ទោះបីជាយ៉ាងនេះក្ដី គណបក្សប្រឆាំងដ៏ធំមួយនេះ ហាក់បីដូចជាបន្ទន់ឥរិយាបថ និងផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការប្រមូលផ្ដុំគ្នារបស់អ្នកគាំទ្រខ្លួន នៅថ្ងៃទី២៦ ខែសីហា នាទីលានប្រជាធិបតេយ្យ។ ការជួបជុំនេះ មិនមែនជាទ្រង់ទ្រាយបាតុកម្មនោះទេ តែជាការជួបជុំគ្នាដើម្បីផ្ដល់ព័ត៌មានពីដំណើរការវិវត្តន៍ទាក់ទងនឹងលទ្ធផលបោះឆ្នោតទៅវិញ។
កម្លាំងគាំទ្រគណបក្សសង្គ្រោះជាតិ នៅតែមានសន្ទុះខ្លាំងក្លានៅឡើយ ដែលក្រុមអ្នកវិភាគចាត់ទុកថា នេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សង្គមកម្ពុជា ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីកម្ពុជា ទទួលបានសន្តិភាពពេញលេញ។
ក្រុមអ្នកវិភាគបានលើកឡើងថា កម្លាំងមហាជននៅពេលនេះ ខុសប្លែកពីលើកមុនៗទាំងអស់ ដោយប្រជាពលរដ្ឋមានភាពក្លាហាន និងហ៊ានចូលរួមក្នុងការតស៊ូមតិ ដើម្បីរកយុត្តិធម៌លទ្ធផលបោះឆ្នោត។
គណបក្សប្រឆាំងបានរៀបចំយុទ្ធសាស្ត្ររបស់ខ្លួនជាបន្តបន្ទាប់ ក្រោយពីការបោះឆ្នោតដែលគេរកឃើញថា មានភាពមិនប្រក្រតីជាច្រើនកើតមាន ហើយទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ រកយុត្តិធម៌ជូន។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលសម្ដែងការមិនសប្បាយចិត្តចំពោះប្រជាពលរដ្ឋរបស់ខ្លួនធ្វើបាតុកម្មនោះ។ លោកបញ្ជាក់ថា ការធ្វើបាតុកម្មមិនមែនមានន័យមិនល្អនោះទេ ការធ្វើបាតុកម្ម គឺខុសពីកុបកម្ម។ កុបកម្មជាសកម្មភាពដែលមានអំពើហិង្សាកើតឡើង។ រីឯការធ្វើបាតុកម្មវិញ ជាការធ្វើឲ្យដឹង ឬជាការសម្ដែងការមិនពេញចិត្តចំពោះអំពើអ្វីមួយដែលមានធានានៅក្នុងច្បាប់។ លោក អ៊ូ វីរៈ អះអាងថា ការជួបជុំគ្នារបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៦ ខែសីហា មិនខុសពីបាតុកម្មនោះឡើយ។
អង្គការសិទ្ធិមនុស្សក្នុងស្រុកនិងក្រៅស្រុក កន្លងមកតែងតែរិះគន់រដ្ឋាភិបាលកម្ពុជាថា ដឹកនាំមានការរឹតត្បិត រំលោភសិទ្ធិមនុស្ស និងមិនបើកទូលាយឲ្យប្រជាពលរដ្ឋរបស់ខ្លួនឲ្យធ្វើបាតុកម្មអហិង្សានោះឡើយ។
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សម្រេចអនុញ្ញាតឲ្យមានកិច្ចប្រជុំរវាងគណបក្សប្រឆាំងជាមួយពលរដ្ឋជាម្ចាស់ឆ្នោត តាមការស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ដែលធ្វើនៅទីលានប្រជាធិបតេយ្យ នារសៀលថ្ងៃទី២៦ ខែសីហា។ ក៏ប៉ុន្តែការអនុញ្ញាតនេះ មិនបើកឲ្យគណបក្សសង្គ្រោះជាតិ ធ្វើដោយសេរី និងពេញលេញនោះឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា ការជួបជុំនោះអាចធ្វើទៅបាន ដោយមានការព្រមព្រៀងគោរពនូវលក្ខខណ្ឌមួយចំនួន គឺការជួបជុំត្រូវតែបញ្ចប់យ៉ាងយូរបំផុតនៅម៉ោង ៦ល្ងាច ហាមមិនឲ្យអ្នកចូលរួមមកពីបណ្ដាខេត្តនានា មិនអនុញ្ញាតឲ្យដង្ហែជាក្បួន និងមានអ្នកចូលរួមប្រមាណត្រឹម ៥ពាន់នាក់៖ «ឯកភាពគ្នាសម្រេចទី១ ធ្វើឲ្យចប់ត្រឹមម៉ោង ៦ល្ងាច ថ្ងៃច័ន្ទ និងទី២ មិនយកអ្នកដែលចូលរួមពីបណ្ដាខេត្ត នៅជុំវិញភ្នំពេញ ឬក្រៅភ្នំពេញ ចូលរួមទេ ហើយទី៣ គឺមិនធ្វើការដង្ហែក្បួនទេ និងទី៤ គឺគោរពច្បាប់ចរាចរណ៍អីផ្សេងៗ»។
គណបក្សសង្គ្រោះជាតិ បានយល់ព្រមតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងការកំណត់ចំនួនមនុស្សចូលរួម និងពេលវេលានោះ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិមិនអាចទប់ស្កាត់ ឬហាមឃាត់មិនឲ្យប្រជាពលរដ្ឋមកចូលរួមបាននោះទេ ដូច្នេះចំនួនណាមួយកើនឡើងលើសពីការកំណត់របស់ក្រសួងមហាផ្ទៃនោះ គណបក្សសង្គ្រោះជាតិ មិនអាចកំណត់បានទេ។
