ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាល វិជ្ជាជីវៈនិងកិច្ចការនារីនៃរដ្ឋសភា ឬប្រធានគណៈកម្មការទី៨នៃរដ្ឋសភា អ្នកស្រី កែ សុវណ្ណរតន៍ កំពុងប្រឈមនឹងការរិះគន់ថា ជាមនុស្សគ្មានតម្លាភាពការងារនៅក្នុងបក្ស មានបក្ខពួកនិយម។ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅខេត្តសៀមរាប ទាមទារឲ្យថ្នាក់ដឹកនាំគណបក្សមួយនេះ ដោះដូរអ្នកស្រី កែ សុវណ្ណរតន៍ ពីប្រធានក្រុមការងារខេត្តសៀមរាប បន្ទាប់ពីអ្នកស្រី កាន់តួនាទីនេះ ៣អាណត្តិផ្ទួនៗ។
ក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប គ្រោងធ្វើបាតុកម្មអហិង្សាតវ៉ានៅទីស្នាក់ការកណ្តាលគណបក្សនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ មីនា ដើម្បីសុំឲ្យថ្នាក់ដឹកនាំបក្សដូរអ្នកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តសៀមរាប។
លេខាអចិន្ត្រៃយ៍ប្រតិបត្តិខេត្តសៀមរាប របស់គណបក្សសង្គ្រោះជាតិ លោក ពុំ សុវណ្ណ ឲ្យដឹងថា ក្រុមការងារគណបក្សប្រមាណជិត ៥០នាក់ ធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ទាំងយប់ ថ្ងៃទី១ មីនា ដើម្បីនាំគ្នាមកឈរបាតុកម្មអហិង្សានៅមុខស្នាក់ការគណបក្ស ទាមទារដូរអ្នកស្រី កែ សុវណ្ណរតន៍ ចេញពីប្រធានក្រុមការងារខេត្តសៀមរាប។ លោកពន្យល់ថា មូលហេតុសំខាន់នៃការស្នើសុំដូរនេះ ដោយសារតែអ្នកស្រី ធ្វើការបែបបក្ខពួកនិយម ហើយអ្នកដែលធ្វើការជាមួយអ្នកស្រីបាន ទាល់តែអ្នកនោះចេះហៃអើៗ បន្ទរតាមក្រោយ ឬចេះអែបអប៖ «គាត់ (កែ សុវណ្ណរតន៍) បង្កើតបក្ខក្នុងគណបក្ស។ អ្នកណាដែលហៃអើៗ ចេះតែអើៗៗៗ ទៅជាមួយ អាហ្នឹងបានអាចធ្វើការបាន តែអ្នកដែលធ្វើការដើម្បីជាតិ ដើម្បីបក្ស ធ្វើការជាមួយមិនកើត»។
តាមគម្រោងអ្នកដែលឡើងមកតវ៉ាទាំងនោះ នឹងឈរស្រែកជ័យឃោស និងស្រែកសុំដូរអ្នកស្រី កែ សុវណ្ណរតន៍ នៅមុខស្នាក់ការគណបក្សនៅវេលាព្រឹកថ្ងៃទី២ មីនា។ ក្នុងលិខិតជូនដំណឹងជាមុនមកកាន់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា អ្នកតវ៉ាទាំងនោះគ្មានចេតនាបំបែកបំបាក់ផ្ទៃក្នុងគណបក្សសង្គ្រោះជាតិទេ ហើយការតវ៉ានោះក៏មិនមែនទំនាស់ដណ្ដើមអំណាចគ្នាដែរ ពិសេសគ្មានគណបក្សណាមួយស្ថិតនៅពីក្រោយខ្នងញុះញង់ឲ្យមានការស្នើសុំដោះដូរអ្នកស្រី កែ សុវណ្ណរតន៍ ឡើយ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺពីអ្នកស្រី កែ សុវណ្ណរតន៍ បានទេ នៅរសៀលថ្ងៃទី១ ខែមីនា ដោយអ្នកស្រីមិនលើកទូរស័ព្ទ។
