បក្ស​ប្រឆាំង​គ្រោង​ដឹកនាំ​បាតុករ​កាន់​កាប់​ទីតាំង​មួយ​ចំនួន​នៅ​ភ្នំពេញ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា ក្រៅ​ពី​ជួប​ជុំ​ប្រជាពលរដ្ឋ​សម្ដែង​មតិ​ហែ​ក្បួន ក្រុម​បាតុករ​មាន​គម្រោង​បិទ​ផ្លូវ​ជាតិ​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល ដែល​កាន់​កាប់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ឆាប់​ដោះ​ស្រាយ​ការ​ជាប់​គាំង​នយោបាយ​ទៀត​ផង។

0:00 / 0:00

លោក ម៉ៅ មុនីវណ្ណ ប្រធាន​ស្ដីទី​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៨ ធ្នូ ថា គម្រោង​បិទ​ផ្លូវ​ជាតិ និង​កាន់​កាប់​ទីតាំង​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ អាច​ធ្វើ​នៅ​ខែ​មករា ឆ្នាំ​២០១៤ បើ​សិន​ជា​ការ​ធ្វើ​បាតុកម្ម​តវ៉ា​នេះ​មិន​បាន​ទទួល​ដំណោះស្រាយ​តាម​ការ​ទាមទារ​នោះ​ទេ៖ «ដើម​ខែ​១​នេះ យើង​នឹង​ធ្វើ​ទ្រង់ទ្រាយ​ធំ​មែន​ទែន​ហើយ ហើយ​ពេល​នោះ ហើយ​មាន​ការ​បិទ​កន្លែង​សំខាន់ៗ មាន​បិទ​ផ្លូវ នៅ​ទីក្រុង​ភ្នំពេញ​នោះ ហើយ​ផ្លូវ​ជាតិ​ទាំង ៨​ខ្សែ​ចូល​ទីក្រុង​ភ្នំពេញ នឹង​ប្លុក (បិទ) ធ្វើ​ឲ្យ​ស្ទះ​ទាំង​អស់»

លោក ម៉ៅ មុនីវណ្ណ បាន​ឲ្យ​ដឹង​បន្ថែម​ថា ចំពោះ​ការ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​បច្ចុប្បន្ន​នេះ គឺ​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៧​យប់ ដោយ​មាន​ការ​ជួបជុំ​បាតុករ​មាន​ការ​ឡើង​ថ្លែង​មតិ​របស់​បាតុករ និង​បេក្ខជន​ជាប់​ឆ្នោត​រដ្ឋ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ពេល​ល្ងាច​មាន​ការ​ហែ​ក្បួន​តាម​វិថី​នានា ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម។

លោក អេង ឆៃអ៊ាង និង​លោក កឹម សុខា ជា​អ្នក​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​អំពី​គម្រោង​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ធ្វើ​បាតុកម្ម​ដែរ​ថា បើ​សិន​ជា​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​នោះ គ្មាន​លទ្ធផល​ដោះស្រាយ​នយោបាយ​បាន​ទេ ក្រុម​បាតុករ​អាច​ឈាន​ទៅ​បិទ​ផ្លូវ​ជាតិ​ធ្វើ​ដំណើរ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​កើត​មាន​ឆាប់​រហ័ស។

