គណបក្សសង្គ្រោះជាតិ ខេត្តតាកែវ ដាក់ពាក្យប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប (NEC) សុំឲ្យសើរើសន្លឹកឆ្នោត២សន្លឹក បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តតាកែវ (PEC) បានចាត់ទុកជាសន្លឹកឆ្នោតមិនបានការ ដើម្បីសុំផ្ទៀងផ្ទាត់ឡើងវិញ។
សមាជិកឃុំ ២រូប នៅស្រុកបូរីជលសារ ខេត្តតាកែវ មិនសុខចិត្តនឹងការប្រកាសកន្លងទៅ ថាសន្លឹកឆ្នោតពួកគាត់បោះជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុក បានខូចទេ។
ជំទប់ទី១ ឃុំគោកពោធិ៍ លោក សាន់ សំបូរ ថ្លែងថា កាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក អាណត្តិមុន សន្លឹកឆ្នោតគណបក្ស សម រង្ស៊ី ធ្លាប់ខូច ២សន្លឹកដូច្នេះដែរ ទើបការបោះឆ្នោតលើកនេះ គាត់ប្រុងប្រយ័ត្នមិនឲ្យខូចសន្លឹកឆ្នោតទៀតទេ។ ពួកគាត់សន្យាគ្នាថា ត្រូវគូសចំណាំក្នុងប្រអប់រូបសញ្ញាគណបក្សសង្គ្រោះជាតិ គូសលើអក្សរណាមួយក៏បានដែរ ដើម្បីចង់ដឹងថា សន្លឹកឆ្នោតរបស់អ្នកណាមួយខូច ព្រោះពួកគាត់មានគ្នាតែ ៤នាក់ទេ ដែលត្រូវបោះឆ្នោតរើសក្រុមប្រឹក្សាស្រុក និងខេត្ត ជូនគណបក្សសង្គ្រោះជាតិ ទើបគាត់គូសប៊ិចលើអក្សរជាតិ នៅក្នុងសន្លឹកឆ្នោត ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តនោះ។ ស្រាប់តែពេលរាប់សន្លឹកឆ្នោត បែរជាសន្លឹកឆ្នោតគាត់គូសលើអក្សរជាតិនោះ មានគេគូសប៊ិចបន្ថែមទៅលើគណបក្សប្រជាជនកម្ពុជា ទៅវិញ។ គាត់មិនសុខចិត្ត បានដាក់ពាក្យប្ដឹងទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត៖ «ពេលហើយមានឡូហ្គូ (Logo) គណបក្សប្រជាជន មានគូសទឹកប៊ិចបន្តិចទៀត ហើយអ្នកសង្កេតការណ៍ហ្នឹងថា ទឹកប៊ិចហ្នឹងរាងគូសខ្លាំងជាងរបស់ខ្ញុំទៀត ហើយរបស់ខ្ញុំគូសបន្ថើរ ព្រោះខ្ញុំខ្លាចសន្លឹកឆ្នោតនោះខូច»។
ជំទប់ទី២ ឃុំជ័យជោគ លោក កែវ គីម ថ្លែងស្រដៀងគ្នាថា ទង្វើចាត់ទុកសន្លឹកឆ្នោតពួកគាត់មិនបានការ ជាចេតនារបស់អ្នករៀបចំការបោះឆ្នោត ដើម្បីកុំឲ្យសំឡេងគណបក្សសង្គ្រោះជាតិ ជាប់ច្រើន អាចដណ្ដើមអាសនៈសមាជិកក្រុមប្រឹក្សាស្រុក និងខេត្ត៖ «ពួកខ្ញុំពិនិត្យហ្នឹង ខ្ញុំចេះតែភ័យដែរ ខ្ញុំថាអារឿងបោះឆ្នោតហ្នឹងវាចាញ់គេ តែអារឿងគេបន្លំបានរឿងប្រឡាក់ហ្នឹង ហើយខ្ញុំពិនិត្យមើលខ្លាចខាងខ្នងខាងអីមានគេបៀកគេអី ហើយខ្ញុំពិនិត្យហើយអស់ចិត្ត មិនខូច ពិនិត្យហើយខ្ញុំក៏បានគូសចំសញ្ញាអក្សរ "ប" ហ្នឹង ហើយដល់ពេលគេរាប់គេថាខូច»។
