មន្ត្រីអ្នកនាំពាក្យអង្គប្រជុំរបស់គណបក្សទាំងពីរ ព្យាយាមមិនឆ្លើយសំណួររបស់អ្នកកាសែតឲ្យបានក្បោះក្បាយទេជុំវិញជំនួបនោះ ប៉ុន្តែភាគីទាំងសងខាងបញ្ជាក់ថា ជំនួបពីព្រឹកមិញមានលទ្ធផលវិជ្ជមាននិងមានជំហរកាន់តែខិតជិតគ្នា។
កិច្ចប្រជុំរយៈពេលជាង ៣ម៉ោងរបស់គណបក្សជាប់ឆ្នោតទាំងពីរ មិនទាន់បានសម្រេចលទ្ធផលជាផ្លែផ្កាទេ ហើយក៏មិនមានចេញសេចក្ដីថ្លែងការរួមដូចកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី១៦ កញ្ញា ឡើយ។ មន្ត្រីជាន់ខ្ពស់គណបក្សទាំងពីរអះអាងថា នឹងដកឃ្លាទៅពិភាក្សាផ្ទៃក្នុងរៀងៗខ្លួនសិន ដើម្បីពិនិត្យសំណើរបស់គ្នាទៅវិញទៅមក និងឈានទៅបើកកិច្ចចរចាជាបន្តទៀតឲ្យបានមុនថ្ងៃទី២៣ ខែកញ្ញា។
មន្ត្រីអ្នកនាំពាក្យអង្គប្រជុំរបស់គណបក្សកាន់អំណាច លោក ប្រាក់ សុខុន មានប្រសាសន៍ថា ភាគីទាំងពីរមិនទាន់បានស្រុះស្រួលគ្នា ១០០% ទេ ប៉ុន្តែជំហរទាំងសងខាងកាន់តែខិតជិតរកគ្នា ដែលសង្ឃឹមថា នឹងមានដំណោះស្រាយនៅពេលឆាប់ៗ។ លោកបន្តថា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា យកសំណើរបស់បក្សប្រឆាំងយកទៅពិភាក្សារួចរាល់ នោះនឹងមានកិច្ចប្រជុំជាថ្មីទៀតដើម្បីប្រកាសសម្រេចតែម្ដង។ លោកបញ្ជាក់ថា មានរបៀបវារៈជាច្រើនដែលត្រូវបានភាគីទាំងពីរលើកយកជជែកគ្នា ប៉ុន្តែមិនទាន់អាចប្រាប់មហាជនលម្អិតបានទេ៖ «ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរកាន់តែយល់គ្នាច្រើនណាស់ ដែលខ្ញុំមិនអាចជម្រាបជូនបាន»។
ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ភាគីនីមួយៗបានដកឃ្លាទៅប្រជុំជាក្រុមដោយឡែកពីគ្នាចំនួនមួយលើក មុនពេលបន្តកិច្ចប្រជុំកំពូលតទៅទៀត។ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវេលាម៉ោង ១១ព្រឹក បានដកឃ្លាចេញពីបន្ទប់ពិភាក្សាជាមួយបក្សប្រឆាំង ទៅពិភាក្សាគ្នាជាមួយក្រុមជំនួយនៅបន្ទប់ផ្សេងវិញ។
ក្រុមជំនួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានលោក ជាម យៀប លោក ហ៊ុន ម៉ានី លោក អូន ព័ន្ធមុន្នីរត្ន័ លោក ឱម យ៉ិនទៀង និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។ ក្រុមអ្នកតាមដានបញ្ហានយោបាយជឿថា កិច្ចពិភាក្សារបស់លោក ហ៊ុន សែន និងក្រុមជំនួយ ទំនងជាពិភាក្សាពីសំណើរបស់ប្រឆាំង ហើយក៏អាចជាប្រធានបទមួយដ៏រសើបដែលលោក ហ៊ុន សែន ពិបាកក្នុងការសម្រេចចិត្ត។
ចំណែកឯមន្ត្រីអ្នកនាំពាក្យកិច្ចប្រជុំរបស់បក្សប្រឆាំង លោក យឹម សុវណ្ណ អះអាងថា ការដកឃ្លារបស់លោក ហ៊ុន សែន ដើម្បីទៅពិភាក្សាជាមួយក្រុមជំនួយនោះ គឺធ្វើឡើងឆ្លើយតបនឹងបញ្ហាដែលបក្សសង្គ្រោះជាតិ ស្នើឡើងក្នុងកិច្ចការធ្វើកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗ។ លោកបន្តថា នៅពេលនេះ គណបក្សសង្គ្រោះជាតិ មិនទាន់អាចប្រាប់សាធារណជនបានទេថា បក្សប្រឆាំងបានស្នើឡើងអំពីបញ្ហាអ្វីខ្លះដាក់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិចារណានោះ។ ប៉ុន្តែលោកបញ្ជាក់ដោយខ្លីថា ជាសំណើដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។
