គណបក្សសង្គ្រោះជាតិថា នឹងចូលប្រជុំសភានៅថ្ងៃទី៣០ ខែវិច្ឆិកា ប្រសិនបើមានជំនួបកំពូលរវាងគណបក្សទាំងពីរនៅរដ្ឋសភា មុនថ្ងៃប្រជុំសភាពេញអង្គ។
អ្នកនាំពាក្យក្រុមតំណាងរាស្ត្រមតិភាគតិចនៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ថា ការចង់ជួបគ្នារវាងក្រុមភាគតិច និងក្រុមភាគច្រើននេះ គឺចង់ពិភាក្សាជុំវិញសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបវិញថា ថ្ងៃទី៣០ ខែវិច្ឆិកា ពេលព្រឹកប្រជុំសភាធម្មតា ហើយចាប់ពីម៉ោង ៥ល្ងាច គណបក្សទាំងពីរដែលដឹកនាំដោយលោក ស ខេង និងលោក កឹម សុខា អាចជួបចរចាគ្នាធម្មតាដូចលើកមុនៗ។
គណបក្សសង្គ្រោះជាតិ ព្រមានថា ប្រសិនបើគ្មានការជួបគ្នារវាងប្រមុខនៃគណបក្សទាំងពីរនោះទេ តំណាងរាស្ត្រនៃគណបក្សនេះ នឹងមិនចូលប្រជុំសភានោះទេ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថា ទោះជាគ្មានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា អាចអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដែរ។
អ្នកនាំពាក្យក្រុមតំណាងរាស្ត្រមតិភាគតិចនៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ចង់ចូលរួមប្រជុំសភា នៅថ្ងៃទី៣០ វិច្ឆិកា ខាងមុខ ប៉ុន្តែគណបក្សសង្គ្រោះជាតិ ចង់ជួបគ្នាជាមុនសិន។ លោកបន្តថា ការជួបគ្នាមុនប្រជុំសភាពេញអង្គ ដើម្បីជជែកទាក់ទងសេចក្ដីព្រាងច្បាប់ជាចម្បង ពង្រឹងវប្បធម៌សន្ទនា និងរឿងសំខាន់ៗមួយចំនួនទៀត។ លោកថា គណបក្សទាំង២ មិនទាន់មានលិខិតឆ្លើយឆ្លងផ្លូវការនៅឡើយទេ គឺធ្វើឡើងតាមរយៈខុទ្ទកាល័យរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ទៅលោក ស ខេង៖ «យើងចង់ជួបគ្នាមុន ដើម្បីជជែកសេចក្តីព្រាងច្បាប់ ថាតើចំណុចណាវិជ្ជមាន? ចំណុចណាអវិជ្ជមាន? តើមានមតិយោបល់បែបម៉េច? គាំទ្រផ្នែកណា? មិនគាំទ្រផ្នែកណា? នេះជាសេចក្តីផ្ដើមនៃក្រុមភាគតិចភាគច្រើននៅក្នុងសភា»។
សេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាឲ្យដឹងថា សម័យប្រជុំសភាលើកទី៥ នីតិកាលទី៥ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា មានរបៀបវារៈពីរ គឺការពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ និងការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីស្ថិតិ។
ឆ្លើយតបការចង់បាននេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ទោះគ្មានវត្តមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃប្រជុំសភា ក៏គ្មានបញ្ហាដែរ ព្រោះតំណាងរាស្ត្រគណបក្សប្រជាជនមានចំនួនច្រើនលើសលប់ដើម្បីអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦។ អ្នកនាំពាក្យគណបក្សកាន់អំណាចដដែលនៅតែបង្ហាញជំហរនៃការជួបគ្នានៅសប្ដាហ៍ក្រោយ ឬនៅថ្ងៃប្រជុំសភាតែម្ដង គឺនៅពេលល្ងាច៖ «រឿងចូលសភា ឬមិនចូលសភា ចាំបាច់ដាក់លក្ខខណ្ឌអី គាត់មិនចូលក៏ប្រជុំបានដែរ ព្រោះអនុម័តច្បាប់ថវិកា និងច្បាប់មួយចំនួន គឺត្រូវអនុម័តសំឡេងហាសិបបូកមួយ (៥០+១) ហើយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានចំនួនលើសនេះទៀត»។
អ្នកតាដានស្ថានការណ៍នយោបាយនៅកម្ពុជា ស្វាគមន៍នៃការជួបគ្នាជាថ្មីរបស់ប្រមុខគណបក្សមានសំឡេងឆ្នោតនៅក្នុងរដ្ឋសភា។ ក្រោយមានសង្គ្រាមពាក្យរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ការប្រើអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ការទម្លាក់លោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភា និងដកអភ័យឯកសិទ្ធិលោក សម រង្ស៊ី គណបក្សទាំងពីរហាក់នៅឆ្ងាយពីគ្នា។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ វ៉ាវុធ យល់ថា ការជួបគ្នានៅពេលខាងមុខនេះ មានប្រយោជន៍ច្រើនណាស់សម្រាប់សង្គមខ្មែរ។ លោកបណ្ឌិតស្នើឲ្យគណបក្សទាំងពីរបន្ធូរបន្ថយការចង់បានរៀងៗខ្លួនក្នុងពេលចរចា៖ «បើអ្នកនយោបាយឈ្លោះគ្នា គួរតែជួបជជែកគ្នាក្នុងនាមជាគ្រួសារខ្មែរ»។
ទាក់ទងរឿងនេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៦ ខែវិច្ឆិកា សភាសហភាពអឺរ៉ុបសម្ដែងការបារម្ភពីស្ថានភាពនយោបាយ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលបទចោទប្រកាន់នានា លើលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងសកម្មជនបក្សប្រឆាំង។ សភាសហភាពអឺរ៉ុប ក៏គំរាមថា អាចនឹងលុបចោលជំនួយដែលមានទំហំទឹកប្រាក់ប្រមាណ ៤០០លានដុល្លារ ដែលពួកគេគ្រោងផ្ដល់ឲ្យកម្ពុជា។
សាស្ត្រាចារ្យលោកបណ្ឌិត រស់ វ៉ាវុធ ស្នើទៅគណបក្សទាំងពីរឲ្យថយម្នាក់មួយជំហាន ពោលគឺគណបក្សប្រជាជនកម្ពុជា ឈប់ប្រើប្រព័ន្ធតុលាការដើម្បីគាបសង្កត់គណបក្សប្រឆាំង។ រីឯគណបក្សសង្គ្រោះជាតិ កាត់បន្ថយការវាយការប្រហារបក្សកាន់អំណាច និងឈប់កៀរគរបរទេស និងមហាជនឲ្យប្រឆាំងរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។