អនុប្រធានការិយាល័យបោះឆ្នោតលេខ០០៣ ស្រុកបូរីជលសារ លោក សាន់ សុខន ពន្យល់ថា គ្មានអ្នកណាហ៊ានគូសប៊ិចបន្ថែមលើសន្លឹកឆ្នោតគេបោះនោះទេ។ លោកថា សន្លឹកឆ្នោតចាត់ទុកមិនបានការ ជាសន្លឹកឆ្នោតមួយសន្លឹកអ្នកបោះបានគូសលើសពីមួយគណបក្ស។ លោកថា ការិយាល័យបោះឆ្នោត០០៣ មានអ្នកបោះឆ្នោតមកពីគណបក្សប្រជាជន ២៣រូប និងគណបក្សសង្គ្រោះជាតិ ៤រូប ដែលនឹងបោះឆ្នោតរើសយកក្រុមប្រឹក្សាស្រុក និងខេត្ត៖ «ប្រឡាក់វាផ្សេង អាទឹកប៊ិចវាផ្សិង មានប្រឡាក់ឯណា ប្រឡាក់គេឲ្យដូរ ហើយដូរចេញអស់ហើយ យើងឲ្យដូរមិនមែនថាមិនឲ្យដូរទេ យើងឲ្យដូរត្រឹមត្រូវ គូសចំតែម្តងគូសចំសង្គ្រោះជាតិផង គូសប្រជាជនផង សន្លឹកឆ្នោតនោះចាត់ទុកជាមិនបានការទេ»។
ប្រធានគណៈកម្មការខេត្តតាកែវ រៀបចំការបោះឆ្នោត លោក នួន សារ៉ែម ថ្លែងថា បានសម្របសម្រួលរួចហើយលើបណ្ដឹងមិនសុខចិត្តរបស់គណបក្សសង្គ្រោះជាតិ នោះ។ លោកថា បើសិនគណបក្សសង្គ្រោះជាតិ មិនយកការសម្របសម្រួលនោះ អាចប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន។
ក្រុមប្រឹក្សាខេត្តតាកែវ គណបក្សសង្គ្រោះជាតិ លោក ម៉ៅ សុផល ថ្លែងថា ដោយសារតែសាមីខ្លួនអ្នកបោះឆ្នោតមិនទទួលយកការសម្រេច ថាសន្លឹកឆ្នោតពួកគាត់បោះនោះមិនបានការ ទើបគណបក្សនេះបញ្ជូនពាក្យបណ្ដឹងទៅ គ.ជ.ប៖ «គាត់បោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ទាំង ២អង្គបោះឆ្នោតគូសតែមួយកន្លែង រឿងអីបានជាសន្លឹកឆ្នោតរបស់គាត់មានប្រឡាក់ទៅគណបក្សមួយទៀត។ អ៊ីចឹងយើងមិនអាចទទួលយកបានទេ ពីព្រោះការខូចនេះវាខូចធ្ងន់ធ្ងរ»។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ថ្លែងថា គ.ជ.ប មិនបានទទួលពាក្យបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ខេត្តតាកែវ សុំសើរើសន្លឹកឆ្នោតមិនបានការទេ តែ គ.ជ.ប ទទួលពាក្យបណ្ដឹងគណបក្សសង្គ្រោះជាតិ ពីខេត្តព្រះវិហារ។ គ.ជ.ប បានដោះស្រាយបញ្ចប់រួចហើយ បណ្ដឹងនៅខេត្តព្រះវិហារ នោះ។ លោកបន្តថា នៅរសៀលថ្ងៃទី២៧ ខែឧសភា គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ និងការបែងចែកអាសនៈគណបក្សនយោបាយ ដែលបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមវិទ្យុ និងទូរទស្សន៍ជាតិកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។