លោក សម រង្ស៊ី ព្រមាន​ផ្អាក​ចរចា​ជាមួយ​បក្ស​ប្រជាជន

0:00 / 0:00

0:00 / 0:00

គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​បំផ្លាញ​ការ​ចរចា​ជាមួយ​គ្នា​តាម​រយៈ​ការ​បើក​ឲ្យ​សកម្មជន​របស់​ខ្លួន​តាម​ខែត្រ​មួយ​ចំនួន​អុកឡុក​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ធ្វើ​ពិធី​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​សកម្មភាព​ចាប់​បង្ខំ​ក្នុង​ការ​ចរចា។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ព្រមាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្អាក​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​បណ្ដោះអាសន្ន ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រំខាន ឬ​អុកឡុក​កម្មវិធី​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ នៅ​មុន​ពេល​លោក និង​លោក កឹម សុខា ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​នៅ​ខែត្រ​កំពង់ឆ្នាំង​ថា ប្រសិន​បើ​លោក និង​លោក កឹម សុខា គ្មាន​សេរីភាព​ក្នុង​ការ​ជួប​ជាមួយ​ម្ចាស់​ឆ្នោត​នៅ​ខែត្រ​កំពង់ឆ្នាំង​ទេ លោក​នឹង​លុប​ចោល​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។

ការ​ប្រកាស​ព្រមាន​របស់​លោក សម រង្ស៊ី នោះ គឺ​នៅ​បន្ទាប់​ពី​លោក និង​លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ខែត្រ​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៩ កុម្ភៈ បាន​ចប់​សព្វ​គ្រប់ ដោយសារ​មាន​ការ​រំខាន​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​មាន​សមត្ថកិច្ច​មួយ​រូប​អាម៉េ​កាំភ្លើង​ភ្ជង់​គំរាម​កំហែង​ទៀត។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាក់​ខ្សែ​វីដេអូ អំពី​សកម្មភាព​រំខាន​និង​អុកឡុក​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​អ្នក​កាសែត​មើល​ពី​សកម្មភាព​ទាំង​នោះ​ដែរ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ហៅ​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ថា​ជា​ការ​ចរចា​ចាប់​បង្ខំ ពីព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​បញ្ហា​គំរាម​កំហែង​រហូត​នៅ​ពេល​មាន​ការ​ចរចា។ លោក​បាន​លើក​ពី​ករណី​បាញ់​សម្លាប់​នៅ​ស្ពាន​ក្បាលថ្នល់ និង​​ករណី​បាញ់​ស្ត្រី​លក់​បាយ​នៅ​ស្ពាន​ស្ទឹងមានជ័យ ជាដើម។

ប្រធាន​ក្រុម​ដឹកនាំ​ការ​ចរចា​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា មាន​ប្រសាសន៍​ថា ដំណោះស្រាយ​ដែល​ល្អ​នោះ គឺ​ការ​ចរចា។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ប្រើ​យុទ្ធសាស្ត្រ​ចាប់​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ចរចា​អ្វី​ទេ។

លោក ព្រុំ សុខា បញ្ជាក់​ថា ឥឡូវ​នេះ ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ កំពុង​ពិភាក្សា​អំពី​សមាសភាព​គណៈកម្មការ​ចម្រុះ តែ​ការ​ជួប​គ្នា​ជា​ថ្មី​នោះ មិន​ទាន់​កំណត់​កាលបរិច្ឆេទ​នៅ​ឡើយ។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​វត្តមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ក្នុង​ពិធី​សំណេះសំណាល​នា​ខេត្ត​កំពង់ឆ្នាំង កាល​ពី​រសៀល​​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៤។
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​វត្តមាន​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ក្នុង​ពិធី​សំណេះសំណាល​នា​ខេត្ត​កំពង់ឆ្នាំង កាល​ពី​រសៀល​​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១៤។ (RFA/Uon Chhin)

លោក កឹម សុខា បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ទៅ​តាម​ខែត្រ​នីមួយៗ​នោះ ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ទូរទស្សន៍​ផ្សព្វផ្សាយ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​ចុះ​ជួប​ប្រជាពលរដ្ឋ ដើម្បី​ផ្សព្វផ្សាយ​ពី​ការវិវឌ្ឍន៍​នយោបាយ និង​ដំណើរការ​នៃ​ការ​ចរចា​ជាដើម។

សាស្ត្រាចារ្យ​ច្បាប់​នៃ​មហាវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច លោក​សាស្ត្រាចារ្យ ប៊ុន សេង មាន​ប្រសាសន៍​ថា នៅ​ក្នុង​ស្ថានភាព​នយោបាយ​ដូច​នេះ គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​បន្ទន់​ឥរិយាបថ​រៀងៗ​ខ្លួន ដើម្បី​ឈាន​ទៅ​ដល់​ការ​ចរចា​ទទួល​បាន​ជោគជ័យ។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ឬ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​តែ​បញ្ចប់​ការ​រំខាន​យាយី បើក​ទូលាយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួបជុំ​គ្នា​បាន​សេរី​ឡើង​វិញ។

អ្នក​វិភាគ​បាន​លើក​ឡើង​ថា ទោះ​បី​នៅ​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវ​បញ្ឈប់​ការ​ចរចា​នោះ​ទេ ផ្ទុយ​ទៅ​វិញ សកម្មភាព​រំខាន​យាយី​ណា​មួយ​ពី​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​គណបក្ស​នេះ​ថយ​ប្រជាប្រិយភាព​របស់​ខ្លួន​ទៅ​វិញ​ទេ។

ការ​ជួប​សំណេះសំណាល​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​មួយ​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពង់ឆ្នាំង ពុំ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ទេ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ បើ​ទោះ​ជា​មាន​កង​កម្លាំង​អាជ្ញាធរ​ជា​ច្រើន​ត្រូវ​ដាក់​ពង្រាយ​ក្នុង​ខេត្ត​នេះ​ក្តី។ មេ​បក្ស​ប្រឆាំង​ទាំង​ពីរ បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ជិត ៣​ពាន់​នាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រក្សា​ជំហរ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ឬ​បោះ​ឆ្នោត​ឡើង​វិញ​មុន​អាណត្តិ ហើយ​បញ្ជាក់​ថា ការ​ចរចា​លើក​ទី​២​នេះ គឺ​គ្រាន់​តែ​ជា​ការ​ចរចា​ផ្នែក​បច្ចេកទេស​ ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត មិន​មែន​ជា​ចរចា​រឿង​នយោបាយ​នោះ​ឡើយ។

សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ជិន ជេដ្ឋា ពី​ខេត្ត​កំពង់ឆ្នាំង ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។