លោក យឹម សុវណ្ណ៖ «ខ្ញុំថាឥឡូវនេះយើងកំពុងដោះស្រាយពីភាពខុសគ្នាហើយ វាកាន់តែខិតជិតចូលគ្នាហើយ ពលរដ្ឋកាលណាគាត់ឃើញលទ្ធផលគាប់ចិត្ត អស់ឆ្ងល់ហើយ ម្យ៉ាងទៀតបក្សនីមួយៗ អាចនឹងមានមធ្យោបាយជម្រាបជូនពលរដ្ឋដើម្បីឲ្យពលរដ្ឋអស់ចម្ងល់»។
សំណើដើមរបស់បក្សប្រឆាំងដែលស្នើឲ្យបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីនៅពេលបោះឆ្នោត និងសើរើលទ្ធផលបោះឆ្នោតនោះ ត្រូវបានលោក យឹម សុវណ្ណ បញ្ជាក់ថា មិនទាន់មានការប្រែប្រួលទេ ហើយក៏មិនទាន់សម្រេចថា នឹងចូលរួមប្រជុំសភាតាមការកំណត់ ឬអត់នោះដែរ។
ទោះជាយ៉ាងក៏ដោយ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា បន្ទាប់ពីការចរចាអស់រយៈពេលពីរថ្ងៃនេះ គណបក្សទាំងពីរទំនងជាមានជំហរត្រូវរ៉ូវគ្នាហើយ។ លោកបន្តថា កាលនៅឈ្លោះគ្នា បក្សទាំងពីរដង្ហោយហៅរកពលរដ្ឋឲ្យគាំទ្ររៀងៗខ្លួន ដោយហែកកេរ្តិ៍គ្នាទៅវិញទៅមក ប៉ុន្តែពេលត្រូវគ្នា បែរជាលាក់ព័ត៌មានមិនឲ្យពលរដ្ឋបានដឹងទៅវិញ។ លោកបណ្ឌិតដាក់សំណួរថា តើគណបក្សទាំងពីរចង់កែទម្រង់ក្រសួងអ្វីខ្លះ? ហើយមានប្រយោជន៍អ្វីខ្លះចំពោះប្រជាពលរដ្ឋ ឬក៏ជាការចរចាដើម្បីចែកអំណាចគ្នា?
លោកបណ្ឌិត សុខ ទូច៖ «កែទម្រង់ស្ថាប័នណាខ្លះឲ្យប្រជាជនបានដឹងដើម្បីបានរួមចំណែក។ ពេលភ័យ បារម្ភ គាត់ប្រមូលគេមក ពេលបានផលប្រយោជន៍អត់ប្រាប់គេទេ។ យើងអាចផ្សាយផ្ទាល់ឲ្យពលរដ្ឋបានដឹងទៅ មើលឃើញពីចរិតរបស់អ្នកនយោបាយថា ជជែកគ្នាដើម្បីប្រយោជន៍ជាតិ ឬចែកអំណាចគាត់ចូលរួមដឹងដែរគាត់ចង់បានយុត្តិធម៌ដែរ។ តើតម្លៃនៃការដោះដូរហ្នឹងប៉ុនគ្នានឹងពលរដ្ឋចង់បានឬអត់?»។
នៅក្នុងកិច្ចប្រជុំថ្ងៃទី១៦ ខែកញ្ញា កន្លងទៅ ដែលចំណាយពេលអស់ប្រមាណ ៥ម៉ោង ភាគីទាំងពីរឯកភាពគ្នាលើបញ្ហាសំខាន់ៗបីចំណុច គឺបញ្ឈប់ការប្រើប្រាស់អំពើហិង្សាគ្រប់ប្រភេទ រៀបចំកែទម្រង់ប្រព័ន្ធបោះឆ្នោតឲ្យស៊ីជម្រៅ និងកំណត់បើកការចរចាជាបន្តបន្ទាប់នៅមុនថ្ងៃប្រជុំសភាលើកដំបូង ថ្ងៃទី២៣ ខែកញ្ញា។
មន្ត្រីគណបក្សសង្គ្រោះជាតិបង្ហើបឲ្យដឹងថា បក្សប្រឆាំងបានរៀបចំវិធីសាស្ត្ររួចរាល់ហើយ ដើម្បីធ្វើការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋទាក់ទងជាមួយស្ថាប័នជាតិសំខាន់ៗប្រហែល ១០។ ប៉ុន្តែបក្សកាន់អំណាចមិនទាន់យល់ព្រមឡើយ។ គណបក្សទាំងពីរក៏មិនទាន់កំណត់ថ្ងៃជួបចរចាជាថ្មីដែរ។
ទោះជាបក្សទាំងពីរមិនទាន់ប្រកាសត្រូវគ្នាជាផ្លូវការក្តី អគ្គលេខាធិការដ្ឋានរដ្ឋសភាបានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី១៧ ខែកញ្ញា ដោយជម្រាបជូនសាធារណជនថា រដ្ឋសភានីតិកាលទី៥ នឹងបើកកិច្ចជាលើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ក្រោមរាជាធិបតីភាពរបស់អង្គព្រះមហាក្សត្រ។ ពិធីបើកកិច្ចប្រជុំនោះ នឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិនិងវិទ្យុជាតិទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។