មេ​បក្ស​ប្រឆាំង​យក​ផែនទី​ពី​​បារាំង​មក​ផ្ទៀងផ្ទាត់​​បង្គោល​ព្រំដែន​ជាមួយ​​វៀតណាម

0:00 / 0:00

ប្រធាន​បក្ស​ប្រឆាំង​បាន​យក​ផែនទី​ពី​ប្រទេស​បារាំង បន្ទាប់​ទិញ​ពី​បណ្ណាល័យ​មួយ​នៅ​ក្នុង​ប្រទេស​នេះ ដែល​ជា​ផែនទី​គ្រប​ដណ្ដប់​តាម​ព្រំដែន​ប្រទេស​កម្ពុជា-​វៀតណាម មាន​ខ្នាត ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់)។ ទោះ​បែប​នេះ​ក្តី មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​នៃ​រដ្ឋាភិបាល មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ ព្រោះ​លោក​មិន​ទាន់​បាន​ឃើញ​ផែនទី​នោះ។

ផែនទី​ទាំង​ផ្ទាំងៗ​ដែល​លោក សម រង្ស៊ី អះអាង​ថា ជា​ផែនទី​ច្បាស់លាស់​បង្ហាញ​ពី​ព្រំប្រទល់​ប្រទេស​កម្ពុជា-​វៀតណាម​នោះ លោក សម រង្ស៊ី នឹង​យក​ទៅ​ផ្ទៀងផ្ទាត់​ទៅ​នឹង​បង្គោល​ព្រំដែន​តាម​ខ្សែ​បន្ទាត់​ប្រទេស​វៀតណាម និង​កម្ពុជា។

ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពិធី​ប្រកាស​ចាប់​ផ្ដើម​ទទួល​វិភាគទាន​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា លោក សម រង្ស៊ី ថា លោក​នឹង​ស្នើ​ឲ្យ​គណបក្ស​មាន​អាសនៈ​នៅ​ក្នុង​សភា បង្កើត​គណៈកម្មការ​ចម្រុះ​មួយ​ផ្ទៀងផ្ទាត់​ផែនទី​នេះ​ទៅ​នឹង​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក​យក​ផែនទី​នេះ​មក​ជជែក ព្រោះ​ប្រទេស​បារាំង ជា​អ្នក​ធ្វើ​កាល​ពី​សម័យ​អាណានិគម​បារាំង៖ «ឥឡូវ​នេះ​មាន​អស់​ហើយ​ឯកសារ ផែនទី​ហ្នឹង គឺ​ច្បាស់។ យើង​នឹង​បង្កើត​គណៈកម្មការ​ចម្រុះ​ផ្ទៀងផ្ទាត់ បើ​គេ​ខ្វះ​អី​យើង​ឲ្យ​គេ ហើយ​បើ​យើង​ខ្វះ​អី​គេ​អាច​បង្ហាញ​យើង អ៊ីចឹង​យើង​នឹង​មាន​មូលដ្ឋាន​គ្រប់​ជ្រុង​ជ្រោយ​ហើយ»

លោក សម រង្ស៊ី បញ្ជាក់​ឲ្យ​ដឹង​ថា មាត្រដ្ឋាន​ផែនទី​ខ្នាត ១/១០០.០០០ មាន​ន័យ​ថា មួយ​សង់ទីម៉ែត្រ​លើ​ផែនទី ស្មើ​មួយ​គីឡូម៉ែត្រ​លើ​ផ្ទៃដី​ពិត។ មួយ​មិល្លីម៉ែត្រ​លើ​ផែនទី ស្មើ ១០០​ម៉ែត្រ​លើ​ផ្ទៃដី។

មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ជា​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន ដែល​មាន​កំណត់​ក្នុង​ផែនទី ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-​១៩៥៣ ហើយ​ដែល​ត្រូវ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-​១៩៦៩។

