បក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​​ចរចា​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២៣ មេសា ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់​បច្ចេកទេស​បន្ត​ទៀត។

លោក កឹម សុខា មាន​ប្រសាសន៍​ពី​សហរដ្ឋ​អាមេរិក​មក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចរចា​តាម​ទូរស័ព្ទ​ជាមួយ​លោក ហ៊ុន សែន ទៀត​ឡើយ។ លោក​អះអាង​ថា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ពិនិត្យ​មើល​កិច្ចព្រមព្រៀង​កាល​ពី​មុន​បន្ត​ទៀត។

លោក កឹម សុខា៖ «យើង​ត្រូវ​រៀប​ចំ​របៀបវារៈ​ដើម្បី​ជជែក​គ្នា ពិនិត្យ​នូវ​សេចក្ដី​ព្រាង​កាល​លើក​មុន​ឡើង​វិញ​មើល តើ​មាន​ស្អី​ដែល​យើង​អាច​ជជែក​គ្នា​បាន​ត​ទៅ​ទៀត»

លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​បរាជ័យ​ក្នុង​ការ​ចរចា​តាម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​ទី​៩ មេសា ​ខណៈ​លោក កឹម សុខា អវត្តមាន​ក្នុង​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​អះអាង​ថា នឹង​ធ្វើ​ការ​ចរចា​ទៀត​នៅ​ក្រោយ​ពេល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ត្រឡប់​ពី​ក្រៅ​ប្រទេស​វិញ។ លោក កឹម សុខា នឹង​មក​ដល់​ប្រទេស​កម្ពុជា វិញ នៅ​យប់​ថ្ងៃ​ច័ន្ទ ទី​២៨ មេសា ខាង​មុខ។

ស្នើ​សុំ​ទីលាន​ប្រជាធិបតេយ្យ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា

ទន្ទឹម​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ ស្នើ​សុំ​ទីលាន​ប្រជាធិបតេយ្យ ឬ​សួន​ខាង​ត្បូង​វត្ត​បទុមវតី ដើម្បី​ជួបជុំ​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខណ្ឌ នៃ​រាជធានី​ភ្នំពេញ។ គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា សរសេរ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៣ មេសា ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ការ​ជួបជុំ​តំណាងរាស្ត្រ​សមាជិក សមាជិកា ក្រុមប្រឹក្សា​រាជធានី ប្រឹក្សា​ខណ្ឌ និង​សង្កាត់ សកម្មជន និង​ប្រជាពលរដ្ឋ​ប្រមាណ​ពី ៣ ទៅ ៥​ពាន់​នាក់ នៅ​ថ្ងៃ​ទី​២ ឧសភា ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៩​យប់។ លោក ម៉ន ផល្លា ក៏​បាន​ស្នើសុំ​ការ​ជួបជុំ​ស្រដៀង​គ្នា​នេះ​ដែរ នៅ​ពេល​ក្រោយៗ​ទៀត ក្នុង​យុទ្ធនាការ​នៃ​ការ​បោះ​ឆ្នោត។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មាន​រយៈពេល ១៥​ថ្ងៃ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០១៤។ ចំណែក​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត និង​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​២ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​ឆ្លើយតប​នឹង​សំណើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។