យ៉ាងណា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ គិតថា ការគ្រោងចេញមុខតវ៉ារបស់ក្រុមការងារនៅខេត្តសៀមរាបនោះ អាចជាល្បិចនយោបាយរបស់គូបដិបក្ខដែលលោកទំនងជាសំដៅទៅលើគណបក្សកាន់អំណាច។
លោកពន្យល់ថា ចំណុចខ្លាំងរបស់គូប្រជែងគណបក្សសង្គ្រោះជាតិ គឺការបំបែកបំបាក់ផ្ទៃក្នុងគណបក្សនេះហើយ៖ «ក្នុងឆាកនយោបាយមានរឿងល្អនិងរឿងអាក្រក់ច្រើនណាស់ដែលយើងត្រូវដោះស្រាយដោយប្រុងប្រយ័ត្ន។ គូបដិបក្ខរបស់យើងនៅសល់ចំណុចខ្លាំងតែមួយគត់ គឺបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្ស»។
លោកបន្តថា បើទោះបីជាលោកមិនទាន់ដឹងព័ត៌មានលំអិតពីរឿងនេះក្តី តែខាងគណបក្សនឹងស្រាវជ្រាវឲ្យច្បាស់ពីរឿងនៅខាងក្រោយឆាកដែលនាំឲ្យមានការប្រឆាំងនឹងអ្នកស្រី កែ សុវណ្ណរតន៍ ពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រុមការងារមួយចំនួននៅខេត្តសៀមរាប ដែលចោទពីរបៀបធ្វើការអ្នកស្រីប្រកាន់បក្ខពួក។
ពាក់ព័ន្ធបញ្ហានេះ អ្នកវិភាគបញ្ហានយោបាយ លោកបណ្ឌិត សុខ ទូច ឲ្យដឹងថា រឿងអាស្រូវរបស់អ្នកស្រី កែ សុវណ្ណរតន៍ ធ្វើការមានបក្ខពួក និងគ្មានចរិតជាអ្នកដឹកនាំ បានលេចឮតាំងពីមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ មកម្ល៉េះ៖ «អ្វីដែលគណបក្សសង្គ្រោះជាតិ ស្អប់បក្សប្រជាជន ខ្លួនកំពុងតែដើរតាម។ ឧទាហរណ៍ដាក់បក្ខពួកនិយម គ្រួសារនិយម»។
លោកបណ្ឌិត សុខ ទូច បន្តថា ករណីនេះប្រសិនបើគណបក្សកាន់អំណាចប្រើល្បិចបំបែកបំបាក់ផ្ទៃក្នុងបានមែននោះ គណបក្សសង្គ្រោះជាតិ គួរកុំបន្ទោសបក្សប្រជាជន ហើយងាកមកឆ្លុះបញ្ចាំងបក្សរបស់ខ្លួនវិញដើម្បីធ្វើកំណែទម្រង់ក្នុងបក្ស។ ការបំបែកបំបាក់ផ្ទៃក្នុងបក្សប្រឆាំងបានសម្រេច គឺស្មើនឹងការបង្ហាញឲ្យឃើញថា បក្សប្រឆាំងខ្សោយ គណបក្សប្រឆាំងត្រូវរកឲ្យឃើញពីមូលហេតុពិត ថាហេតុអ្វីបានជាបក្សកាន់អំណាចអាចបំបែកបំបាក់បក្សប្រឆាំងបាន ដោយសារតែជំងឺគ្មានប្រជាធិបតេយ្យនៅក្នុងបក្ស គ្មានយុត្តិធម៌នៅក្នុងបក្ស ឬក៏មានមូលហេតុអ្វីផ្សេងទៀត ដែលចេះតែធ្វើឲ្យសកម្មជនបក្សប្រឆាំងត្រូវអូសទាញបានដូច្នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។