ស្ថាប័នរដ្ឋសភាជាស្ថាប័ននីតិប្បញ្ញត្តិដ៏សំខាន់មួយរបស់ជាតិ ក្នុងការតាក់តែងច្បាប់ និងឃ្លាំមើលការអនុវត្តច្បាប់។ ក្រុមអ្នកច្បាប់ និងអង្គការសង្គមស៊ីវិល បានលើកឡើងថា ស្ថាប័នកំពូលមួយនេះត្រូវតែធ្វើកំណែទម្រង់ និងដាក់ឲ្យនៅឯករាជ្យ មិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ។
ស្ថាប័នរដ្ឋសភាត្រូវបានសាធារណជនជាទូទៅបានទទួលស្គាល់ថា ស្ថាប័ននីតិប្បញ្ញត្តិមួយនេះស្ថិតនៅក្រោមឥទ្ធិពលគណបក្សនយោបាយ ដែលតំណាងរាស្ត្រទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណបក្ស។
ជារឿយៗ ស្ថាប័ននីតិប្បញ្ញត្តិបានអនុម័តច្បាប់មួយចំនួនទទួលរងនូវការរិះគន់ពីមហាជន ជាពិសេសនៅក្នុងនីតិកាលទី៥នេះ ដែលសមាជិកសភាមកពីគណបក្សតែមួយ បានអនុម័តសេចក្ដីព្រាងច្បាប់មួយចំនួន មិនបានជជែកវែកញែកឲ្យបានផុសផុលនោះឡើយ។
កត្តាទាំងនេះ ត្រូវបានអ្នកច្បាប់ និងអ្នកឃ្លាំមើលពីស្ថានការណ៍នយោបាយ បានពន្យល់ថា តំណាងរាស្ត្រកន្លងមកស្ថិតនៅក្រោមការគាបសង្កត់ពីមេបក្សរបស់ខ្លួន ការអនុម័តច្បាប់មិនបានឆ្លុះបញ្ចាំងពីឆន្ទៈ និងបម្រើផលប្រយោជន៍ជាតិពិតប្រាកដនោះឡើយ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ស្ថាប័ននីតិប្បញ្ញត្តិនេះត្រូវធ្វើកំណែទម្រង់ជាច្រើន ដើម្បីឲ្យស្ថាប័នមួយនេះក្លាយជាស្ថាប័នជាតិ និងការអនុវត្តការងារដើម្បីបម្រើផលប្រជាជាតិ និងមិនស្ថិតនៅក្រោមចំណុះគណបក្សនយោបាយ។
ក្រៅពីនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបន្ថែមថា ចំពោះប្រធានសភាត្រូវប្រគល់ជូនគណបក្សប្រឆាំងឲ្យធ្វើប្រធានសភា ក៏ប៉ុន្តែតួនាទីជាប្រធានសភា ក៏មិនត្រូវផ្ដល់ជូនប្រធានគណបក្សដែរ គឺជ្រើសមនុស្សនៅក្នុងគណបក្សប្រឆាំងដែលមានសមត្ថភាព។ លោកបានលើកឧទាហរណ៍ដូចជា នៅប្រទេសកាណាដា នូវែលហ្សេឡង់ និងប្រទេសផ្សេងៗមួយចំនួនទៀត៖ «គេអត់ដាក់ប្រធានបក្សទេ ព្រោះកាលណាដាក់ប្រធានបក្សជាប្រធានរដ្ឋសភា អាចទៅគ្របដណ្ដប់សមាជិករបស់ខ្លួនក្នុងសភា អ៊ីចឹងវាលែងជាតំណាងរាស្ត្រ វាទៅជាតំណាងបក្សវិញ មិនឲ្យអ៊ីចឹងទេ ម៉េចបានគេឲ្យមានការគាំទ្រពីបក្សឯទៀតៗ ដូចឯកឧត្តម សុន ឆ័យ មានប្រសាសន៍អ៊ីចឹង សភា គឺតំណាងប្រជារាស្ត្រទាំងមូល»។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ស្ថាប័នសភាត្រូវតែមានតុល្យភាពអំណាច និងត្រូវបង្កើតគណៈកម្មការចម្រុះ ឬក្រុមប្រឹក្សាមួយស្ដីពីកំណែដែលមានសមាសភាពមកពីសមាជិកសភាគណបក្សប្រជាជនកម្ពុជា ៩រូប និងគណបក្សសង្គ្រោះជាតិ ៩រូប ដើម្បីដឹកនាំ និងត្រួតពិនិត្យមើលការអនុវត្តកំណែទម្រង់មានប្រធានផ្លាស់វេនមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៖ «យើងថារដ្ឋសភាឯករាជ្យធ្វើការបម្រើប្រជាពលរដ្ឋ ជាការពិត សភាជាស្ថាប័ននយោបាយដែលចេញពីគណបក្សចម្រុះ ព្រោះប្រព័ន្ធបោះឆ្នោតយើងជាប្រព័ន្ធសមាមាត្រ បើថារឿងមិនពិតអាចនិយាយថា បម្រើផលប្រយោជន៍សាធារណៈ អាហ្នឹងអាចថា គាត់មានសមត្ថភាព»។
