មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ជួប​អ្នក​គាំទ្រ​នៅ​ខេត្ត​កណ្ដាល​ដោយ​គ្មាន​ការ​រារាំង

ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​ប្រជាពលរដ្ឋ​ចូល​រួម​ជា​ច្រើន​ពាន់​នាក់ នៅ​ភូមិ​ពោធិ៍លើ ឃុំ​ត្រើយស្លា ស្រុក​ស្អាង ខែត្រ​កណ្ដាល ពុំ​មាន​ការ​រារាំង​ពី​អាជ្ញាធរ​មូលដ្ឋាន​ដូច​កាល​ពី​មុន​ទៀត​ទេ។

ប្រធាន​ប្រតិបត្តិ​ខែត្រ​កណ្ដាល លោក ភួង សុខា មាន​ប្រសាសន៍​ថា នៅ​រសៀល​ថ្ងៃ​ទី​២៦ កុម្ភៈ នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ត្រើយស្លា ដើម្បី​ជម្រាប​ជូន​ពី​គោល​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការវិវត្តន៍​ថ្មី​នៃ​ស្ថានភាព​នយោបាយ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​បាន​ដឹង។ លោក ភួង សុខា បញ្ជាក់​ថា មូលហេតុ​ដែល​គ្មាន​ការ​រំខាន ឬ​រារាំង​ពី​សមត្ថកិច្ច​មូលដ្ឋាន​នេះ ដោយសារ​លោក​បាន​ជួប​អភិបាល​ខែត្រ​កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​ជួបជុំ​នេះ។

ការ​រៀបចំ​ពិធី​ជួបជុំ​គ្នា​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២១ មករា ត្រូវ​បាន​កង​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ និង​មាន​ការ​រំខាន ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លុប​ចោល​ការ​ជួបជុំ​គ្នា​នេះ​វិញ។ ការ​ជួបជុំ​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ នេះ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រើយស្លា ដដែល តែ​នៅ​ទីតាំង​ខុស​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។