បក្ស​ប្រឆាំង​ច្រាន​ចោល​ការ​ដោះស្រាយ​បណ្ដឹង​ករណី​ក្នុង​ខេត្ត​ចំនួន​៣

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​បន្ត​នីតិវិធី​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បណ្ដឹង ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​កន្លង​មក នៅ​ទីស្ដីការ គ.ជ.ប។ ប៉ុន្តែ ដំណើរ​ការ​នៃ​ការ​ដោះស្រាយ​នោះ មិន​មាន​ភាព​រលូន​នោះ​ឡើយ ដោយសារ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើសុំ​ឱ្យ គ.ជ.ប ផ្ទៀងផ្ទាត់​នូវ​ក្រដាស​ទម្រង់ ១១០៨ និង​បើក​កញ្ចប់​សុវត្ថិភាព “ក” ជា​សាធារណៈ ពីព្រោះ​វា​ជា​ភស្តុតាង​ដ៏​សំខាន់​ដែល​គណបក្ស​ប្រឆាំង​បាន​អះអាង។

0:00 / 0:00

ប៉ុន្តែ សំណើ​របស់​បក្ស​ប្រឆាំង​នោះ ត្រូវ​បាន​តំណាង គ.ជ.ប បដិសេធ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បក្ស​ប្រឆាំង​យល់​ថា វា​មាន​ភាព​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ករណី​នេះ។

ការ​ផ្ទៀងផ្ទាត់​រាប់​សំឡេង​ឆ្នោត​នៅ​ទីស្នាក់ការ​របស់ គ.ជ.ប នៅ​ថ្ងៃ​ទី១៦ សីហា បាន​ជួប​ប្រទះ​ការ​មិន​ចុះ​សម្រុង​គ្នា រវាង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​តំណាង គ.ជ.ប ជា​ថ្មី​ម្តង​ទៀត ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន និង​ទាមទារ​ឲ្យ​មាន​ការ​បង្កើត​ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ជា​បន្ទាន់។

កាល​ពី​ថ្ងៃ​ទី១៥ សីហា កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​ករណី​ដោះស្រាយ​បណ្ដឹង ចំពោះ​ខេត្ត​ក្រចេះ ម្តង​ហើយ។ នៅ​ថ្ងៃ​ទី១៦ សីហា គឺ​ជា​ករណី​ដោះស្រាយ​បណ្ដឹង​នៅ​ខេត្ត​ចំនួន​បី​ទៀត គឺ​ខេត្ត​បាត់ដំបង សៀមរាប និង​ខេត្ត​កណ្ដាល ក៏​នៅ​តែ​មាន​ករណី​មិន​ចុះ​សម្រុង​គ្នា​ដែរ ត្រង់​ថា ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើសុំ​ឱ្យ​ខាង គ.ជ.ប ផ្ទៀងផ្ទាត់​ឡើង​វិញ​ចំពោះ​ទម្រង់ ១១០២ ១១០៤ និង ១១០៨ ប៉ុន្តែ​ខាង គ.ជ.ប បាន​យក​តែ​ទម្រង់ ១១០២ និង ១១០៤ មក​ផ្ទៀងផ្ទាត់​តែ​ប៉ុណ្ណោះ។ មិន​តែ​ប៉ុណ្ណោះ ខាង​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើសុំ​ឱ្យ គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព "ក" ប៉ុន្តែ​នៅ​តែ​មិន​មាន​ការ​យល់​ព្រម​ពី​ខាង គ.ជ.ប ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ការ​ស្នើសុំ​ឱ្យ គ.ជ.ប យក​ទម្រង់ ១១០២ និង ១១០៨ ដែល​នៅ​ក្នុង​កញ្ចប់​មក​ធ្វើ​ការ​ផ្ទៀងផ្ទាត់ ប៉ុន្តែ គ.ជ.ប បាន​បដិសេធ។ លោក​បន្ត​ថា ខាង​គណបក្ស​លោក​បាន​ស្នើសុំ​ឱ្យ គ.ជ.ប បើក​សវនាការ​មួយ ដើម្បី​ដោះស្រាយ​ឱ្យ​ចំ​បញ្ហា ដើម្បី​រក្សា​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ មិន​មែន​គ្រាន់​តែ​ផ្ទៀងផ្ទាត់​នោះ​ទេ។

លោក យឹម សុវណ្ណ៖ «ឈ្មោះ​ប៉ោង ឈ្មោះ​ស្ទួន​រាប់​ម៉ឺន​រាប់​សែន​នាក់ ដែល​យើង​ដាក់​ភស្តុតាង​ទាំង​ជុងៗ អត់​យក​មក​ដោះស្រាយ​បញ្ហា​ទេ តែ​ឈ្លេច​យក​បញ្ហា​ដ៏​តូច​មួយ​មក​ធ្វើ រួច​យក​មក​ចាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​បំភាន់​មតិ​សាធារណៈ​ជាតិ និង​អន្តរជាតិ ថា​បាន​ដោះស្រាយ​រួច​ហើយ»

ជាង​នេះ​ទៅ​ទៀត លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ គ.ជ.ប គ្មាន​អ្វី​ដែល​អាថ៌កំបាំង​នោះ​ទេ គ.ជ.ប ត្រូវ​តែ​ដោះស្រាយ​រាល់​បណ្ដឹង​ដែល​មាន​ទាំងអស់​ឱ្យ​ចំ​បញ្ហា មិន​មែន​គ្រាន់​តែ​ធ្វើ​ឱ្យ​តែ​ល្អ​មើល​នោះ​ទេ។ លោក​ក៏​បាន​បន្ត​ថា ក្នុង​នាម​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូល​រួម​នៅ​ក្នុង​ឱកាស​នេះ គឺ​គ្រាន់​តែ​ចូល​រួម​ដើម្បី​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជន​រង​គ្រោះ។

