ក្រុម​ការងារ​បក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​ផ្ទុះ​មីន​នៅ​ព្រះវិហារ

ប្រភព​ព័ត៌មាន​ពី​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ ៦​នាក់ ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ដោយសារ​តែ​ផ្ទុះ​មីន​ប្រឆាំង​រថក្រោះ កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា កន្លង​ទៅ​នោះ គឺ​មាន ៣​នាក់ ជា​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​តំបន់។ ក្រុម​ការងារ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ កំពុង​មាន​ការ​មន្ទិល​សង្ស័យ​ថា ការ​ស្លាប់​របស់​សកម្មជន​ទាំង​នោះ អាច​មិន​មែន​ជា​គ្រោះ​ថ្នាក់​ដោយសារ​គ្រាប់​មីន​ចាស់​កប់​ក្រោម​ដី​ដែល​សេស​សល់​ពី​សង្គ្រាម​ជា​យូរ​មក​ហើយ​ទេ។

0:00 / 0:00

ក្រុម​ការងារ​ប្រតិបត្តិ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះវិហារ កំពុង​អំពាវនាវ​ឱ្យ​មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​នានា ចុះ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ ជុំវិញ​ករណី​ផ្ទុះ​គ្រាប់​មីន​សម្លាប់​អ្នក​ភូមិ​ជាំស្រែ ឃុំ​យាង ចំនួន ៦​នាក់ និង​របួស​ម្នាក់​នោះ​ថា តើ​វា​ជា​គ្រាប់​មីន​ដែល​កប់​ក្រោម​ដី​នៅ​សេសសល់​ពី​សង្គ្រាម​ពិត​ប្រាកដ ឬ​ក៏​យ៉ាង​ណា?

ការ​អំពាវនាវ​នេះ ដោយសារ​តែ​គេ​អះអាង​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់ ដែល​ស្លាប់​ដោយសារ​ផ្ទុះ​មីន​ប្រឆាំង​រថក្រោះ កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា នោះ គឺ​មាន ៣​នាក់ ជា​សកម្មជន​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​យាង នៃ​ស្រុក​ជាំក្សាន្ត។

ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ព្រះវិហារ គឺ​លោក សឹង សាន់ដេ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​មាន​ចំណុច​សង្ស័យ​ខ្លះៗ​ទៅ​លើ​ការ​ផ្ទុះ​មីន​ប្រឆាំង​រថក្រោះ​នៅ​ក្នុង​ឃុំ​យាង ដែល​មាន​សកម្មជន​នៃ​គណបក្ស​របស់​លោក ៣​នាក់ បាន​ស្លាប់​នោះ អាច​មិន​មែន​ជា​គ្រាប់​មីន​ចាស់​ដែល​កប់​ក្រោម​ដី​សេសសល់​ពី​សម័យ​សង្គ្រាម ក៏ប៉ុន្តែ វា​អាច​ជា​ចេតនា​របស់​ជន​ណា​មួយ​ដែល​ស្អប់​ខាង​នយោបាយ។

លោក សឹង សាន់ដេ បាន​បញ្ជាក់​ថា អ្វី​ដែល​លោក​សង្ស័យ គឺ​នៅ​ត្រង់​ថា កន្លែង​ដែល​ផ្ទុះ​គ្រាប់​មីន​នោះ​ជា​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​តែង​ចេញ​ចូល​ទៅ​ធ្វើ​ស្រែ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ មិន​ធ្លាប់​មាន​អ្នក​ណា​ម្នាក់​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ទេ៖ «ខ្ញុំ​សង្ស័យ បើ​ប្រជាពលរដ្ឋ​គាត់​ដើរ​ទៅ​មក​រហូត​អីចឹង អត់​ដែល​មាន​បញ្ហា ដល់​ពេល​ល្ងាច​ហ្នឹង ម្ដេច​ក៏​មាន​បញ្ហា​កើត​ឡើង? អីចឹង​សង្ស័យ​ប្រហែល​មាន​គេ​ដាក់ ឬ​យ៉ាង​ណា? ខ្ញុំ​មិន​ហ៊ាន​សន្និដ្ឋាន​ការ​ពិត​ទេ ពីព្រោះ​យើង​មិន​បាន​ឃើញ​ទិដ្ឋភាព​ជាក់ស្ដែង។ សូម​អំពាវនាវ​ឱ្យ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ក៏ដោយ សូម​មេត្តា​ជួយ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ករណី​ហ្នឹង​ផង ហេតុអ្វី​បាន​ជា​ប្រជាពលរដ្ឋ​គាត់​ទៅ​ធ្វើ​ស្រែ​រាល់​ឆ្នាំ មិន​ដែល​មាន​បញ្ហា​កើត​ឡើង ស្រាប់​តែ​ពេល​នេះ​មាន​បញ្ហា​កើត​ឡើង​ដូច្នេះ»

លោក សឹង សាន់ដេ ក៏​បាន​អំពាវនាវ​ដល់​កង​យោធា និង​ក្រុម​បោស​សម្អាត​មីន (CMAC) ឱ្យ​ជួយ​បោស​សម្អាត​ផង​ដែរ ប្រសិន​បើ​ទី​នោះ​សម្បូរ​គ្រាប់​មីន​ដែល​សេសសល់​ពី​សង្គ្រាម​ពិត​មែន។

ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​យាង លោក មាស សាលឿត បាន​មាន​ប្រសាសន៍​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចំនួន ៦​នាក់ នៅ​ភូមិ​ជាំស្រែ ដែល​ស្លាប់​ដោយសារ​ផ្ទុះ​មីន​ប្រឆាំង​រថក្រោះ កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា កន្លង​ទៅ មាន ៣​នាក់ គឺ​ជា​សកម្មជន​របស់​លោក ដែល​មិន​ចំហ។ លោក មាស សាលឿត បាន​បញ្ជាក់​ថា បុរស ៣​នាក់ ដែល​ជា​សកម្មជន​បាន​ស្លាប់​នោះ គឺ ឈ្មោះ ឡុង សំបឿន អាយុ ៤៩​ឆ្នាំ ឈ្មោះ ថង រ៉ាវុធ អាយុ ៣៧​ឆ្នាំ និង​ម្នាក់​ទៀត ឈ្មោះ ស៊ុយ ចាន់ អាយុ ៣៤​ឆ្នាំ។

ទោះ​យ៉ាង​ណា សមត្ថកិច្ច​ប្រចាំ​មូលដ្ឋាន​បាន​ឱ្យ​ដឹង​ថា គេ​មិន​បាន​រក​ឃើញ​អ្វី​ដូច​ការ​អះអាង​របស់​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​នោះ​ទេ។

អធិការ​រង​នគរបាល​ស្រុក​ជាំក្សាន្ត លោក សៃ ស៊ឹម បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់​ទាំង​នោះ ហើយ​មិន​មាន​អ្នក​ណា​ម្នាក់​អះអាង​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ៦​នាក់ និង​របួស​ម្នាក់​នោះ មាន​ខ្លះ គឺ​ជា​សកម្មជន​គណបក្ស​នយោបាយ​ទេ។ លោក​អធិការ​រង​ដដែល​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​គ្រាប់​មីន​ទៀត​សោត ក៏​មិន​មែន​ជា​មីន​ដាក់​ថ្មី​ដែរ ពីព្រោះ​តំបន់​ដែល​ផ្ទុះ​នោះ គឺ​ជា​អតីត​សមរភូមិ​ប្រទាញប្រទង់​គ្នា​រវាង​កងទ័ព​រដ្ឋាភិបាល និង​កម្លាំង​ខ្មែរ​ក្រហម​ជា​យូរ​មក​ហើយ៖ «មីន​ហ្នឹង គឺ​សល់​ពី​សម័យ​សង្គ្រាម កន្លែង​ហ្នឹង គឺ​ជា​តំបន់​ប្រទាញប្រទង់​ពី​សម័យ​ខ្មែរ​ក្រហម។ ចាប់​ពី​មុន​ឆ្នាំ​១៩៩៣ កន្លែង​ហ្នឹង គឺ​ទាហាន​របស់​រដ្ឋាភិបាល​ផង ជា​កន្លែង​របស់​ខ្មែរ​ក្រហម​ផង។ វា​មាន​មីន​ថ្មី​មក​ពី​ណា?»

ប្រភព​ពី​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​បាន​ទៅ​ពិនិត្យ បាន​ទទួល​ស្គាល់​ថា កន្លែង​ដែល​ផ្ទុះ​មីន​នោះ គឺ​ជា​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​តែង​ធ្វើ​ដំណើរ ក៏ប៉ុន្តែ អ្នក​ភូមិ​ដែល​គ្រោះថ្នាក់​ដោយសារ​ផ្ទុះ​មីន​កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា កន្លង​ទៅ គឺ​បាន​នាំ​គ្នា​ជិះ​លើ​គោយន្ត ១​គ្រឿង ធ្វើ​ដំណើរ​ទៅ​ស្រែ ហើយ​គោយន្ត​នោះ​បាន​ផុង​ស្លុះ​ជ្រៅ​ទៅ​ក្នុង​ដី បណ្ដាល​ឱ្យ​ប៉ះ​ចំ​គ្រាប់​មីន​ចាស់​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​កប់​ជ្រៅ​នៅ​ក្នុង​ដី។

ទោះ​យ៉ាង​ណា អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ បាន​ឱ្យ​ដឹង​ថា អង្គការ​អាដហុក មាន​គម្រោង​បញ្ជូន​អ្នក​ស៊ើប​អង្កេត​មួយ​ក្រុម​ពី​ទីក្រុង​ភ្នំពេញ ដើម្បី​ចុះ​ស្រាវជ្រាវ​ករណី​នោះ​ឱ្យ​បាន​ច្បាស់​លាស់។ លោក ឡោ ច័ន្ទ បាន​បញ្ជាក់​ថា លោក​ក៏​មាន​ការ​សង្ស័យ​ខ្លះៗ​ចំពោះ​ករណី​នោះ នៅ​ពេល​ដែល​ទទួល​ព័ត៌មាន​ថា មាន​អ្នក​ស្លាប់​ខ្លះ គឺ​ជា​សកម្មជន​នៃ​គណបក្ស​នយោបាយ​ផង​នោះ។

លោក ឡោ ច័ន្ទ៖ «នេះ​ជា​ការ​មន្ទិល​សង្ស័យ​របស់​អង្គការ​សិទ្ធិ​មនុស្ស​ទេ គឺ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​ករណី​នេះ ពីព្រោះ​វា​ផ្ទុះ​កើត​ឡើង​ចំ​សមាជិក ក៏​ដូច​ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្រប​ពេល​ដែល​ថ្មី​នេះ​មាន​ការ​គំរាម​កំហែង ក៏​ដូច​ជា​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​ដែល​អង្គការ​អាដហុក ខេត្ត​ព្រះវិហារ ទទួល​បាន​ថា មាន​ការ​ចង់​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ ដែល​មាន​និន្នាការ​គណបក្ស​ប្រឆាំង​ហ្នឹង គឺ​វា​ស្រប​ពេល​ពេក»

លោក ឡោ ច័ន្ទ បាន​បញ្ជាក់​ទៀត​ថា ក្រុម​ការងារ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក មាន​គម្រោង​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​នៅ​សប្ដាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។