តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​រហូត​មាន​ការ​ធានា​សុវត្ថិភាព

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ទី​៥ វិច្ឆិកា អះអាង​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥៥​នាក់ កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​នៅ​ឡើយ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​ជនសង្ស័យ​បី​នាក់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា កាល​ពី​​ថ្ងៃ​ទី​២៦ តុលា ក៏ដោយ។

លោក អ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​អស់​នឹង​​ឈប់​ធ្វើ​ការងារ​មួយ​រយៈ រួម​ទាំង​ការងារ​នៅ​តាម​មូលដ្ឋាន និង​ការងារ​នៅ​រដ្ឋ​សភា៖ «បាន​សម្រេច​គ្នា​ថា ដោយសារ​ទាក់ទង​នឹង​សុវត្ថិភាព​តំណាងរាស្ត្រ យើង​មិន​អាច​ទៅ​ចូលរួម​ប្រជុំ ឬ​ក៏​ចុះ​មូលដ្ឋាន​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ​បាន​ទេ​ក្នុង​រយៈពេល​នេះ។ ត្រូវ​ស្រាវជ្រាវ​រក​ជន​ដៃដល់​ទាំង​អស់ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ដើម្បី​ឲ្យ​យើង​មាន​ភាព​កក់ក្ដៅ​ថា នឹង​មិន​មាន​អ្វី​កើត​ឡើង​សម្រាប់​អ្នក​តំណាងរាស្ត្រ»

ការ​សម្រេច​ចិត្ត​ធ្វើ​ពហិការ​កិច្ច​ប្រជុំ​រដ្ឋសភា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ស​ង្រោះ​ជាតិ និង​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស បាន​ប្រាប់​ទៅ​មន្ត្រី​ស្ថានទូត​បរទេស​មួយ​ចំនួន​ថា តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នឹង​ចូល​បម្រើ​​ការងារ​នៅ​រដ្ឋ​សភា​វិញ នៅ​ពេល​រដ្ឋាភិបាល​អាច​ធានា​សុវត្ថិភាព​ជូន​អ្នក​តំណាងរាស្ត្រ​ទាំង​នោះ។

​លោក អ៊ូ ច័ន្ទឫទ្ធិ បន្ត​ទៀត​ថា គណបក្ស​ប្រឆាំង​មិន​ទាន់​ទទួល​យក​ចំណាត់ការ​របស់​សមត្ថកិច្ច​ដែល​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ចំនួន​បី​នាក់​នោះ​ទេ។ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​ត្រូវ​បន្ត​ស្វែង​រក​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​អស់​ទាក់ទង​នឹង​បទឧក្រិដ្ឋ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ ពីព្រោះ​ជន​ដៃដល់​មាន​ចំនួន​ច្រើន​ជាង​នេះ ហើយ​អ្នក​នៅ​ពីក្រោយ​ខ្នង​ក៏​មិន​អាច​អោយ​រួច​ខ្លួន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។