ច្បាប់ថ្មីដែលបក្សប្រឆាំងស្នើឡើងនេះ គឺមិនអនុញ្ញាតឲ្យអតីតមេដឹកនាំក្នុងរបបខ្មែរក្រហម មានតួនាទីសំខាន់ក្នុងស្ថាប័នកំពូលរបស់រដ្ឋាភិបាល។
សំណើធ្វើច្បាប់ទប់ស្កាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមរបស់មេដឹកនាំបក្សប្រឆាំងដូចនេះ កើតឡើងក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា បើបក្សប្រឆាំងឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ ខែកក្កដា នោះរបបខ្មែរក្រហមអាចនឹងវិលមកជាថ្មី។
ថ្លែងក្នុងសន្និសីទកាសែតនាទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃទី២៩ ខែឧសភា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានស្នើឲ្យរដ្ឋាភិបាល ឬបក្សកាន់អំណាចធ្វើច្បាប់ថ្មី១ ដើម្បីទប់ស្កាត់របបខ្មែរក្រហម។
លោកសង្កត់ធ្ងន់ថា បើប្រមុខដឹកនាំ ឬគណបក្សប្រជាជន ពិតជាមានចេតនាមិនចង់ឲ្យរបបប្រល័យពូជសាសន៍វិលវិញនោះ ត្រូវធ្វើច្បាប់ថ្មីមួយហាមមិនឲ្យអតីតមេដឹកនាំក្នុងរបបខ្មែរក្រហមមិនឲ្យមានតួនាទីសំខាន់ក្នុងស្ថាប័នកំពូលៗរបស់ជាតិជាដាច់ខាត ព្រោះអាចដឹកនាំប្រទេសវិលទៅរករបបខ្មែរក្រហមជាថ្មី។
លោក កឹម សុខា ព្រមានថា បើមិនចង់ឲ្យរបបប្រល័យពូជសាសន៍វិលមកវិញដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងនោះ រដ្ឋាភិបាលគួរធ្វើច្បាប់នេះឲ្យចេញជារូបរាង្គ៖ «បើសិនជាគណបក្សប្រជាជនចេតនាមិនចង់ឲ្យគណបក្សប្រជាជនវិលមកវិញមែន គឺធ្វើច្បាប់មួយទៅ ខ្ញុំគាំទ្រ។ ច្បាប់មួយថា បើនរណាដែលធ្លាប់ជាមេដឹកនាំខ្មែរក្រហម ហើយបាតដៃប្រឡាក់ឈាម កុំឲ្យអនុញ្ញាតឲ្យមកធ្វើជានាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា ឬប្រធានព្រឹទ្ធសភា។ ប៉ុន្តែចំពោះមន្ត្រីខ្មែរក្រហមធម្មតាអាចមករួបរួមជាតិ គាត់ធ្វើបានក្នុងតំណែងធម្មតា តែកុំឲ្យដល់តំណែងកំពូល»។
សំណើរបស់លោក កឹម សុខា ដូច្នេះបន្ទាប់ពីក្នុងមួយរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងបានលើកឡើងពីការវិលវិញនៃរបបខ្មែរក្រហមនៅកម្ពុជា បើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតខែកក្កដា ខាងមុខ។ ប្រតិកម្មតបរបស់មេបក្សប្រឆាំង ក៏ទំនងជាចង់បញ្ជាក់ឲ្យប្រជាពលរដ្ឋខ្មែរជ្រាបថា ថ្នាក់ដឹកនាំរដ្ឋាភិបាលសព្វថ្ងៃមួយចំនួនជាអតីតមេដឹកនាំក្នុងរបបខ្មែរក្រហម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅខេត្តកែប ថ្ងៃទី២២ ខែឧសភា មានប្រសាសន៍ថា របបខ្មែរក្រហមអាចនឹងវិលវិញ បើគណបក្សប្រឆាំងឈ្នះការបោះឆ្នោតនាខែកក្កដា ខាងមុខ។ លោកសង្កត់ធ្ងន់ថា សញ្ញាណឈានទៅរករបបខ្មែរក្រហមវិលវិញនៅកម្ពុជា ក៏ព្រោះតែគណបក្សប្រឆាំងបានដើរឃោសនាសន្យាលុបបំណុលរបស់ប្រជាពលរដ្ឋដែលជំពាក់ធនាគារចោលទាំងស្រុង។
លោក ហ៊ុន សែន៖ «អ៊ីចឹងខ្ញុំករុណាខ្ញុំថា របបអាពតនឹងមកដល់។ មូលហេតុងាយយល់ដូច្នេះ ឥឡូវបើបងប្អូនទាំងឡាយដើរជំពាក់ធនាគារ បែរជាជឿនៅសម្តីខ្សឹបខ្សៀវ ឬឃោសនាថា នៅពេលដែលគេឈ្នះគេនឹងលុបចោលបំណុល។ តើគេត្រូវធ្វើអីមុនដើម្បីឲ្យលុបបំណុលបាន? ដំបូងបំផុតគេធ្វើដូចអាពត គឺបានសេចក្តីថា រំលំចោលធនាគារនៅទីក្រុងភ្នំពេញ ច្បាប់ធនាគារអីត្រូវរំសាយចោលទាំងអស់សិន»។
