សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​នយោបាយ​និង​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋាភិបាល ថា​មាន​ចរិត​រឹតត្បិត​សិទ្ធិ​សេរីភាព​ការ​ជួប​ជុំ និង​ការ​សម្ដែង​មតិ គឺ​ជា​ការ​មួលបង្កាច់ និង​ធ្វើ​ឲ្យ​សាធារណជន​យល់​ខុស​មក​លើ​រដ្ឋាភិបាល ដែល​ផ្ទុយ​ពី​សភាពការណ៍​ជាក់ស្ដែង។

លើស​ពី​នេះ​ទៀត ការ​ទទូច​ឲ្យ​វែក​មុខ​អ្នក​បាញ់ លោក ម៉ៅ សុខចាន់ នៅ​ពេល​ជាប់​គាំង​នយោបាយ​កាល​ពី​ឆ្នាំ​២០១៣ នោះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ចាត់​ទុក​ថា វា​ជា​ព្រឹត្តិការណ៍​ដែល​កន្លង​ហួស​ទៅ​ហើយ និង​គួរ​កប់​រឿង​នេះ​ទុក​វិញ​ល្អ​ជា​ជាង​គាស់​កកាយ ព្រោះ​ព្រឹត្តិការណ៍​កាល​ណោះ​វា​ជា​យុទ្ធនាការ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទៅ​វិញ​ទេ។

ក្រៅ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ជូន លោក ម៉ៅ សុខចាន់ នោះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ក៏​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​នយោបាយ និង​សកម្មជន​បរិស្ថាន​ដែរ។

ការ​ទាមទារ​នេះ នៅ​ចំ​ពេល​នៃ​ការ​ប្រារព្ធ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ​លើក​ទី​៨ ដែល​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា សិទ្ធិ​សេរីភាព​ដែល​ធានា​ដោយ​ច្បាប់ ត្រូវ​បាន​រដ្ឋាភិបាល​កំពុង​រឹតត្បិត រំលោភ​អំណាច និង​ការ​ព្យាយាម​បង្កើត​ច្បាប់​ដើម្បី​កំហិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ប្រមូល​ផ្ដុំ និង​ការ​បង្កើត​សមាគម។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នេះ លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដាច់​ដោយឡែក​ពី​គ្នា​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ថា រដ្ឋាភិបាល​កំពុង​តែ​ប្រើប្រាស់​យន្តការ​ច្បាប់ ក្នុង​ការ​គាប​សង្កត់​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ។

បញ្ហា​នេះ ត្រូវ​បាន លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហៅ​ការ​ទាមទារ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ថា​ជា​ចេតនា​ប៉ុនប៉ង​ចង់​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឲ្យ​លើស​ពី​បញ្ញត្តិ​នៃ​ច្បាប់​ទៅ​ទៀត។ បន្ថែម​ពី​លើ​នេះ ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ក្នុង​ពេល​កន្លង​មក​នេះ ត្រូវ​បាន លោក ទិត្យ សុធា ចាត់​ទុក​ថា នោះ​គឺ​ជា​ការ​អនុវត្ត​តាម​ច្បាប់ ក្នុង​ន័យ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ហើយ​ការ​អំពាវនាវ​ណា​មួយ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​នយោបាយ​ផង​នោះ វា​គួរ​ធ្វើ​ឡើង​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​តុលាការ ព្រោះ​រដ្ឋាភិបាល​ពុំ​បាន​លូក​ដៃ ឬ​ពាក់ព័ន្ធ​ណា​មួយ​លើ​សំណុំ​រឿង​ទាំង​នេះ​ទេ។ លោក​បន្ត​ថា «ការ​ដែល​លើក​ឡើង​ដែល​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ដែល​ជាប់​ឃុំ​ផ្សេងៗ ថា​ជា​ការ​គាប​សង្កត់​របស់​រដ្ឋាភិបាល។ ខ្ញុំ​យល់​ថា​នេះ​ជា​អំណាច និង​ជា​សិទ្ធិ​របស់​តុលាការ ដែល​មាន​វិធានការ​ទៅ​លើ​អ្នក​ប្រព្រឹត្តិ​បទល្មើស»

គិត​មក​ដល់​ពេល​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​លើក​ឡើង​ថា ព្រោះ​តែ​ការ​តវ៉ា និង​ទាមទារ​សិទ្ធិ​សេរីភាព​ដែល​គាំពារ​ដោយ​ច្បាប់ គឺ​មាន​សកម្មជន​នយោបាយ និង​សកម្មជន​សិទ្ធិ​មនុស្ស​ចំនួន ២១​នាក់​ហើយ​ត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។

បើ​ទោះ​ជា​បែប​ណា អង្គការ និង​សមាគម​ចំនួន​៥ ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា បាន​លើក​ឡើង​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ជាពិសេស​ចាប់​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ការ​អនុវត្ត​របស់​ប្រជាពលរដ្ឋ​នូវ​សិទ្ធិ​សេរីភាព​ទាំង​បី គឺ​ការ​បញ្ចេញ​មតិ ការ​ប្រមូល​ផ្ដុំ និង​ការ​បង្កើត​សមាគម ដែល​ធានា​ដោយ​ច្បាប់ ក៏ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​កំពុង​រឹតត្បិត ដែល​មាន​ការ​រំលោភ​អំណាច និង​ការ​បង្កើត​ច្បាប់​ដែល​កំហិត​ដល់​សិទ្ធិ​សេរីភាព​ថែម​ទៀត​ផង។

