គណបក្សសង្គ្រោះជាតិ ប្រកាសប្ដូរទីតាំងធ្វើសមាជប្រជាជនពីទីលានប្រជាធិបតេយ្យ ទៅសួនច្បារវត្តបទុមវតី វិញ។ ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ មិនអនុញ្ញាតឲ្យបក្សប្រឆាំងរៀបចំសមាជនៅទីលានប្រជាធិបតេយ្យ នៅរសៀលថ្ងៃទី៣០ ខែមីនា នោះ។
ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ដែលទទួលបន្ទុករៀបចំសមាជនៅថ្ងៃទី២៩ ខែមីនា បានផ្ញើលិខិតមួយច្បាប់ទៅកាន់សាលារាជធានីភ្នំពេញ ដោយសុំបរិវេណសួនច្បារមុខវត្តបទុមវតី ដើម្បីរៀបចំសមាជមហាជនរបស់ខ្លួន។ លិខិតបន្តថា សមាជនោះនឹងរៀបចំបន្ទាប់ពីបញ្ចប់ពិធីបង្សុកូល ឧទ្ទិសកុសលជូនអ្នកស្លាប់ក្នុងព្រឹត្តិការណ៍ផ្ទុះគ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ រួចរាល់។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហររៀបចំសមាជប្រជាជនដដែល ប៉ុន្តែត្រូវប្ដូរទីតាំងជួបជុំវិញ។ លោកបន្តថា ការប្ដូរទីតាំងនេះ មិនមែនបានន័យថា គណបក្សមិនហ៊ានអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិនោះទេ តែជាចេតនាប្រកាន់ធម៌អហិង្សា។ លោកបញ្ជាក់ថា គណបក្សនឹងបន្តជជែកគ្នាជាមួយអាជ្ញាធរតទៅទៀត ជុំវិញការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ពេលរៀបចំសមាជនេះ។
លោក ហូរ វ៉ាន់៖ «យើងនៅតែពិភាក្សារកការសម្របសម្រួលជានិច្ច មិនអាចថាយើងកាត់បន្ថយមិនធ្វើទេ យើងធ្វើដដែល តែយើងគ្រាន់តែរកការព្រមព្រៀងណាមួយ យើងគ្រាន់រកការព្រមព្រៀងណាមួយដែលធ្វើទៅអាចទទួលបានទាំងអស់គ្នា។ គ្មានអ្វីជាអត្ថន័យហិង្សា គ្មានអ្វីជាការដង្ហែក្បួនទេ គឺយើងសំដែងមតិក្នុងអង្គសមាជយ៉ាងពិតប្រាកដ»។
យ៉ាងណាមិញ សាលារាជធានីភ្នំពេញ មិនបានទទួលលិខិតរបស់បក្សប្រឆាំងឡើយ ដោយសារលិខិតនេះដាក់ចំថ្ងៃឈប់សម្រាក។
មន្ត្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា គម្រោងការសមាជរបស់បក្សប្រឆាំង មិនត្រូវបានអនុញ្ញាតទេ។ លោកបន្តថា អាជ្ញាធរបានទទួលលិខិតជូនដំណឹងរបស់បក្សប្រឆាំងតែក្រៅផ្លូវការប៉ុណ្ណោះ ព្រោះលិខិតនេះដាក់ចំថ្ងៃសម្រាក។ លោកបញ្ជាក់ថា អាជ្ញាធរនឹងមិនអត់ឱនចំពោះការបំពានបម្រាមរបស់ក្រសួងមហាផ្ទៃ ឡើយ៖ «ខ្ញុំគិតថា យើងនឹងមានវិធានការ បើសិនជាម្ចាស់សំណើមិនអនុវត្តតាមការពិភាក្សាគ្នា បើសិនជាម្ចាស់សំណើមិនអនុវត្តបានតាមវិធានការដែលបានពិភាក្សាគ្នាជាមួយក្រុង និងអនុសាសន៍របស់ក្រសួងមហាផ្ទៃ។ វិធានការនឹងអនុវត្តតាមអ្វីដែលគាត់ល្មើសនោះ យើងនឹងចាំមើលសិន»។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែមីនា ប្រកាសប្រមូលផ្តុំមនុស្សធ្វើសមាជជាថ្មី នៅថ្ងៃទី៣០ មីនា ចំថ្ងៃខួបលើកទី១៧ នៃការគប់គ្រាប់បែកបំបែកហ្វូងបាតុករ ទាមទារកែទម្រង់តុលាការកាលពី ១៧ឆ្នាំមុន។ បំណងនៃការធ្វើសមាជប្រជាជននេះ ដើម្បីជួបជុំសំដែងមតិ និងប្រកាសប្រាប់ពីសមិទ្ធផលដែលថ្នាក់ដឹកនាំបក្សសម្រេចបាននៅរយៈពេល ៦ខែចុងក្រោយនេះ។ ប៉ុន្តែមួយថ្ងៃបន្ទាប់ ក្រសួងមហាផ្ទៃ និងសាលាក្រុងភ្នំពេញ ប្រកាសថាមិនអនុញ្ញាតឲ្យរៀបចំការជួបជុំគ្នាឡើយ ដោយរង់ចាំលទ្ធផលស៊ើបអង្កេតពីអំពើហិង្សា កាលពីខែមករា រួចរាល់សិន។ ប៉ុន្តែបម្រាមនេះត្រូវបានទទួលការរិះគន់ពីសង្គមស៊ីវិល ថាជាការបំពានរដ្ឋធម្មនុញ្ញ។
នៅល្ងាចថ្ងៃទី២៩ ខែមីនា ទីលានប្រជាធិបតេយ្យបានបិទ និងហ៊ុមព័ទ្ធដោយកម្លាំងបង្ក្រាបបាតុកម្ម។ គ្រឿងចក្រកងទ័ព សមត្ថកិច្ចប្រដាប់ដោយអាវុធ ត្រូវបានដាក់ពង្រាយនៅទីលានប្រជាធិបតេយ្យ ដែលព័ទ្ធរបងដែលមិនអោយមនុស្សម្នាចូលទៅកៀកឡើយ។
សមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រកាសក្នុងគេហទំព័ររបស់ខ្លួន ដោយសំដែងការព្រួយបារម្ភជាខ្លាំងពីអំពើហិង្សារបស់កងកម្លាំងមានសមត្ថកិច្ច បើសិនណាមានការបង្ក្រាបណាមួយកើតឡើងនោះ។ អង្គការនេះបន្តថា សកម្មភាពនៃការហាមប្រាម ការរារាំង និងការរឹតបន្តឹងសេរីភាពរបស់មនុស្សនៅក្នុងប្រទេសកម្ពុជា នាពេលដើមឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ គឺជាសញ្ញាណអាក្រក់មួយនៃការមិនគោរពរដ្ឋធម្មនុញ្ញ និងកាន់តែធ្វើឲ្យស្ថាប័នលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សចុះអន់ថយទៅជាលំដាប់។
រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ពីសេរីភាពក្នុងការជួបប្រជុំនានា រាប់ទាំងសេរីភាពនយោបាយ។ ក្រៅពីនោះ ច្បាប់ស្ដីពីបាតុកម្ម និងកូដកម្មដោយសន្តិវិធី ក៏បានរៀបរាប់ពីសេរីភាពក្នុងការជួបជុំសំដែងមតិដោយអហិង្សាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។