ចំពោះ​គម្រោង​របស់​គណបក្ស​សង្គ្រោះ​ជាតិ បិទ​ផ្លូវ​ជាតិ និង​កាន់​កាប់​ទីតាំង​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ខែ​មករា លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា នេះ​ជា​សកម្មភាព​មួយ​ដែល​រំលោភ​ច្បាប់ ដូច្នេះ​អាជ្ញាធរ​មាន​តែ​ប្រើ​ច្បាប់​ដោះស្រាយ​ប៉ុណ្ណោះ៖ «បាទ! តាម​ការ​កត់​សម្គាល់​ឃើញ​ថា កន្លង​មក​នេះ គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ចង់​ផ្ដិត​យក​តាម​គំរូ​ប្រទេស​ជិត​ខាង​ក្នុង​ការ​ធ្វើ​បាតុកម្ម។ ខ្ញុំ​មាន​ការ​សោកស្ដាយ គឺ​ថា យើង​មិន​អាច​ប្រៀបធៀប​ប្រទេស​ជិត​ខាង​មក​ជាមួយ​ប្រទេស​យើង​បាន​ទេ ជា​ពិសេស អាយុកាល​នៃ​លទ្ធិប្រជាធិបតេយ្យ គឺ​នៅ​ប្រទេស​ថៃ វា​ផ្សេង​ពី​យើង​នេះ ជា​ចំណុច​១។ ទី​២ វា​ខុស​គ្នា​ស្រឡះ ហើយ​កាល​ណា​បាតុកម្ម​កាន់​តែ​រមៀល​ឆ្ងាយ​ពី​ផ្លូវ​ច្បាប់​អ៊ីចឹង ខ្ញុំ​គិត​ថា មាន​តែ​វិធានការ​ផ្លូវ​ច្បាប់​ទេ បាន​អាច​ទប់​ទល់​បាន​ជាមួយ​សកម្មភាព​ខុស​ច្បាប់​បែប​នេះ ហើយ​ចំពោះ​ពាក្យ​ថា បាតុកម្ម​ដើម្បី​បិទ​ផ្លូវ​នោះ មាន​អី​ពិបាក​ទេ ច្បាប់​ចរាចរណ៍​មាន​ចែង​ហើយ នៅ​ក្នុង​មាត្រា ៧៨ អ្នក​ណា​បិទ​ផ្លូវ​ទទួល​ទោស​យ៉ាង​ម៉េច បើក​ច្បាប់​មើល​ខ្លួន​ឯង​ទៅ»

ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ពី​ថ្ងៃ​ទី​១៥ ធ្នូ មក ដោយ​មាន​ហែ​ក្បួន​នៅ​ក្នុង​ទីក្រុង​នោះ ធ្វើ​ឲ្យ​អាជ្ញាធរ​រាជធានី​ចោទ​ថា រំលោភ​លើ​ស្មារតី​ព្រមព្រៀង​រវាង​មន្រ្តី​គណបក្ស និង​អាជ្ញាធរ​រាជធានី។ សាលា​រាជធានី​បាន​ផ្ញើ​លិខិត ២ ទៅ​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អំពី​សកម្មភាព​រំលោភ​ទាំង​នោះ។

លិខិត​ចុះ​ថ្ងៃ​ទី​១៥ ធ្នូ បាន​លើក​ឡើង​ថា ទី​១ ការ​ហែ​ក្បួន​ខុស​ពី​លិខិត​អនុញ្ញាត និង​ស្មារតី​កិច្ច​ប្រជុំ​ជា​បន្ត​បន្ទាប់ ទី​២ មិន​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​តាម​ច្បាប់​កំណត់ និង​បន្ត​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​យប់​ថ្ងៃ​ទី​១៥ ធ្នូ ទី​៣ ប្រកាស​បន្ត​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​១៦ ធ្នូ ដោយ​គ្មាន​ការ​ជូន​ដំណឹង​មក​អាជ្ញាធរ។

លិខិត​ថ្ងៃ​ទី​១៧ ធ្នូ បាន​សរសេរ​ថា គម្រោង​សកម្មភាព​នៃ​ការ​សម្ដែង​មតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​គោរព​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ចំណុច​ទាំង​នោះ មាន​ការ​ហែ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដោយ​គ្មាន​ជូន​ដំណឹង​មក​សាលា​រាជធានី​ជាមុន មិន​បាន​រក្សា​សណ្ដាប់​ធ្នាប់ បរិស្ថាន​អនាម័យ មិន​បាន​ជូន​ដំណឹង​មក​សាលា​រាជធានី មុន​រយៈ​ពេល ៥​ថ្ងៃ តាម​ច្បាប់​កំណត់ មិន​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​តាម​ច្បាប់​កំណត់ ព្រម​ទាំង​បន្ត​ស្នាក់​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ការ​អនុញ្ញាត​រៀបចំ​ពិធី​សាសនា ធ្វើ​រូប​ទីង​មោង រៀប​រថយន្ត​ហែ​ក្បួន និង​ប្រើ​ពាក្យ​សម្ដី​ប៉ះពាល់​ដល់​សិទ្ធិ​បុគ្គល​យ៉ាង​ធ្ងន់ធ្ងរ​ជាដើម។

ទោះ​បី​មាន​លិខិត​ព្រមាន​របស់​អាជ្ញាធរ​រាជធានី​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ដឹកនាំ​បាតុកម្ម​ជា​បន្ត ដោយ​មាន​បាតុករ​ចូល​រួម​កើន​ឡើង​ជា​លំដាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។