ចំណែក​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា វិញ ក៏​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដែរ ដោយ​បន្ថែម​ព្រឹត្តិការណ៍​បាញ់​សម្លាប់ លោក ម៉ៅ សុខចាន់ ថា គិត​ពី​ថ្ងៃ​បាញ់​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​ពេល​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ពី​លទ្ធផល​ឆ្នោត គឺ​ឃាតក​ពិត​សម្លាប់ លោក ម៉ៅ សុខចាន់ មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​នាំ​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

ឆ្លើយ​តប​រឿង​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ យល់​ឃើញ​ថា ព្រឹត្តិការណ៍​នេះ​គួរ​ត្រូវ​បាន​កប់​ទុក​វិញ​ល្អ​ជាង ព្រោះ​ថា អ្នក​ដែល​ត្រូវ​វែក​មុខ​ដើម្បី​ចាប់​ខ្លួន​នោះ អាច​មាន​រាប់​ពាន់​នាក់។ លោក​បន្ថែម​ទៀត​ថា ហេតុការណ៍​កាល​ពី ២​ឆ្នាំ​មុន​នោះ គឺ​ជា​យុទ្ធនាការ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​សុទ្ធសាធ តាម​រយៈ​ចលនា​មហា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​មាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ដើម​ចម។ ម្យ៉ាង​វិញ​ទៀត លោក ខៀវ សុភ័គ អះអាង​ថា ប្រសិន​បើ​រដ្ឋាភិបាល​គ្រប់គ្រង​ស្ថានការណ៍​មិន​បាន​ដិតដល់​ទេ ប្រទេស​កម្ពុជា អាច​ប្រែ​ក្លាយ​ជា​មាន​ជម្លោះ ហើយ​ក្លាយ​ជា​សង្គ្រាម​ស៊ីវិល​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​សព្វថ្ងៃ​ក៏​ថា​បាន​ដែរ។ លោក​បន្ត​ថា «ពូ​យល់​ថា បើ​សិន​ជា​ស្រាវជ្រាវ​រឿង​ហ្នឹង គឺ​ច្រើន​ណាស់ មិន​ត្រឹម​តែ​អ្នក​បាញ់​ទេ ហើយ​រក​អ្នក​នៅ​ពី​ក្រោយ​អ្នក​ធ្វើ​បាតុកម្ម​នោះ​ផង ហើយ​ស្រុក​ខ្មែរ​ប្រហែល​ជា​ជាប់​គុក​ទាំងអស់។ វា​ក្លាយ​ជា​វឹកវរ»

ទោះ​បី​ជា​បែប​នេះ​ក្ដី អ្នក​ច្បាប់​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​កង​កម្លាំង​របស់​ខ្លួន ដែល​បាញ់​សម្លាប់​មនុស្ស​ក្នុង​ពេល​មាន​បាតុកម្ម​នោះ​ទេ។ បញ្ហា​នេះ ឆ្លុះ​បញ្ចាំង​ពី​និទ្ទណ្ឌភាព​នៅ​កម្ពុជា និង​ជា​ការ​ចង់​បិទ​បាំង​របស់​រដ្ឋាភិបាល។

លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ ចាត់​ទុក​ថា ក្នុង​សំណុំ​រឿង​មួយ​ដែល​អាច​បិទ​បញ្ចប់​ទៅ​បាន លុះត្រា​តែ​មាន​ការ​ស៊ើប​អង្កេត​ត្រឹមត្រូវ និង​ប្រកាស​ពី​លទ្ធផល​ឲ្យ​បាន​ច្បាស់លាស់។ លោក​យល់​ឃើញ​ថា បើ​មិន​ដូច្នេះ​ទេ នោះ​គឺ​ជា​ការ​ខុស​ឆ្គង និង​ជំរុញ​ឲ្យ​មាន​ការ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ។ លោក​បន្ត​ថា «ខ្ញុំ​ថា​បើ​សិន​ជា​ពាក្យ​ថា​កប់​ចោល អា​ហ្នឹង​វា​ដូចជា​ខុស វា​ខ្វះ​នីតិរដ្ឋ​មួយ ហើយ​វា​មាន​និទ្ទណ្ឌភាព។ ដូច្នេះ​គួរ​តែ​បញ្ចប់​ដោយ​សន្តិវិធី​ទៅ​តាម​ផ្លូវ​ច្បាប់​ទៅ។ ឧទាហរណ៍​រក​ឃើញ​ថា អ្នក​ដែល​បាញ់​ហ្នឹង គឺ​បាញ់​ដើម្បី​ការពារ​ខ្លួន ឬ​រឿង​អី​ផ្សេង​បាន​វា​ត្រូវ»

បើ​ទោះ​ជា​បែប​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​កិច្ចការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ នៅ​តែ​ចាត់​ការ​បង្កើត​ច្បាប់​ជា​ហូរហែ​ចុង​ក្រោយ​នេះ​ថា រដ្ឋាភិបាល​កំពុង​បន្ត​ប្រើប្រាស់​អំណាច​ទាំង​ស្រុង​ទៅ​លើ​ប្រព័ន្ធ​តុលាការ និង​ដាក់​ចេញ​នូវ​ច្បាប់​ដែល​មាន​លក្ខណៈ​រឹតត្បិត រំលោភ​ទៅ​លើ​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ ព្រម​ទាំង​រដ្ឋធម្មនុញ្ញ​កម្ពុជា ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។