុន្តែគួរឲ្យយើងមានការឯកភាពគ្នាច្បាស់លាស់ពិតប្រាកដ ពេលនោះវានឹងមានដំណើរការស្រួល»។

តំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ធ្លាប់បានដាក់លិខិតតាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន ដោយស្នើឲ្យរដ្ឋាភិបាល ផ្អាកដំណើរការបោះបង្គោលខណ្ឌសីមាព្រំដែនជាមួយវៀតណាម រហូតដល់ឆ្នាំ២០១៨ ពោលគឺរង់ចាំឲ្យមានការឯកភាពគ្នាផ្ទៃក្នុងជាមុនសិន ប៉ុន្តែលិខិតនោះ ត្រូវប្រធានរដ្ឋសភា បដិសេធមិនបញ្ជូនទៅរដ្ឋាភិបាលឡើយ។
កន្លងទៅ មានបញ្ហាចម្រូងចម្រាសគ្នានៅឡើយក្នុងបញ្ហានៃការប្រើប្រាស់ផែនទី ដែលមន្ត្រីបក្សប្រឆាំងធ្លាប់ចោទថា រដ្ឋាភិបាលប្រើប្រាស់ផែនទីមិនត្រឹមត្រូវ។ ជាការឆ្លើយតបរដ្ឋាភិបាល បានរៀបចំឲ្យមានការផ្ទៀងផ្ទាត់ផែនទី និងបង្កើតក្រុមស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត សុខ ទូច មានភារៈស្រាវជ្រាវ ផ្ទៀងផ្ទាត់ផែនទី និងបង្គោលព្រំដែន។ ការសន្និដ្ឋានភ្លាមៗនៅក្រោយការផ្ទៀងផ្ទាត់ផែនទី ក្រុមនេះអះអាងថា ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ គឺត្រឹមត្រូវ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទង លោកបណ្ឌិត សុខ ទូច ដើម្បីសាកសួរព័ត៌មានពីការស្រាវជ្រាវរបស់ក្រុមលោកបាននៅឡើយទេ នៅថ្ងៃទី២០ ខែតុលា។ តែលោកបណ្ឌិត សុខ ទូច ធ្លាប់បានឲ្យដឹងថ្មីៗនេះថា ក្រុមស្រាវជ្រាវលោកបានរកឃើញបង្គោលព្រំដែនដែលបោះនៅសម័យអាណានិគមបារាំង មួយចំនួន ហើយក្រុមលោក នឹងបង្ហាញឯកសារស្រាវជ្រាវនេះជាសាធារណៈ ដើម្បីបញ្ចប់មន្ទិលសង្ស័យពីប្រជាពលរដ្ឋ និងបក្សប្រឆាំង។
កាលពីខែកក្កដា លោក ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើការងារបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជាង ៣០ឆ្នាំមកនេះបានជាង ៨០% ហើយ ប៉ុន្តែលោកអះអាងថា កម្ពុជា អាចសើរើពីការបោះបង្គោលព្រំដែនដែលបោះរួចហើយនោះបាន ប្រសិនបើគេរកឃើញថា ការបោះនោះមិនត្រឹមត្រូវ ឬលម្អៀងខុសពីបន្ទាត់ព្រំដែន ដែលបង្ហាញនៅក្នុងផែនទីដើម។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៤ បានព្រមព្រៀងរិះរកវិធានការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកអប់រំ បណ្ដុះបណ្ដាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរ ក៏សន្យានឹងប្រឹងប្រែងឲ្យអស់សមត្ថភាព កសាងមូលដ្ឋានទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសមធ្យោបាយដឹកជញ្ជូន ទូរគមនាគមន៍ ហិរញ្ញវត្ថុ និងទេសចរណ៍។ ស្របគ្នានេះ ភាគីវៀតណាម បានសរសើររដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហការការពារសិទ្ធិសេរីភាពជនជាតិវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា ទៅតាមច្បាប់កម្ពុជា និងក្នុងនាមជាមិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។