ការលើកឡើងដូច្នេះនៅក្នុងកិច្ចពិភាក្សា និងការផ្ដល់អនុសាសន៍ស្ដីពីកំណែទម្រង់រដ្ឋសភា ដែលរៀបចំឡើងដូចអង្គការខុមហ្វ្រែល កាលពីថ្ងៃទី៣១ មីនា កន្លងទៅ។
នៅក្នុងកិច្ចពិភាក្សានេះ អង្គការខុមហ្វ្រែល បានបញ្ចេញរបាយការណ៍ឃ្លាំមើលសភា និងតំណាងរាស្ត្រ បេក្ខជនជាប់ឆ្នោតក្នុងរបាយការណ៍ឃ្លាំមើលឆមាសទី១ រយៈពេល ៦ខែ គិតពីខែកញ្ញា ឆ្នាំ២០១៣ នោះ ខុមហ្វ្រែល រកឃើញថា ការពិភាក្សា និងអនុម័តច្បាប់របស់សភាកន្លងមក តំណាងរាស្ត្រដែលមកពីគណបក្សប្រជាជនកម្ពុជា តែមួយនោះ ស្ទើរតែមិនបានជជែកវែកញែកឲ្យបានផុសផុលនោះឡើយ។
ខុមហ្រ្វែល វាយតម្លៃថា ដំណើរការរដ្ឋសភានីតិកាលទី៥នេះ ដែលជាសភាឯកបក្ស មិនអាចបំពេញតួនាទីរបស់ខ្លួនបានល្អទេ រាប់ទាំងការប្រជុំសភា ការបញ្ចេញមតិរបស់តំណាងរាស្ត្រ ការតែងតាំងថ្នាក់ដឹកនាំសភា និងរដ្ឋាភិបាល ដំណើរការមិនប្រក្រតីនៃការិយាល័យតំណាងរាស្ត្រមិនមានគ្រប់ខេត្ត។ល។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ចោទប្រកាន់ថា ក្រុមអង្គការសង្គមស៊ីវិលទាំងនេះជាក្រុមគាំទ្រគណបក្សប្រឆាំង ហើយថារបាយការណ៍នេះមានលក្ខណៈនយោបាយ។ លោក ឈាង វុន បានបញ្ជាក់ថា ស្ថាប័នសភាជាស្ថាប័នស្របច្បាប់ ហើយតំណាងរាស្ត្រទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា ខិតខំបំពេញតួនាទីរបស់ខ្លួន៖ «រហូតមកដល់ឥឡូវនេះ មិនទាន់មានអីដែលថាសភាហ្នឹងធ្វើការមិនរលូនទេ ហើយសភាយើងធ្វើការជិតស្និទ្ធជាមួយសមាជិកសភាមកពីប្រទេសផ្សេងៗ និងរដ្ឋាភិបាលផ្សេងៗ»។
ចំណែកបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញនៃគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានលើកពីអនុសាសន៍ចំនួន១២របស់លោកនៅក្នុងកិច្ចពិភាក្សានោះ រួមមាន ការកំណត់ប្រធាន និងអនុប្រធានសភា ការបង្កើតក្រុមតំណាងរាស្ត្រគណបក្សនៅក្នុងរដ្ឋសភា និងមានបន្ទប់ និងថវិកាប្រើប្រាស់យោងតាមចំនួនដែលក្រុមមាន បង្កការងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើបណ្ដឹងមករដ្ឋសភា និងដោះស្រាយបណ្ដឹងឲ្យមានប្រសិទ្ធភាព និងផ្ដល់លទ្ធភាពឲ្យតំណាងរាស្ត្រម្នាក់ៗមានការិយាល័យផ្ទាល់ខ្លួននៅក្នុងមណ្ឌលរបស់ខ្លួន និងមានបុគ្គលបម្រើការងារផង៖ «គណៈកម្មការសភាហ្នឹង ត្រូវចេះកោះហៅ មន្ត្រីអីមកសួរតាំងពីសេចក្ដីព្រាងច្បាប់អីហ្នឹង ត្រូវមានការចូលរួមពីសង្គមស៊ីវិលផង និងត្រូវបើកទូលាយឲ្យប្រជាពលរដ្ឋ និងអ្នកកាសែតអីមកស្ដាប់»។