​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មិន​បញ្ចេញ​ប្រតិកម្ម​ណា​មួយ​ចំពោះ​ផែនទី​ដែល​លោក សម រង្ស៊ី គ្រោង​យក​មក​ជជែក​នោះ​ទេ ព្រោះ​លោក​មិន​ទាន់​បាន​ឃើញ​ផែនទី​នោះ​នៅ​ឡើយ។ លោក​បន្ត​ថា សកម្មភាព​របស់​លោក សម រង្ស៊ី មិន​មែន​ជា​រឿង​ប្លែក​នោះ​ទេ​សម្រាប់​រូប​លោក​ដែល​ធ្វើ​កិច្ចការ​ព្រំដែន​អស់​ច្រើន​ឆ្នាំ​មក​ហើយ៖ «ខ្ញុំ​អត់​មាន​សមត្ថភាព​ឆ្លើយ​ទេ​រឿង​ហ្នឹង ចាំ​មើល​ផែនទី​សិន ថ្ងៃ​ណា​គាត់ (លោក សម រង្ស៊ី) ឲ្យ​មើល ចាំ​ខ្ញុំ​មើល!»

នៅ​រយៈពេល​ចុង​ក្រោយ​នេះ បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម កើត​ច្រើន​កន្លែង។ បញ្ហា​ព្រំដែន​នេះ​ដែរ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ផ្ញើ​កំណត់​ទូត​ទៅ​រដ្ឋាភិបាល​ក្រុង​ហាណូយ។

ក្នុង​ចំណោម​កំណត់​ទូត​ចំនួន​៣ ដែល​ផ្ញើ​ទៅ​កាន់​ស្ថានទូត​វៀតណាម ផ្សេងៗ​គ្នា គឺ​នៅ​ថ្ងៃ​ទី​១២ ទី​១៤ និង​ទី​១៧ ខែ​មិថុនា ក្នុង​នោះ​​កំណត់​ទូត​ចំនួន​២ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អាជ្ញាធរ​វៀតណាម ជីក​ស្រះ​ចំនួន ៨ ចូល​ក្នុង​ទឹកដី​កម្ពុជា ក្នុង​ខេត្ត​រតនគិរី។

​កំណត់​ទូត​មួយ​ទៀត គឺ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​វៀតណាម ជីក​ដី​ធ្វើ​គ្រឹះ​សម្រាប់​សាងសង់​ប៉ុស្តិ៍​យោធា​នៅ​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល។ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម មិន​ទាន់​ឆ្លើយ​តប​ជា​ដុំកំភួន​នៅ​ឡើយ ដោយ​គ្រាន់តែ​លើក​ឡើង​ថា រង់ចាំ​មើល​របាយការណ៍​ពី​ថ្នាក់​មូលដ្ឋាន​សិន។ លោក សម រង្ស៊ី រំពឹង​ថា ផែនទី​ដែល​លោក​យក​ពី​ប្រទេស​បារាំង​នេះ កម្ពុជា​នឹង​មាន​ប្រៀប​លើ​ផ្លូវ​ច្បាប់​ទៅ​ជជែក​ជាមួយ​ប្រទេស​ដែល​ចង់​រំលោភ​អធិបតេយ្យភាព​កម្ពុជា ហើយ​លោក​ស្នើ​ឲ្យ​អ្នក​ស្នេហា​ជាតិ​ទាំង​អស់ ចូលរួម​តវ៉ា​តតាំង និង​ធ្វើ​ជា​សាក្សី​ទាំង​អស់​គ្នា​នៅ​ពេល​ផ្ទៀងផ្ទាត់​ផែនទី​នោះ ទៅ​នឹង​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម។​

បក្ស​ប្រឆាំង​ចាប់​ផ្ដើម​ប្រមូល​ប្រាក់​វិភាគទាន​សម្រាប់​បើក​ទូរទស្សន៍​ជា​ផ្លូវការ

អ្នក​ចូល​រួម​ផ្ដល់​ប្រាក់​វិភាគទាន​សម្រាប់​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៥។
អ្នក​ចូល​រួម​ផ្ដល់​ប្រាក់​វិភាគទាន​សម្រាប់​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៧ មិថុនា ឆ្នាំ​២០១៥។ (RFA/Brach Chev)

