រដ្ឋាភិបាល​ចោទ​មន្ត្រី​បក្ស​ប្រឆាំង​ថា​ញុះញង់​បញ្ហា​ព្រំដែន​ខ្មែរ-វៀតណាម

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​ពុធ បាន​ចោទ​ប្រកាន់​សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ថា​កំពុង​ញុះញង់ បង្ក​បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម ឲ្យ​កើត​មាន​ឡើង​វិញ។

0:00 / 0:00

0:00 / 0:00

ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក គង់ គាំ បាន​ទៅ​ពិនិត្យ​ព្រំដែន​នៅ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម រារាំង​លោក​មិន​ឲ្យ​ទៅ​ពិនិត្យ​តំបន់​ដែល​ពលរដ្ឋ​ខ្មែរ​ចោទ​ថា ប្រទេស​វៀតណាម បាន​យក​ទឹកដី​ខ្មែរ ធ្វើ​ជា​ទឹកដី​របស់​វៀតណាម នោះ។ លោក គង់ គាំ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​រស់នៅ​ច្រក​ព្រំដែន​ក្រសាំងជ្រំ ស្នើសុំ​ឲ្យ​លោក​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ដែល​ពលរដ្ឋ​អះអាង​ថា កម្ពុជា បាត់​បង់​ទឹក​ដី​ប្រហែល​មួយ​គីឡូម៉ែត្រ។

លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ចុះ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ដែល​ពលរដ្ឋ​ចោទ​ថា កំពុង​មាន​បញ្ហា​នោះ ប្រសិន​បើ​លោក គង់ គាំ ដាក់​ពាក្យ​បណ្ដឹង។ ទោះ​បី​ជា​យ៉ាង​ក៏ដោយ លោក ផៃ ស៊ីផាន បាន​រិះគន់​ថា សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី មិន​ត្រូវ​ព្យាយាម​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ផ្ទាល់​ខ្លួន​ឡើយ។ លោក​ថា បញ្ហា​ព្រំដែន​ជា​បញ្ហា​អន្តរជាតិ ត្រូវ​ដោះស្រាយ​ដោយ​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក គង់ គាំ បញ្ជាក់​ថា លោក​គ្មាន​ជំនឿ​ថា​រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ​ជាប់​នឹង​ប្រទេស​វៀតណាម បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។