បេក្ខជន​តំណាង​រាស្ត្រ​ខេត្ត​កណ្ដាល លោក អេង ឆៃអ៊ាង បាន​ឱ្យ​ដឹង​ថា គ.ជ.ប ត្រូវ​មាន​ចំណាត់​ការ​ចំពោះ​ករណី​រាប់​សន្លឹក​ឆ្នោត​មិន​បាន​ការ​ឡើង​វិញ ពីព្រោះ​នៅ​ក្នុង​ការិយាល័យ​ខ្លះ​មាន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ទាំង​នោះ​ច្រើន​ជាង​ធម្មតា។ មិន​តែ​ប៉ុណ្ណោះ ការ​ផ្ទៀងផ្ទាត់​នៅ​ក្នុង​ខេត្ត​កណ្ដាល គឺ​មិន​មាន​គ្រប់ ១៩៩​ការិយាល័យ​នោះ​ទេ ដោយ​មាន​បាត់​ការិយាល័យ​មួយ​ចំនួន៖ «ហើយ​បាត់​ការិយាល័យ ៨​ទៀត នៅ​សង្កាត់​តាខ្មៅ ហើយ​ដោយសារ​អ្វី គឺ​ដោយសារ​នៅ​សង្កាត់​តាខ្មៅ ហ្នឹង អត់​មាន​ទម្រង់ ១១០៨»

ចំពោះ​ការ​ផ្ទៀងផ្ទាត់​ចំពោះ​ភាព​មិន​ប្រក្រតី​នេះ លោក ទេព នីថា បាន​ឱ្យ​ដឹង​ថា គ.ជ.ប បាន​អនុវត្ត​ទៅ​តាម​នីតិវិធី​តែ​ប៉ុណ្ណោះ ហើយ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ល្អ​ប្រសើរ។ លោក​បន្ត​ថា ចំពោះ​នៅ​ខេត្ត​កណ្ដាល គឺ​នៅ​មាន​ខ្វះ ៨​ការិយាល័យ ដែល​មិន​ទាន់​បាន​ផ្ទៀងផ្ទាត់៖ «ការ​ផ្ទៀងផ្ទាត់​ជា​រួម យើង​ទទួល​បាន​លទ្ធផល​ល្អ។ ការ​ផ្ទៀងផ្ទាត់​នៅ​ខេត្ត​កណ្ដាល នេះ គឺ​ជា​ការ​ផ្ទៀងផ្ទាត់​ទម្រង់ ១១០២ និង​ទម្រង់ ១១០៨។ ការ​ផ្ទៀងផ្ទាត់​នេះ គឺ​នៅ​សល់ ៨​ការិយាល័យ​ចុង​ក្រោយ គឺ​នៅ​ទម្រង់ ១១០៨ នៅ​ក្នុង​កញ្ចប់»

លោក​ក៏​បាន​បន្ថែម​ទៀត​ថា ខាង គ.ជ.ប ផ្ទៀងផ្ទាត់​ទម្រង់​បណ្ដឹង​ទាំងអស់​ទៅ​តាម​អ្វី​ដែល​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ជូន ប៉ុន្តែ​មិន​អាច​ធ្វើ​ការ​ស្នើសុំ​អ្វី​ដែល​មិន​មាន​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​ទេ។ លោក​បាន​បន្ត​ទៀត​ថា ចំពោះ​កញ្ចប់​សុវត្ថិភាព "ក" ខាង គ.ជ.ប អាច​បើក​បាន​នៅ​ក្នុង​ករណី​ដែល​មាន​បណ្ដឹង​ធ្ងន់ធ្ងរ រហូត​ឈាន​ទៅ​ដល់​ការ​បោះ​ឆ្នោត​ឡើង​វិញ ទើប​ខាង គ.ជ.ប អាច​បើក​បាន៖ «ហើយ​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព "ក" ហ្នឹង មាន​ទី​មួយ គឺ​មាន​សន្លឹក​ឆ្នោត​ដែល​នៅ​សល់ សន្លឹក​ឆ្នោត​ដែល​បោះ​ហើយ មាន​បញ្ជី​ឈ្មោះ​ដែល​បោះ​ហើយ មាន​ទម្រង់ ១១០១ ១១០២ និង ១១០៨ នៅ​ក្នុង​ហ្នឹង ហើយ​មាន​ត្រា​សម្ងាត់ មាន​ឯកសារ​ជាច្រើន​ទៀត​នៅ​ក្នុង​នេះ»

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ក៏ លោក យឹម សុវណ្ណ នៅ​តែ​អះអាង​ថា ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ផ្ទៀងផ្ទាត់​ចំពោះ​ខេត្ត​ទាំង​បី នៅ​ថ្ងៃ​ទី១៦ សីហា នៅ​តែ​មិន​អាច​ចុះ​សម្រុង​គ្នា​បាន​ដដែល។ ដោយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ សូម​ឱ្យ​សមាជិក​ខាង គ.ជ.ប ទាំង ៩​រូប ឱ្យ​មក​ដោះស្រាយ​នៅ​ចំពោះ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សម​ស្រប។

ជាង​នេះ​ទៅ​ទៀត នៅ​ថ្ងៃ​ទី១៦ សីហា នេះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​សូម​ឱ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​រាល់​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត និង​ស្នើសុំ​ដោយ​ទទូច ឱ្យ គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព "ក" ដើម្បី​ឱ្យ​មាន​ការ​ផ្ទៀងផ្ទាត់​នូវ​ភាព​មិន​ប្រក្រតី​នៃ​ទម្រង់​លេខ ១១០៤ ជាមួយ​ទម្រង់​លេខ ១១០២ និង ១១០៨ ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។