មានព្រះសង្ឃ ដូនជី និងប្រជាពលរដ្ឋខ្មែរប្រមាណជាង ៣.០០០នាក់ បានស្ម័គ្រចិត្តចូលរួមសច្ចាក្នុងពិធីបួងសួងនេះនៅមុខប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន បរិវេណអង្គរធំ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា។
លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីពិធីបួងសួងនៅមុខប្រាសាទអង្គរវត្តថា លោកចង់ឃើញអាជ្ញាធរហ៊ានលាតត្រដាងការពិតចំពោះលទ្ធផលនៃការបោះឆ្នោតកាលពីពេលថ្មីៗ ដោយទទួលស្គាល់ជ័យជម្នះរបស់គណបក្សសង្គ្រោះជាតិ ដើម្បីផ្ដល់យុត្តិធម៌តាមឆន្ទៈរបស់ប្រជារាស្ត្រខ្មែរពិតប្រាកដ។
លោក សម រង្ស៊ី បានបញ្ជាក់ថា លោកមិនទាន់ជឿជាក់ណាស់ណាទេទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលសុខចិត្តបើកកញ្ចប់សុវត្ថិភាព "ក" ដើម្បីផ្ទៀងផ្ទាត់លទ្ធផលឆ្នោតនៅតាមបណ្ដាខេត្តមួយចំនួននោះ។ ទោះយ៉ាងណា គណបក្សរបស់លោកកំពុងខិតខំប្រើមធ្យោបាយស្របច្បាប់ អហិង្សា សន្តិវិធីគ្រប់បែបយ៉ាង ដើម្បីឱ្យអាជ្ញាធរលាតត្រដាងការពិត។ ប៉ុន្តែបើ គ.ជ.ប នៅតែមិនបានផ្ដល់យុត្តិធម៌ត្រឹមត្រូវអំពីលទ្ធផលឆ្នោតពិតប្រាកដទេ គឺមហាបាតុកម្ម ត្រូវតែផ្ទុះឡើង។
លោក សម រង្ស៊ី៖ «យើងឥឡូវកំពុងតែតវ៉ាតាមផ្លូវបច្ចេកទេស តាមផ្លូវរដ្ឋធម្មនុញ្ញ តាមផ្លូវច្បាប់ ផ្លូវនយោបាយ តាមផ្លូវការទូត ដើម្បីរកដំណោះស្រាយឱ្យឆ្លើយតបទៅនឹងអ្វីដែលប្រជារាស្ត្រចង់បាន គឺការផ្លាស់ប្ដូរ។ តែទីបញ្ចប់ បើនៅតែជាប់គាំងរកដំណោះស្រាយសមស្របមិនអាចបាន ពេលនោះយើងនឹងឈានទៅដល់ជម្រើសចុងក្រោយ គឺធ្វើមហាបាតុកម្ម។ ឥឡូវនេះមិនទាន់ដល់ដំណាក់កាលហ្នឹងទេ»។
ប្រជាពលរដ្ឋមួយចំនួនបានគាំទ្រចំពោះការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំង ដែលមានគម្រោងធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតនោះ។
បុរសឈ្មោះ ចំណាន រស់នៅក្នុងទីរួមខេត្តសៀមរាប បានមានប្រសាសន៍ថា លោកកំពុងតែរង់ចាំមើលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិនិត្យអំពីលទ្ធផលឡើងវិញ តើវាមានយុត្តិធម៌ពិតប្រាកដ ឬក៏យ៉ាងណា?
ប្រសិនបើការប្រកាសលទ្ធផលឆ្នោតពេលខាងមុខមិនមានភាពយុត្តិធម៌ គឺលោកត្រៀមខ្លួននឹងចូលរួមធ្វើមហាបាតុកម្ម៖ «ឱ្យតែអ្នកច្បាប់និងអ្នកច្បាប់មិនស្ដាប់គ្នាហើយ អានោះ គឺកម្លាំងចិត្តប្រជាពលរដ្ឋនឹងសហការគ្នា នឹងងើបឈរ ដើម្បីទាមទារយុត្តិធម៌ គឺប្រជាពលរដ្ឋចង់បាន ព្រោះកន្លងមក ការរៀបចំតាមច្បាប់ គឺវាអត់បានត្រឹមត្រូវដូចការអះអាងរបស់អ្នកកាន់អំណាចទេ»។
បញ្ហានេះដែរ កាលពីថ្ងៃទី២៤ ខែសីហា កន្លងទៅ ក្រុមអង្គការក្រៅរដ្ឋាភិបាលជាង ៣០អង្គភាព និងគណបក្សនយោបាយចំនួនពីរ នៅតែបន្តទាមទារឱ្យ គ.ជ.ប ដោះស្រាយបញ្ហាចម្បងៗដែលកើតមាននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ ដើម្បីអោយប្រជាពលរដ្ឋ និងអ្នកសង្កេតការណ៍បានអស់ចិត្ត។
ក្រុមអង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយខ្លះបានយល់ថា ភាពមិនប្រក្រតីនៃការបោះឆ្នោត បានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។