មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា តំណាងរាស្ត្រ និងមន្ត្រីរបស់ខ្លួន នឹងជួបជុំគ្នាថ្លែងសារនៅមុខពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រៀងរាល់ព្រឹកថ្ងៃច័ន្ទ ដើម្បីទាមទារឲ្យតុលាការអនុញ្ញាតឲ្យមន្ត្រីគណបក្សប្រឆាំងអាចចូលជួបប្រធានគណបក្សរបស់ខ្លួន គឺលោក កឹម សុខា ព្រមទាំងបង្ហាញការមិនពេញចិត្តចំពោះចំណាត់ការរបស់តុលាការពេលនេះ។ ការបញ្ជាក់ជំហរដូចនេះ ធ្វើឡើងក្នុងពេលជួបជុំជាមួយតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា និងសមាជិកគណបក្សប្រឆាំងក្នុងខេត្តត្បូងឃ្មុំ ប្រមាណ ៥០នាក់ នៅខាងមុខពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី១១ កញ្ញា។
ការថ្លែងសារនយោបាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជាង ១០នាទីនៅមុខមណ្ឌលអប់រំកែប្រែទី៣ ឬគុកត្រពាំងផ្លុង ឋិតក្រោមក្រសែភ្នែក និងការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ ពិសេសកងកម្លាំងប្រដាប់អាវុធ និងទាហានរាប់រយនាក់។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងលើកឡើងថា ពួកគេសោកស្តាយព្រោះតុលាការ និងខាងពន្ធនាគារមិនអនុញ្ញាតឲ្យចូលជួបប្រធានគណបក្សរបស់ខ្លួន។ មន្ត្រីគណបក្សសង្គ្រោះជាតិ បន្តថា នីតិវិធីឃាត់ខ្លួន ឃុំខ្លួន និងការចោទប្រកាន់លោក កឹម សុខា គឺធ្វើឡើងដោយខុសច្បាប់ទៀតផង។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បញ្ជាក់ជំហរម្តងទៀតថា គណបក្សសង្គ្រោះជាតិ មិនអាចទទួលយកបានឡើយចំពោះចំណាត់ការរបស់សមត្ថកិច្ចដែលចាប់លោក កឹម សុខា ទាំងកណ្តាលអធ្រាត្រឈានចូលថ្ងៃទី៣ កញ្ញា។ អ្នកស្រីបញ្ជាក់ថា ការចាប់នោះធ្វើឡើងទាំងកម្រោល និងខុសច្បាប់ ព្រោះលោក កឹម សុខា នៅមានអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រនៅឡើយ។
អ្នកស្រីបញ្ជាក់ទៀតថា លោក កឹម សុខា នៅតែជាប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៖ « ប្រទេសប្រជាធិបតេយ្យដទៃទៀតដែលគេមានជំហរដូចយើងដែរ ថាការចាប់ខ្លួន និងឃុំខ្លួន ការចោទប្រកាន់លោក កឹម សុខា គឺជារឿងខុសច្បាប់ ហើយខុសធំបំផុត គឺខុសរដ្ឋធម្មនុញ្ញ គឺលោកប្រធាន កឹម សុខា ជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិគ្រប់គ្រាន់ »។
ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងជិត ២០រូប ព្រមទាំងសមាជិកព្រឹទ្ធសភា និងមន្ត្រីរបស់ខ្លួនជាច្រើនទៀត មិនត្រូវបានអនុញ្ញាតឲ្យចូលជួបលោក កឹម សុខា នៅក្នុងពន្ធនាគារត្រពាំងផ្លុងឡើយ ក្រោមហេតុផលថាគ្មានការអនុញ្ញាតពីតុលាការ និងពន្ធនាគារ។
អនុប្រធានគណបក្សសង្គ្រោះជាតិ ដដែល សោកស្តាយនៅពេលតុលាការមិនអនុញ្ញាតឲ្យពួកគាត់ចូលជួបប្រធានគណបក្សរបស់ខ្លួនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនោះ។ អ្នកស្រី មូរ សុខហួរ បញ្ជាក់ជំហរថា ក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំង នឹងមកជួបជុំគ្នានៅមុខពន្ធនាគាររៀងរាល់ថ្ងៃច័ន្ទ ប្រសិនបើតុលាការនៅតែមិនអនុញ្ញាតឲ្យពួកគាត់ចូលជួបលោក កឹម សុខា។ ម្យ៉ាងទៀត គឺដើម្បីទទូចឲ្យដោះលែងប្រធានគណបក្សប្រឆាំងរូបនេះ។
អាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក បែន រ័ត្ន និងអភិបាលខេត្តត្បូងឃ្មុំ លោក លី ឡេង បានទេនៅថ្ងៃទី១១ កញ្ញា។
ទោះជាយ៉ាងនេះក្តី នៅថ្ងៃទី១១ កញ្ញា លោក បែន រ័ត្ន បានបញ្ជាក់តាមរយៈសារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលថា កងកម្លាំងនគរបាល និងកម្លាំងទាហានសរុបជិត ៦០០នាក់ បានដាក់ពង្រាយការពារសន្តិសុខ និងសណ្ដាប់ធ្នាប់នៅខាងមុខពន្ធនាគារត្រពាំងផ្លុង។
ក្រោយពេលប្រធានគណបក្សប្រឆាំងត្រូវបានសមត្ថកិច្ចចាប់ខ្លួន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានរំលាយគណបក្សសង្គ្រោះជាតិ ម្ដងជាពីរដងថា ប្រសិនបើសមាជិកគណបក្សនេះចេញមុខការពារ ឬតវ៉ាចំពោះការចាប់ខ្លួនលោក កឹម សុខា ទៀតនោះ។
អ្នកស្រី មូរ សុខហួរ មិនបានឆ្លើយតបចំពោះការព្រមាននេះទេ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា នឹងតស៊ូបន្តដំណើរទៅមុខ ហើយទាមទារឲ្យដោះលែងប្រធានគណបក្សរបស់ខ្លួនដោយឥតលក្ខខណ្ឌ។ ជាងនេះទៀត អ្នកស្រីស្នើសុំឲ្យបញ្ឈប់ការគំរាមកំហែង ការបំភិតបំភ័យដល់មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ។ មន្ត្រីគណបក្សប្រឆាំងរូបនេះយល់ថា មានតែភាគីខ្មែរ និងខ្មែរ ភាគីអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទេ ទើបអាចរកដំណោះស្រាយជូនប្រទេសកម្ពុជា បាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។