មន្ត្រីរដ្ឋាភិបាលទទួលបន្ទុកកិច្ចការព្រំដែន ទទួលស្គាល់ថា ការកំណត់ព្រំដែនតាមរយៈខ្សែទឹកនៅចំណុចព្រែកវិញតេ ឬព្រែកក្រប៉ៅ គឺកម្ពុជា មិនធ្វើអ្វីបានក្រៅពីតាមការបញ្ជារបស់វៀតណាម នោះឡើយ។ ជុំវិញរឿងនេះ ទាំងគណបក្សប្រឆាំង និងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រិះគន់ថា ទាំងនេះ គឺជាចំណុចខ្សោយរបស់កម្ពុជា ហើយការកំណត់ព្រំដែនជាមួយវៀតណាម នេះ នឹងរឹតតែធ្វើឲ្យកម្ពុជា ត្រូវបាត់បង់ទឹកដីបន្ថែមទៀតទៅភាគីវៀតណាម។
គណបក្សដែលមានសំឡេងភាគតិចនៅក្នុងរដ្ឋសភា និងអង្គការសង្គមស៊ីវិល ហៅភាពមិនស្វាហាប់របស់រដ្ឋាភិបាលលើការកំណត់បោះបង្គោលព្រំដែនគោកតាមរយៈខ្សែទឹក ដែលមានភាពចម្រូងចម្រាសនៅត្រង់ព្រែកវិញតេ ថាជាការដែលនាំឲ្យកម្ពុជា បាត់បង់ទឹកដីបន្ថែមទៀតលើសពីការរំពឹងទុក ដែលគណបក្សប្រឆាំង និងសង្គមស៊ីវិល តែងចោទប្រកាន់ក្នុងពេលកន្លងទៅ។
ប្រតិកម្មរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅពេលនេះ ធ្វើឡើងក្រោយ ១ថ្ងៃ បន្ទាប់ពី លោក វ៉ា គឹមហុង សារភាពថា លោកមិនអាចបញ្ចុះបញ្ចូលឲ្យភាគីវៀតណាម ឲ្យអនុវត្តតាមផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ បានទេ។
នៅក្នុងបទអន្តរាគមន៍កាលពីថ្ងៃទី១៤ ខែកក្កដា នៅទីស្ដីការក្រសួងមហាផ្ទៃ របស់ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បញ្ជាក់ថា កម្ពុជា ពិតជាពិបាកធ្វើការជាមួយវៀតណាម ណាស់ ក្នុងការកំណត់ព្រំដែនគោកតាមរយៈខ្សែទឹកនៅចំណុចព្រែកវិញតេ ក្នុងខេត្តកំពត នេះ។ លោក វ៉ា គឹមហុង អះអាងថា ការខ្វែងគំនិតគ្នានេះ ដោយសារកម្ពុជា ទាមទារការកំណត់ព្រំដែនដោយផ្អែកលើផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ក៏ប៉ុន្តែភាគីវៀតណាម ជំទាស់ ហើយបង្ខំឲ្យអនុវត្តតាមកិច្ចព្រមព្រៀងឆ្នាំ១៩៨៥។ លោកបន្តថា «វៀតណាម គេមិនទទួលស្គាល់ទេ គេទាញតាមខ្សែសន្ធិសញ្ញាឆ្នាំ១៩៨៥ ដែលគូសច្បាស់ថាខ្សែព្រំដែនឃ្លាតចេញពីច្រាំងព្រែកវិញតេ ១៥០ម៉ែត្រ កន្លែងខ្លះជិត ២០០ម៉ែត្រ។ គេដាច់ខាតគេមិនទទួលយកខ្សែទម្លាក់កណ្ដាលខ្សែទឹកទេ»។
ទាក់ទងបញ្ហានេះ ជាញឹកញយ គណបក្សប្រឆាំងតែងចោទប្រកាន់គណៈកម្មការព្រំដែនថា ការកំណត់បង្គោលព្រំដែន រដ្ឋាភិបាលពុំដែលបានអនុវត្តតាមផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ម្ដងណាទេ។ មួយវិញទៀត នៅលើទីតាំងដែលកំពុងមានភាពប្រទាញប្រទង់នេះទៀតសោត គឺរដ្ឋាភិបាលតែងច្រានចោលការរិះគន់ជាហូរហែមកហើយ ក៏ប៉ុន្តែនៅក្នុងបទបង្ហាញជាច្រើនម៉ោងនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ កក្កដា ស្ដីពីបច្ចុប្បន្នភាព និងការផ្សព្វផ្សាយរឿងព្រំដែននេះវិញ លោក វ៉ា គឹមហុង ទទួលស្គាល់ថា ពិតជាមានភាពស្មុគស្មាញ និងតានតឹងជាមួយវៀតណាម មែន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញថា បើរដ្ឋាភិបាលនៅតែបន្តស្ងប់ស្ងាត់ និងលាក់បំពួនភាពអន់ថយបែបនេះតទៅទៀត នឹងធ្វើឲ្យកម្ពុជា បាត់បង់ដីលើសពីអ្វីដែលពលរដ្ឋបានគិតនោះថែមទៀត។ លោកថ្លែងថា ដើម្បីដោះស្រាយវិបត្តិមួយនេះ ត្រូវលើកវិវាទដោះស្រាយនៅថ្នាក់អន្តរជាតិវិញម្ដង។ លោកបន្តថា «រអ៊ូរទាំរបស់ លោក វ៉ា គឹមហុង ដោយសារគាត់មិនព្រមប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ បើប្ដឹងទៅប្រាកដជាឲ្យប្រើអ្វីដែលជាច្បាប់អន្តរជាតិ ព្រោះតាមច្បាប់អន្តរជាតិ គេថាដើម្បីសុខសន្តិភាពរបស់ពិភពលោក ប្រទេសទាំងអស់ត្រូវកំណត់ព្រំដែនដោយអាណានិគមនិយម។ អាណានិគមនិយម គេសំដៅលើអាណានិគមនិយមបារាំង ឬក៏អង់គ្លេស»។