លោក សុន ឆ័យ ក៏បានលើកពីការស្នើសុំឲ្យបង្កើតរដ្ឋាភិបាលស្រមោល ដឹកនាំដោយគណបក្សជំទាស់ធំជាងគេនៅក្នុងរដ្ឋសភា ដោយមានការផ្ដល់ឋានៈ និងបុព្វសិទ្ធិ រួមទាំងមធ្យោបាយបំពេញការងារ ធានាឲ្យមានការសាកសួរផ្ទាល់មាត់ចំពោះសមាជិកគណៈរដ្ឋមន្ត្រីឲ្យបានទៀតទាត់ប្រចាំសប្ដាហ៍ និងប្រសិទ្ធភាពនៃការអនុវត្តមាត្រា៩៦នៃរដ្ឋធម្មនុញ្ញ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកសាស្ត្រាចារ្យបណ្ឌិត សុខ ទូច មានប្រសាសន៍ថា សភាជាតិត្រូវតែមានយន្តការច្បាស់លាស់ ពីព្រោះថា ការដែលមានយន្តការច្បាស់លាស់ ធ្វើឲ្យសភាឯករាជ្យ មិនស្ថិតនៅក្រោមសម្ពាធរបស់គណបក្សនយោបាយ៖ «ទាល់តែមានយន្តការ ខ្ញុំតែងតែនិយាយថា សហរដ្ឋអាមេរិក បានដូរនាយករដ្ឋមន្ត្រីចំនួន ៤៤លើកមកហើយ តែស្រុកគេនៅតែរីកចម្រើន ហើយនៅប្រទេសជប៉ុន ក៏មានការផ្លាស់ប្ដូរច្រើនដូចគ្នា។ យើងត្រេកត្រអាលប្រធាន អនុប្រធាន នៅស្រុករីកចម្រើន មិនប្រាកដថាប្រធានសភាហ្នឹងចេញពីគណបក្សដែលមានអាសនៈ មានសំឡេងច្រើនជាងគេទេ ជួនកាលប្រធានសភាចេញពីគណបក្សតូច ដែលគេធ្វើការជួយសម្រួលការងាររបស់សភាធ្វើម៉េចឲ្យវាស្រួល»។
ខុមហ្រែ្វល និងមន្ត្រីអង្គការសង្គមស៊ីវិល បានផ្ដល់អនុសាសន៍ជាច្រើនសម្រាប់រដ្ឋសភា និងការកែទម្រង់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដូចជាជម្រើសទី១ គណបក្សសង្គ្រោះជាតិ ត្រូវធ្វើជាប្រធានសភា និងធ្វើជាប្រធានគណៈកម្មការជំនាញ៤ រីឯអនុប្រធានសភាទាំងពីរ ត្រូវធ្វើដោយគណបក្សប្រជាជនកម្ពុជា និងធ្វើជាប្រធានគណៈកម្មការជំនាញចំនួន៥។
ជម្រើសទី២ គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើជាប្រធានសភា និងធ្វើជាប្រធានគណៈកម្មការជំនាញចំនួន៤ រីឯអនុប្រធានរដ្ឋសភាទាំងពីរត្រូវធ្វើដោយគណបក្សសង្គ្រោះជាតិ និងធ្វើជាប្រធានគណៈកម្មការជំនាញចំនួន៥ វិញ។ ម្យ៉ាងទៀត នាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល ត្រូវមកឆ្លើយសំណួរជាមួយតំណាងរាស្ត្រ ស្របតាមបទបញ្ញត្តិដែលមានចែងក្នុងមាត្រា៩៦ មន្ទីររដ្ឋសភាត្រូវបើកឲ្យប្រជាពលរដ្ឋចូលរួមស្តាប់ការប្រជុំរបស់តំណាងរាស្ត្រ ការអនុម័តច្បាប់ និងអនុសាសន៍ជាច្រើនទៀត។
ក្រុមអ្នកច្បាប់ និងអ្នកវិភាគនយោបាយ បានពន្យល់ថា សភាត្រូវតែបើកទូលាយឲ្យប្រជាពលរដ្ឋចូលរួមស្ដាប់កិច្ចប្រជុំសភា ពិសេសនៅពេលអនុម័តសេចក្ដីព្រាងច្បាប់នានា ដើម្បីឲ្យប្រជាពលរដ្ឋដឹងថា តើក្នុងអាណត្តិនីមួយៗ សភាអនុម័តសេចក្ដីព្រាងច្បាប់អ្វីខ្លះ? ម្យ៉ាងទៀត ប្រជាពលរដ្ឋភាគច្រើនមិនបានស្គាល់តំណាងរាស្ត្ររបស់ខ្លួនទេ នៅក្រោយពេលប្រជាពលរដ្ឋបានបោះឆ្នោតជូនឲ្យធ្វើជាតំណាងរបស់ពួកគាត់ហើយនោះ។ ទន្ទឹមនឹងនេះ អង្គការខុមហ្រ្វែល បានរកឃើញថា នៅតាមខេត្តមួយចំនួនពុំមានការិយាល័យតំណាងរាស្ត្រនោះទេ ហើយខេត្តខ្លះទៀត ការិយាល័យតំណាងរាស្ត្រមិនមានសកម្មភាព ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។