នៅក្នុងបរិបទនេះ ទោះបីជាគណបក្សសង្គ្រោះជាតិបានបន្ទន់ឥរិយាបថរបស់ខ្លួនពីការធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត និងការសម្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញនេះក្ដី អ្នកវិភាគពន្យល់ថា ការជួបជុំរបស់គណបក្សសង្គ្រោះជាតិនេះ គ្រាន់តែជាការសាកល្បងមើលអ្នកគាំទ្ររបស់ខ្លួនថា នៅមានសន្ទុះខ្លាំងឬយ៉ាងណា? បញ្ហានេះហើយ បានជាគណបក្សប្រឆាំងយល់ព្រមធ្វើតាមក្រសួងមហាផ្ទៃ មិនមែនជាពេលវេលាមួយដែលគណបក្សនេះ ធ្វើមហាបាតុកម្មអហិង្សានោះទេ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនៅពេលនេះ ហាក់បីដូចជាមិនចង់ធ្វើមហាបាតុកម្មនោះទេ ពីព្រោះថា គណបក្សនេះមិនចង់ឲ្យមានការបង្ហូរឈាមណាមួយកើតមានឡើង នៅពេលប្រជាពលរដ្ឋធ្វើបាតុកម្មអហិង្សា និងខ្លាចឈានដល់កុបកម្ម។ លោកបញ្ជាក់ទៀតថា គណបក្សប្រឆាំងនៅពេលនេះមានឆន្ទៈដោះស្រាយបញ្ហាមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតដោយសន្តិវិធីជាង។
នៅក្រោយពេលបោះឆ្នោតនេះ មេដឹកនាំកំពូលរបស់គណបក្សសង្គ្រោះជាតិបានផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួនភ្លាមៗ ពោលគឺគណបក្សនេះ មិនដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មនោះទេ តែមេដឹកនាំគណបក្សសង្គ្រោះជាតិមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាននោះ បានដើរទៅតាមបណ្ដាខែត្រនានា ដើម្បីជួបជាមួយម្ចាស់ឆ្នោត។ ការជួបជុំនេះ ក្រុមអ្នកវិភាគបានលើកឡើងថា គណបក្សសង្គ្រោះជាតិ កំពុងធ្វើសាកល្បងជាមួយប្រជាពលរដ្ឋថា តើប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិមានការថយចុះអត់?
ម្យ៉ាងទៀត ការចុះជួបប្រជាពលរដ្ឋនេះ គណបក្សសង្គ្រោះជាតិ អាចដឹងពីកម្លាំងអ្នកគាំទ្រខ្លួន ហើយប្រសិនបើគណបក្សនេះធ្វើបាតុកម្មនៅពេលខាងមុខមែននោះ គណបក្សនេះបានដឹងអំពីចំនួនអ្នកចូលរួមយ៉ាងពិតប្រាកដ។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា តាមការអង្កេតរបស់លោកឃើញថា សន្ទុះគាំទ្រគណបក្សសង្គ្រោះជាតិនៅតែខ្លាំងដដែល ហើយកម្លាំងប្រជាពលរដ្ឋពុះកញ្ជ្រោលដើម្បីចង់ធ្វើបាតុកម្មអហិង្សានេះ នឹងអាចទប់ស្កាត់បានទេ ប្រសិនក្រុមប្រឹក្សាធម្មនុញ្ញមិនរកយុត្តិធម៌ជូនគណបក្សសង្គ្រោះជាតិបានទេនោះ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បញ្ចេញទស្សនៈថា ការចុះជួបប្រជាពលរដ្ឋរបស់លោក សម រង្ស៊ី ហាក់ដូចជាការដើរប្រមូលប្រជាពលរដ្ឋគាំទ្រខ្លួន ដើម្បីយកមកធ្វើការសម្រេចចិត្តចុងក្រោយនៅពេលគ្មានដំណោះស្រាយសមរម្យផ្នែកនយោបាយនៅដំណាក់កាលចុងក្រោយដែលគ្មានជម្រើសអ្វីក្រៅពីបាតុកម្មនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានសង្កត់ធ្ងន់ថា គណបក្សនយោបាយទាំងពីរត្រូវរកវិធីដោះស្រាយបញ្ហានយោបាយនេះដោយសន្តិវិធីដើម្បីផលប្រយោជន៍ជាតិ។ ដំណោះស្រាយនោះ គឺក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នបកស្រាយច្បាប់កំពូលរបស់ជាតិនោះត្រូវតែឯករាជ្យ ហើយ គ.ជ..ប ត្រូវបើកហិបឆ្នោតទៅតាមការទាររបស់គណបក្សប្រឆាំង ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញពី ស និង ខ្មៅ ដើម្បីឲ្យអ្នកចាញ់ ចាញ់ដោយអស់ចិត្ត និងអ្នកឈ្នះក៏ឈ្នះដោយយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។