លិខិតផ្ញើជូន លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែតុលា ចុះហត្ថលេខាដោយតំណាងដឹកនាំធ្វើមហាបាតុកម្មគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គោលបំណងធ្វើមហាបាតុកម្ម ៣ថ្ងៃ គឺដើម្បីស្វែងរកការពិត និងយុត្តិធម៌ជូនពលរដ្ឋ ពាក់ព័ន្ធភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥។
លោក ហូរ វ៉ាន់ តំណាងដឹកនាំធ្វើមហាបាតុកម្ម បានឲ្យដឹងថា បាតុកម្មអហិង្សានេះក៏នឹងទាមទារឲ្យរដ្ឋាភិបាល គោរព និងអនុវត្តឲ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ព្រមទាំងធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក ហូរ វ៉ាន់៖ «យើងចង់ឲ្យប្រទេសជាម្ចាស់ហត្ថលេខីហ្នឹង រំលឹក និងធ្វើឲ្យការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហ្នឹង មានប្រសិទ្ធភាពឡើងវិញ។ ឧទាហរណ៍ ដូចជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ការគោរពបូរណភាពដែនដី ហើយនិងរៀបចំយ៉ាងណាឲ្យមានការគោរពសិទ្ធិមនុស្ស។ គោលបំណងទី៣ គឺយើងចង់ឲ្យរដ្ឋាភិបាល អនុវត្តតាមរដ្ឋធម្មនុញ្ញដែលចែងថា កម្ពុជា ជាប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យបានត្រឹមត្រូវ។ នេះជាគោលបំណង ៣ ដែលយើងធ្វើបាតុកម្ម»។
គម្រោងដឹកនាំធ្វើមហាបាតុកម្មអហិង្សានេះ នឹងចាប់ពីវេលាម៉ោង ៧ព្រឹក ដល់វេលាម៉ោង ៦ល្ងាច ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា នាទីលានប្រជាធិបតេយ្យ ក៏មានសម្ដែងមតិរបស់បាតុករ ការសម្ដែងសិល្បៈចម្រៀង និងមានបញ្ចាំងខ្សែភាពយន្តឯកសារផ្សេងៗជាដើម។
លោក ហូរ វ៉ាន់ ឲ្យដឹងទៀតថា មហាបាតុកម្ម ៣ថ្ងៃ ក៏នឹងមានការដើរហែក្បួនយកញត្តិទៅប្រគល់ជូនអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និងស្ថានទូតមួយចំនួនប្រចាំកម្ពុជា មានដូចជា ស្ថានទូតបារាំង ជប៉ុន សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និងស្ថានទូតអូស្ត្រាលី៖ «យើងមានការហែក្បួននៅថ្ងៃទី២៣ ខែតុលា ដើម្បីយកញត្តិទៅដាក់ជូនអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ ចំពោះថ្ងៃទី២៤ និងទី២៥ ខែតុលា យើងមានគម្រោងហែក្បួនទៅកាន់ស្ថានទូតដែលជាម្ចាស់ហត្ថលេខីសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានដូចជា ស្ថានទូតសហរដ្ឋអាមេរិក បារាំង ជប៉ុន អូស្ត្រាលី កាណាដា ចិន និងឥណ្ឌូនេស៊ី ដែលជាម្ចាស់ហត្ថលេខីសំខាន់នោះ»។
យ៉ាងណាក៏ដោយ លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធ កំពុងពិនិត្យលើលិខិតធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនទាន់កំណត់បែបណាទេ៖ «យើងនឹងអញ្ជើញតំណាងគាត់មកពិភាក្សាគ្នានៅសាលាក្រុង»។
នៅក្នុងលិខិតបក្សសង្គ្រោះជាតិ ក៏បានស្នើយកទីធ្លានៅសងខាងទីលានប្រជាធិបតេយ្យ ដើម្បីសង់ជាវេទិកា និងរោងសម្រាប់បាតុករ ជម្រកការពារភ្លៀង និងកម្ដៅថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់យប់ថ្ងៃទី២៥ ខែតុលា។ ក្រៅពីនេះ ក៏បានស្នើឲ្យអាជ្ញាធរសាលារាជធានីភ្នំពេញ ជួយបង្កលក្ខណៈ និងសម្រួលទីតាំងមួយចំនួននៅជុំវិញបរិវេណទីលានប្រជាធិបតេយ្យ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព ជូនដល់បាតុករនៃមហាបាតុកម្មអហិង្សាដោយអនុគ្រោះថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។