គម្រោង​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ របស់​គណបក្ស​ប្រឆាំង​ចាប់​ផ្ដើម​កៀរគរ​រក​ថវិកា​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៥ ដើម្បី​ឈាន​ទៅ​បង្កើត​ទូរទស្សន៍​នេះ​នៅ​ចុង​ឆ្នាំ​២០១៥។

ពិធី​ប្រកាស​ចាប់​ផ្ដើម​ទទួល​វិភាគទាន​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ​ធ្វើ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​គាំទ្រ​ប្រមាណ ១.០០០​នាក់​ចូល​រួម​ក្នុង​ពិធី​នេះ។ អ្នក​ខ្លះ​បាន​យក​ថវិកា​ទៅ​ចូល​រួម អ្នក​ផ្សេង​ទៀត​ផ្ញើ​តាម​ប្រព័ន្ធ​ធនាគារ តាម​ប្រព័ន្ធ​ផ្សេង​ទៀត ឬ​ក៏​តាម​មិត្តភ័ក្ដិ មាន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​រួម​ទ្រទ្រង់​ថវិកា​ចំនួន ៣.០០០​ដុល្លារ​ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ ថ្លែង​អះអាង​ថា ទូរទស្សន៍​បក្ស​សង្គ្រោះ​ជាតិ នឹង​ផ្សាយ​ព័ត៌មាន​ពិត​ដែល​កើត​ឡើង​គ្រប់​ទីកន្លែង​ឲ្យ​សាធារណជន​បាន​ដឹង។ លោក​បន្ត​ទៀត​ថា ប្រសិន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចូល​វិភាគទាន​តែ ៥.០០០ ឬ ១០.០០០​រៀល ទូរទស្សន៍​ព្រះអាទិត្យ នឹង​អាច​ដំណើរការ​ទៅ​បាន​តាម​គម្រោង៖ «លុយ​នេះ​គឺ​លុយ​ញើស​ឈាម​ប្រជាពលរដ្ឋ​ខ្មែរ ញើស​ឈាម​មួយ​តំណក់ៗ​គឺ​មាន​តម្លៃ​ច្រើន​លើសលប់។ ទឹក​ចិត្ត​សំខាន់​ជាង​ទឹក​លុយ​បង​ប្អូន! ឲ្យ​តែ​បង​ប្អូន​ចូល​លុយ​តែ​ម្នាក់​បន្តិចៗ តែ​ចូល​ឲ្យ​បាន​ទូទាំង​ប្រទេស យើង​ឃើញ​ទូរទស្សន៍​ព្រះអាទិត្យ​បាន​ឆាប់​ហើយ»

ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ការ​ថវិកា ៣​លាន​ដុល្លារ​ដើម្បី​ដំណើរ​ការ​ទៅ​រួច។ គិត​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ដល់​ល្ងាច​ថ្ងៃ​២៧ ខែ​មិថុនា គណបក្ស​នេះ​ប្រមូល​ថវិកា​បាន​ជាង ១៦​ម៉ឺន​ដុល្លារ ពី​គ្រប់​មជ្ឈដ្ឋាន​នានា ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ដល់​អ្នក​ចង់​ចូលរួម​ថវិកា​ដើម្បី​បង្កើត​ទូរទស្សន៍​ថា ត្រូវ​យក​ថវិកា​មក​បង់​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ។ គណបក្ស​នេះ​គ្មាន​មន្រ្តី ឬ​សកម្មជន​រូប​ណា​មួយ​ដើរ​រៃអង្គាស​ថវិកា​តាម​ផ្លូវ តាម​ផ្សារ ឬ​ទី​សាធារណៈ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។