បន្ថែមលើនេះ នៅថ្ងៃទី២៧ ខែឧសភា នារាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រីបានចោទគណបក្សប្រឆាំង គឺសំដៅលើរូបលោក កឹម សុខា ដែលមិនទទួលស្គាល់របបខ្មែរក្រហម ឬក៏គុកទួលស្លែង មិនបានសម្លាប់មនុស្សជាដើម។
បញ្ហានេះលោក ហ៊ុន សែន បានស្នើឲ្យមន្ត្រីក្រោមឱវាទជាតំណាងរាស្ត្រ ត្រូវរៀបចំស្នើច្បាប់ថ្មីមួយដើម្បីដាក់ទោសទណ្ឌបុគ្គល ឬជនទាំងឡាយណាដែលនិយាយថា កម្ពុជាមិនមានរបបខ្មែរក្រហម ឬខ្មែរក្រហមមិនបានសម្លាប់មនុស្សជាដើម។
ទោះយ៉ាងណា ការចោទនេះត្រូវបានលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ច្រានចោល និងចាត់ទុកការបញ្ចេញព័ត៌មានផ្តើមដោយបក្សកាន់អំណាច ឬប្រមុខរដ្ឋាភិបាល ជារបាយការណ៍បំផ្លើស បំភ្លៃខុសការពិតទាំងស្រុង៖ «អ៊ីចឹងយើងត្រូវធ្វើច្បាប់មួយបន្ទាន់ដែរ បើសិនជាត្រូវការ។ ធ្វើច្បាប់មួយ នរណាដែលនិយាយ ដែលចង់ធ្វើសង្គ្រាម ដែលខ្លួនចាញ់ឆ្នោតយកទៅកាត់ទោសបានត្រូវ ព្រោះអ្នកចង់ធ្វើសង្គ្រាម។ គណបក្សសង្គ្រោះជាតិអត់ចង់ធ្វើផង គាត់អ្នកថាចាញ់ឆ្នោតធ្វើសង្គ្រាម»។
ចំណែកលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានហៅការចោទប្រកាន់របស់លោក ហ៊ុន សែន ឬបក្សកាន់អំណាចមកលើថ្នាក់ដឹកនាំគណបក្សប្រឆាំងថា ជាការគំរាមកំហែងដៃគូប្រកួតប្រជែងនៅមុនការបោះឆ្នោតសភាអាណត្តិទី៥ ជិតចូលមកដល់។ លោកចាត់ទុកល្បិចកលរបស់លោក ហ៊ុន សែន វាយប្រហារ ឬធ្វើសកម្មភាពមកលើបក្សប្រឆាំងមិនមែនជារឿងថ្មីនោះទេ ទង្វើ និងការចោទប្រកាន់ផ្សេងៗរបស់បក្សកាន់អំណាចពេលនេះ ស្រដៀងគ្នាអាណត្តិបោះឆ្នោតមុនៗ។
លោក គង់ គាំ បានចោទលោក ហ៊ុន សែន មិនហ៊ានប្រកួតបោះឆ្នោតដោយយុត្តិធម៌ ហើយតែងប្រើល្បិចកល ឬប្រើប្រព័ន្ធតុលាការដើម្បីគាបសង្កត់បក្សប្រឆាំង ដែលជាដៃគូប្រកួតបោះឆ្នោតដ៏សំខាន់របស់ខ្លួន៖ «បំផ្លាញថ្នាក់ក្រោមអត់បាន ឥឡូវកំពុងបំផ្លាញថ្នាក់លើ ដូច្នេះគេប្រើតុលាការ។ នៅចាំទេ លោក សុរិយា ស៊ូប៊ែឌី ក៏គាត់ចាប់អារម្មណ៍ដែរថា គេប្រើយុវជន និងប្រើអ្នកម៉ូតូឌុបឲ្យមករំខានគាត់។ តើដឹងទេ គឺជាកលល្បិច គេថាស្វាយកបាយលាបមាត់ពពែ»។
យ៉ាងនេះក្តី សំរាប់អ្នកវិភាគបញ្ហាសង្គម និងអ្នកវិភាគឯករាជ្យមួយចំនួននៅកម្ពុជា បានចាត់ទុកការប្រើពាក្យវាយប្រហារ ឬការចោទប្រកាន់ផ្សេងៗរបស់ប្រមុខដឹកនាំរដ្ឋាភិបាល ឬបក្សកាន់អំណាចទៅលើគណបក្សប្រឆាំង ថាជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយ។ ប៉ុន្តែបានហៅសកម្មភាពនេះថា អាចនឹងបង្កើនកម្តៅនយោបាយ ឬក៏ធ្វើឲ្យបរិយាកាសនៃការបោះឆ្នោតសភានីតិកាលទី៥ ខែកក្កដា មានសភាពអាប់អួ។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ រីឯពេលវេលានៃការឃោសនាបោះឆ្នោត នឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៨ បានចុះបញ្ជីគណបក្ស និងបេក្ខជនចូលរួមប្រកួតប្រជែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។