អង្គការសង្គមស៊ីវិលយល់ឃើញថា បរិយាកាសបំភិតបំភ័យ និងការរំលោភសិទ្ធិនៅដំណាក់កាលមុនការបោះឆ្នោតជាតិនេះ បណ្ដាលឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងទីលានប្រកួតប្រជែងដោយស្មើគ្នាសម្រាប់ការបោះឆ្នោតខែកក្កដា ខាងមុខ។
មន្ត្រីអង្គការសង្គមស៊ីវិល ព្រមានថា ការបង្កើតបរិយាកាសយាយីរំខានធ្វើអោយអាប់អួស្ថានភាពនយោបាយ បំភិតបំភ័យមុនការឃោសនាបោះឆ្នោត និងបោះឆ្នោត នឹងបណ្ដាលឲ្យប៉ះពាល់ដល់ការសម្ដែងឆន្ទៈប្រជាពលរដ្ឋដោយសេរី នៅថ្ងៃបោះឆ្នោត។
នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា សម្ដែងក្តីបារម្ភថា គណបក្សកាន់អំណាច និងអាជ្ញាធរកំពុងបង្កើតបរិយាកាសគំរាមកំហែង និងបំភិតបំភ័យប្រឆាំងនឹងអ្នកនយោបាយគណបក្សប្រឆាំង។ លោកបន្តថា បរិយាកាសនេះនឹងអាចប្រែក្លាយជាអំពើហិង្សានយោបាយ៖ «យើងព្រួយបារម្ភដោយសារតែយើងមើលពីបរិយាកាសដំណើរការពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន ឃើញមានបរិយាកាសបង្កើតឲ្យមានការភិតភ័យ និងគំរាមកំហែងដល់គណបក្សនយោបាយ ជាពិសេសខាងគណបក្សប្រឆាំង»។
សេចក្តីថ្លែងការណ៍អង្គការឃ្លាំមើលដំណើរការបោះឆ្នោត ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញថា បរិយាកាសបំភិតបំភ័យ និងការរំលោភសិទ្ធិបំពានទៅលើអ្នកនយោបាយ និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង កំពុងកើតឡើងយ៉ាងគំហុកក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៣ នេះ ជាពិសេសកាលពីខែឧសភា កន្លងផុតទៅនេះ។
របាយការណ៍អង្គការសង្គមស៊ីវិល រួមមានអង្គការខុមហ្រ្វែល (Comfrel) គណៈកម្មាធិការប្រព្រឹត្តិកម្ម និងអង្គការមួយចំនួនទៀត ផ្សាយថា ចាប់ពីខែមករា ឆ្នាំ២០១៣ មក បើទោះបីគ្មានអំពើហិង្សានយោបាយដល់របួស និងស្លាប់ធ្ងន់ធ្ងរ ប៉ុន្តែមានករណីគំរាមកំហែង បំភិតបំភ័យ និងការរំខានយាយីផ្នែកនយោបាយបានកើតឡើងជាបន្តបន្ទាប់ តាំងពីមូលដ្ឋាន មកកម្រិតថ្នាក់ជាតិ។ របាយការណ៍បង្ហាញថា អាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំមួយចំនួន បានគំរាមលើប្រជាពលរដ្ឋណាដែលមិនមាននិន្នាការគាំទ្រគណបក្សកាន់អំណាច និងហាមឃាត់ពលរដ្ឋមិនឲ្យចូលរួមស្តាប់កិច្ចប្រជុំនានារបស់គណបក្សមិនកាន់អំណាច និងការបំផ្លាញស្លាកសញ្ញាគណបក្សជាដើម។ ម្យ៉ាងវិញទៀត ការដកតួនាទីតំណាងរាស្ត្រគណបក្សប្រឆាំង ២៩រូបពីរដ្ឋសភា និងការញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានបណ្ដាលឲ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អង្គការសង្គមស៊ីវិល យល់ឃើញថា បរិយាកាសបំភិតបំភ័យ និងការរំលោភសិទ្ធិនៅដំណាក់កាលមុនការបោះឆ្នោតជាតិនេះ បណ្ដាលឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ និងទីលានប្រកួតប្រជែងដោយស្មើគ្នា សម្រាប់ការបោះឆ្នោតខែកក្កដា ខាងមុខ។
លោក គល់ បញ្ញា បន្តថា ប្រព័ន្ធផ្សាយសំខាន់ៗនៅកម្ពុជា ក៏បានផ្សព្វផ្សាយលំអៀងទៅរកគណបក្សកាន់អំណាចច្រើនជាងគណបក្សប្រឆាំង។
របាយការណ៍រកឃើញថា ទូរទស្សន៍ស៊ីធីអិន (CTN) ទូរទស្សន៍ជាតិកម្ពុជា (TVK) បាយ័ន បានបញ្ចេញឈ្មោះ និងមតិលោកអនុប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន រហូតដល់ជាង ៤ពាន់ដង ចំណែកលោក សម រង្ស៊ី ត្រូវបានវិទ្យុសំបុកឃ្មុំ១០៥ ផ្សាយបាន ១.២០០ដង។
ក្រៅពីការបំភិតបំភ័យផ្នែកនយោបាយ អង្គការនេះក៏បានរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមិនទាន់ដោះស្រាយបញ្ហាពលរដ្ឋជាងប្រមាណ ១លាននាក់ ដែលបានខុស ឬបាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត។ អង្គការនេះអះអាងថា ប្រសិនបើគ្មានដំណោះស្រាយទេនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងបាត់បង់ការជឿទុកចិត្តក្នុងការរៀបចំការបោះឆ្នោត។
លោក ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានស្នើសុំឲ្យជនរងគ្រោះនៃរបបខ្មែរក្រហម ផ្អាកធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា ដើម្បីរក្សាស្ថិរភាពនយោបាយនៅមុនការបោះឆ្នោត។ មន្ត្រីក្រសួងមហាផ្ទៃ នៅមិនទាន់បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍អង្គការសង្គមស៊ីវិលនៅឡើយទេ កាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីថ្លែងការណ៍បន្តថា ដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ រដ្ឋាភិបាលត្រូវឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធរក្សាតួនាទីអព្យាក្រឹត្យ ធានាការបញ្ចេញមតិដោយគ្មានការភ័យខ្លាច ក្នុងដំណើរការនៃការបោះឆ្នោត។ ចំណែករដ្ឋសភា និងគណបក្សប្រជាជនកម្ពុជា ត្រូវផ្តល់តួនាទីឲ្យតំណាងរាស្ត្រគណបក្សប្រឆាំងវិញ ដើម្បីស្ដារស្ថានភាពដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។