ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេស លោក ហោ ណាំហុង នាព្រឹកថ្ងៃទី២១ ខែសីហា នៅរាជធានីភ្នំពេញ។
នៅក្នុងសន្និសីទកាសែតដែលហាមមិនឲ្យអ្នកកាសែតសួរមួយសំណួរសោះនោះ ប្រមុខការទូតចិន ថ្លែងថា ចិន គាំទ្រលទ្ធផលបោះឆ្នោតនៅកម្ពុជា និងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាំឲ្យចំណងមិត្តភាពចិន-កម្ពុជា កាន់តែរឹងមាំ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មានប្រសាសន៍ថា ប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ហើយទំនាក់ទំនងដ៏ជិតស្និទ្ធនេះ បន្តមកតាំងពីសម័យបុរាណ ពិសេសសម័យអតីតព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ។ លោកបន្តថា ដំណើរទស្សនកិច្ចនៅពេលនេះ ជាការពង្រឹងវិស័យការទូតរបស់ចិន នៅតំបន់អាស៊ាន និងកម្ពុជា។ លោកបញ្ជាក់ថា ចិន នឹងនៅតែគាំទ្រកម្ពុជា លើវិស័យសេដ្ឋកិច្ច និងសន្តិភាព។
ប្រមុខការទូតចិន លោក វ៉ាង យី ចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកាលពីដើមឆ្នាំ២០១៣។ លោកក៏បានស្វែងរកការគាំទ្រផ្នែកការទូតនៅតំបន់អាស៊ាន លើកចុងក្រោយនៅប្រទេសថៃ។ នៅក្នុងជំនួបរវាងលោក វ៉ាង យី និងប្រមុខដឹកនាំកម្ពុជា លោក ហ៊ុន សែន គេមិនបានដឹងថា ភាគីទាំងពីរជជែកគ្នាស៊ីជម្រៅលើបញ្ហាណាមួយនោះទេ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ប្រាក់ សុខុន បញ្ជាក់ថា ក្នុងជំនួបរវាង លោក ហ៊ុន សែន និងភាគីចិន គឺបានផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ពីស្ថានការណ៍នយោបាយនៃប្រទេសទាំងពីរ។ លោកបន្តថា រដ្ឋមន្ត្រីការបរទេសចិន គាំទ្រការដោះស្រាយបញ្ហានយោបាយរបស់កម្ពុជា ក្រោយការបោះឆ្នោតដោយសន្តិវិធី។
ចំណែកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង មិនបានថ្លែងអ្វីក្រៅពីពិធីការការទូត ដូចជាខ្លឹមសារនៃការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងប្រាប់ថា ចិន គាំទ្រកម្ពុជា គ្រប់វិស័យ។ លោក ហោ ណាំហុង ក៏មិនអនុញ្ញាតឲ្យអ្នកកាសែតសួរដេញដោលស៊ីជម្រៅជុំវិញជំនួបរវាងភាគីទាំងពីរនោះទេ។
ទាក់ទងនឹងបញ្ហានេះ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក សុន ឆ័យ មានប្រសាសន៍ថា ការប្រកាសគាំទ្រលទ្ធផលបោះឆ្នោតរបស់ភាគីចិន ជាការមើលរំលងនូវភាពមិនប្រក្រតីជាច្រើន ជុំវិញដំណើរការបោះឆ្នោតនៅកម្ពុជា។ លោកបន្តថា ចិន ជាប្រទេសកុម្មុយនីស្ត មិនដែលមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើយ ដូចនេះជំហររបស់ចិន គឺធ្វើឡើងដើម្បីចំណេញផលប្រយោជន៍ការទូត សេដ្ឋកិច្ច និងនយោបាយប៉ុណ្ណោះ មិនសំដៅបម្រើឆន្ទៈរាស្ត្រខ្មែរទេ។