ជុំវិញវិវាទព្រំដែននេះ ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានដាក់លិខិតកាលពីថ្ងៃទី៦ កក្កដា ទៅ លោក ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា ដោយស្នើឲ្យផ្អាកការបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ដោយត្រូវរង់ចាំបោះឆ្នោតសកលឆ្នាំ២០១៨ រួចសិន ឬក្រោយការបង្កើតឲ្យមានគណៈកម្មការឯករាជ្យជាតិទទួលបន្ទុកកិច្ចការព្រំដែន ដែលមានសមាសភាពចម្រុះចូលរួម គឺតំណាងបក្សកាន់អំណាច និងគណបក្សផ្សេងទៀត ដែលមានអាសនៈក្នុងរដ្ឋសភា ព្រមទាំងក្រុមអ្នកជំនាញព្រំដែនផ្សេងទៀត។

ទាក់ទិនភាពចម្រូងចម្រាសនៅត្រង់ចំណុចព្រែកវិញតេ នេះ លោក វ៉ា គឹមហុង ថែមទាំងបានបញ្ជាក់ថា ការតវ៉ារបស់លោក គឺមិនមែនដើម្បីឲ្យពលរដ្ឋខ្មែរបានរស់នៅតាមមាត់ព្រែកទេ ក៏ប៉ុន្តែការទាមទារនោះ គឺសម្រាប់ពលរដ្ឋវៀតណាម តាំងទីលំនៅទៅវិញ។ លោកបន្តថា «ខ្ញុំសូមជម្រាបបន្តិច ដូចឯកឧត្ដមអភិបាលខេត្តជ្រាបហើយ បើថាឯកឧត្ដមស្គាល់ភូមិសាស្ត្រខេត្តរបស់ឯកឧត្ដមមានច្រាំងទាំងសងខាង។ ច្រាំងព្រែកវិញតេ សុទ្ធតែភូមិវៀតណាម ទាំងអស់ ឥតមានភូមិខ្មែរណាមួយទេ។ ដូច្នេះបើខ្ញុំទាមទារបាន ក៏មិនមែនទាមទារឲ្យខ្មែរនៅដែរ គឺថាទាមទារឲ្យវៀតណាម ដដែលទេ»។
ពាក់ព័ន្ធរឿងនេះ ទាំងគណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាល ថ្កោលទោស ហើយចាត់ទុកថា ការអនុវត្តគោលនយោបាយដូចនេះ បានន័យថា ជាការព្យាយាមលើកទឹកចិត្តឲ្យវៀតណាម បានចិត្តថែមទៀតផង។ ម្យ៉ាងវិញទៀត ប្រឡាយ៧៩ ដែលមានភាពចម្រូងចម្រាសនេះ គណបក្សប្រឆាំងរកឃើញថា គឺវៀតណាម ជីកជាឯកតោភាគីក្រោយឆ្នាំ១៩៧៩ ប៉ុណ្ណោះ។ ជាងនេះទៀត លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សំអាងថា ផែនទីដែលតម្កល់នៅអង្គការសហប្រជាជាតិ ឆ្នាំ១៩៦៤ គឺពុំមានព្រែកវិញតេ នេះទេ។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ទិប ទាវ ហៅការលើកឡើងរបស់ លោក វ៉ា គឹមហុង នេះ ថាជាចេតនាចង់ឲ្យកម្ពុជា រឹតតែប្រឈមមុខបាត់បង់ទឹកដីកាន់តែធ្ងន់ធ្ងរទៅៗ។ លោកថ្លែងថា បើទោះជាសារនយោបាយរឿងបូរណភាពទឹកដីដែល លោក វ៉ា គឹមហុង លើកឡើងនោះ ថាជាការព្យាយាមដើម្បីផលប្រយោជន៍វៀតណាម ជារឿងដែលភាន់ច្រឡំក៏ដោយចុះ ក៏គេមិនគួរណាប្រកាសជាសាធារណៈដូចនេះដែរ។ ហេតុនេះ លោក ទិប ទាវ ចាត់ទុកថា រដ្ឋាភិបាលពិតពុំមានគោលនយោបាយជាតិសម្រាប់ទឹកដីទេ។ លោកបន្តថា «វាមិនខុសពីអ្វីដែលខ្មែរចោទថា ក្រុមរដ្ឋាភិបាល គឺជារដ្ឋាភិបាលដែលឲ្យយួន។ នេះ គឺមិនខុសពីប្រជាពលរដ្ឋចោទបែបហ្នឹងទេ»។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា ពុំបានបកស្រាយអ្វីឡើយជុំវិញការរិះគន់នេះ ដោយលោកឆ្លើយថា ជាប់រវល់ប្រជុំមុនដាក់ទូរស័ព្ទចុះ។
អង្គការសង្គមស៊ីវិលយល់ឃើញថា ប្រសិនបើរដ្ឋាភិបាលបន្តដោះស្រាយតាមយន្តការទ្វេភាគីបែបនេះតទៅទៀត ភាពចម្រូងចម្រាសរឿងព្រំដែនជាមួយវៀតណាម នេះ នឹងមិនអាចបញ្ចប់ត្រឹមការកំណត់បោះបង្គោលព្រំដែននេះបានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។