ទោះយ៉ាងណាក្តី អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ដំណើរមកដល់របស់ភាគីចិន នេះ គឺធ្វើឡើងដើម្បីផលប្រយោជន៍នយោបាយក្នុងតំបន់។ លោកបន្តថា ប្រទេសចិន បានព្យាយាមយកចិត្តកម្ពុជា ឲ្យបញ្ចុះបញ្ចូលប្រទេសក្នុងតំបន់អាស៊ាន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង និងទាញយកផលចំណេញផ្នែកសេដ្ឋកិច្ច។ លោកបញ្ជាក់ថា កម្ពុជា ត្រូវពង្រឹងខ្លួនឲ្យនឹង មិនត្រូវងាកទៅចិន ផ្តាច់មុខ ឬងាកទៅរកប្រទេសលោកសេរី ដោយចោលចិន នោះទេ។
ប្រទេសចិន បានជាប់ជាប្រទេសដែលផ្តល់ប្រាក់កម្ចីច្រើនជាងគេមកឲ្យភាគីកម្ពុជា ក្នុងចំណោមប្រាក់ដែលកម្ពុជា ជំពាក់បរទេសជាង ៧ពាន់លានដុល្លារ។ ចិន ទើបតែបានផ្តល់កាំភ្លើងខ្លី ១ពាន់ដើម និងគ្រាប់ ៥ម៉ឺនគ្រាប់ ឲ្យនគរបាលកម្ពុជា កាលពីដើមខែសីហា ហើយជំនួយនេះរងការរិះគន់យ៉ាងខ្លាំងពីសង្គមស៊ីវិល និងពលរដ្ឋមួយចំនួន។ ភាគីសង្គមស៊ីវិល ថែមទាំងបានផ្ញើលិខិតចំហទៅអង្គការសហប្រជាជាតិ រិះគន់ជំនួយចិន ថែមទៀតផង។
ទំនាក់ទំនងរវាងកម្ពុជា-ចិន នេះ បានបណ្ដាលឲ្យកម្ពុជា បាក់មុខមិនតិចទេ ក្នុងវិស័យការទូតកាលពីឆ្នាំ២០១២ ពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន។ កម្ពុជា រងការចោទពីប្រទេសអាស៊ាន ថា លម្អៀងទៅភាគីចិន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។ កម្ពុជា ក៏បានបរាជ័យក្នុងការជំរុញឲ្យមានសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីចប់កិច្ចប្រជុំថែមទៀត។
ប្រទេសចិន ជាប្រទេសមហាអំណាចតែមួយគត់ដែលបានផ្តល់ជំនួយដល់ប្រទេសកម្ពុជា កាលពីសម័យ ប៉ុល ពត។ ចិន ក៏ធ្លាប់បានផ្តល់ជំនួយចំនួន ១៩មុខ ឲ្យរាជរដ្ឋាភិបាលចាំផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០០៣ ពេលដែលប្រទេសដទៃទៀតរង់ចាំរដ្ឋាភិបាលថ្មីបង្កើតឡើង។ ចិន មានទំនាក់ទំនងមិនសូវល្អប៉ុន្មានទេជាមួយប្រទេសក្នុងតំបន់អាស៊ាន។ ចិន ឈ្លោះជាមួយវៀតណាម និងហ្វីលីពីន ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។ ចិន ក៏ខ្សោយឥទ្ធិពលនៅភូមា បន្ទាប់ពីរដ្ឋាភិបាលផ្តាច់ការភូមា ធ្វើកំណែទម្រង់នយោបាយ ដោយលុបចោលគម្រោងជំនួយអភិវឌ្ឍន៍ពីចិន ចំនួនជាង ៤ពាន់លាន កាលពីឆ្នាំ២០១១។ ប្រទេសដទៃទៀត ដូចជាថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី សុទ្ធតែមានទំនោរទៅរកសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ ប្រទេសឡាវ ដែលជាអ្នកជិតខាងចិន ក៏ស្ថិតក្រោមឥទ្ធិពលវៀតណាម ទៀត។
ក្នុងជំនួបជាមួយកម្ពុជា លើកនេះ គេមិនទាន់ដឹងថា ភាគីចិន ផ្តល់ប្រាក់កម្ចី និងជំនួយមកឲ្យកម្ពុជា ប៉ុន្មានទៀតទេ នៅពេលដែលប្រទេសលោកខាងលិចកំពុងជំរុញឲ្យកម្ពុជា ដោះស្រាយពីភាពមិនប្រក្រតី ជុំវិញការបោះឆ្នោតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។