បក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ការ​ចរចា​ទៅ​តាម​ឆន្ទៈ​របស់​ពលរដ្ឋ

គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់​ផ្ដើម​បន្ត​ការ​ចរចា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ ទៅ​តាម​ឆន្ទៈ​របស់​ពលរដ្ឋ ចំពោះ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ សីហា បាន​ឲ្យ​ដឹង​ថា មុន លោក សម រង្ស៊ី មក​ដល់​កម្ពុជា មួយ​ថ្ងៃ កិច្ច​ចរចា​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត កំពុង​ជួប​ភាព​ទាល់ច្រក ដោយសារ​ការ​ខ្វែង​គំនិត​គ្នា​ពី​សមាសភាព​នៃ​គណៈកម្មការ​នោះ ពីព្រោះ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បន្ត​គ្រប់គ្រង​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នេះ។

លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ស្វែង​រក​កិច្ច​ចរចា​បន្ត​ទៀត ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសេធ៖ «ព្រឹក​មិញ​ហ្នឹង ដើម្បី​ជជែក​គ្នា​អ្វី​ដែល​យើង​បាន​ជជែក​កាល​ពី​ថ្ងៃ​ទី៩ ហ្នឹង គាត់​ក៏​បាន​ឆ្លើយ​ជា​លិខិត​មក​វិញ។ ជា​គោល​ជំហរ​នៅ​តែ​ឃ្លាត​ឆ្ងាយ​ដដែល។ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​គណៈកម្មការ​ឯករាជ្យ​នេះ គឺ​យើង​មិន​អនុញ្ញាត​ឲ្យ គ.ជ.ប ចូល​រួម​ទេ ទុក​ឲ្យ​គណៈកម្មការ​នោះ​ស្រាវជ្រាវ​ទៅ ហើយ​នៅ​ពេល​គេ​រក​ឃើញ​ចំណុច​ណា​មួយ​នៃ​ភាព​មិន​ប្រក្រតី​សុំ​ឲ្យ គ.ជ.ប ផ្តល់​កិច្ច​សហការ»

ការ​បរាជ័យ​ជា​ថ្មី​នេះ កើត​ឡើង​បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្រេច​ពិនិត្យ​លទ្ធភាព ដើម្បី​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ដែល​មាន​បទ​ពិសោធន៍​ក្នុង​កិច្ចការ​បោះ​ឆ្នោត ចូល​រួម​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី និង​មាន​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ និង​តំណាង​ពី​អង្គការ​សហប្រជាជាតិ។

តំណាង​រាស្ត្រ​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​បរាជ័យ​ថ្មី​នេះ៖ «នៅ​មាន​អ្វី​ទៀត​ចង់​ជជែក​ជាមួយ​ខ្ញុំ​វិទ្យុ​អាស៊ីសេរី ហ្នឹង។ ជជែក​ជាមួយ​ខ្ញុំ​អ្វី​ទៀត បើ​ចោល​ម្សៀត យើង​ខ្មែរ​ដូច​គ្នា​ល្មម​ហើយ»

សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អង្គារ ទី១៣ សីហា បាន​ស្វាគមន៍​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​មួយ ដោយ​រួម​មាន​គណបក្ស​នយោបាយ​ទាំង​ពីរ តំណាង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សង្កេត​ការណ៍​អន្តរជាតិ ឬ​តំណាង​អង្គការ​សហប្រជាជាតិ។ សហរដ្ឋ​អាមេរិក បញ្ជាក់​ថា វា​ចាំបាច់​ណាស់​ដែល​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នេះ ត្រូវ​បាន​ពលរដ្ឋ​ជឿ​ជាក់ និង​អាច​ទទួល​យក​បាន៕

បក្ស​ប្រជាជន​កម្ពុជា រក្សា​គោល​ជំហរ​ឱ្យ គ.ជ.ប ជា​អ្នក​ដឹក​នាំ​គណៈកម្មការ​ចម្រុះ

ដោយ យ៉ង ចាន់តារា

គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី១៥ សីហា បាន​ចេញ​លិខិត​ផ្លូវ​ការ​មួយ​តប​ទៅ​នឹង​លិខិត​ស្នើ​របស់​បក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​បន្ត​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស ក្នុង​ដំណើរ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត។ ខ្លឹមសារ​នៃ​លិខិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ប្រកាន់​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​អនុវត្ត​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ហើយ​យក​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ជា​អាជ្ញា​កណ្ដាល និង​ជា​អ្នក​សម្រេច»

លិខិត​ដដែល​បាន​បន្ត​ថា៖ «បើ​ទាត់​ចោល គ.ជ.ប ជា​អ្នក​គ្រប់គ្រង និង​ដឹកនាំ​គណៈកម្មការ​ចម្រុះ​នោះ ការ​ប្រជុំ​របស់​គណបក្ស​ទាំង​ពីរ​ក៏​មិន​ទទួល​លទ្ធផល​ល្អ​ទេ ព្រោះ​ថា​ច្បាប់​បាន​ប្រគល់​សិទ្ធិ​ឱ្យ គ.ជ.ប រៀប​ចំ និង​ដោះស្រាយ​ការងារ​បោះ​ឆ្នោត​សកល និង​អសកល​នៅ​កម្ពុជា»

គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​មួយ​ទៅ លោក ជាម យៀប ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​បន្ត​កិច្ច​ប្រជុំ​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត បន្ទាប់​ពី​គណបក្ស​នេះ​មិន​ទាន់​បាន​ទទួល​ចម្លើយ​ណា​មួយ ចាប់​តាំង​ពី​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី៩ សីហា ឆ្នាំ​២០១៣។ នៅ​ក្នុង​លិខិត​នោះ ក៏​បាន​សំណូម​ពរ​ឱ្យ លោក ជាម យៀប ផ្តល់​ព័ត៌មាន​ពី​ពេល​វេលា​នៃ​ការ​ប្រជុំ​បន្ទាប់​ទៀត ទៅ​កាន់​គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ។

លោក ជាម យៀប ប្រធាន​ក្រុម​ការ​ងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​បន្ត នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល គ.ជ.ប អញ្ជើញ​ភាគី​នី​មួយៗ។

លោក ជាម យៀប៖ «នៅ​ពេល​ណា​ដែល គ.ជ.ប កោះ​អញ្ជើញ! ព្រោះ​គេ​កោះ​អញ្ជើញ​ម្តង​ហើយ សុំ​ឱ្យ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ស្រី​មួយ​រូប។ គណបក្ស​ប្រជាជន​កម្ពុជា កន្លង​ទៅ មាន​បី​រូប មាន​រូប​ខ្ញុំ​ជា​ប្រធាន ឯកឧត្តម ព្រុំ សុខា ជា​សមាជិក មាន​ឯកឧត្តម អ៊ុក គឹមហាន ជា​សមាជិក។ ទាល់​តែ​ពេល គ.ជ.ប គេ​ត្រូវ​ការ​សុំ​ឱ្យ​នារី​ម្នាក់​តំណាង​នារី អ៊ីចឹង​ទេ គណបក្ស​ប្រជាជន​កម្ពុជា បាន​ជ្រើស​លោក​ជំទាវ ម៉ែន សំអន លោក​ចូល​រួម។ ឯ​ខាង​នោះ ពី​មុន​មក​មាន​តែ​បី​នាក់​ដែរ​ទេ គឺ​មាន​ឯកឧត្តម សុន ឆ័យ ជា​ប្រធាន ឯកឧត្តម គួយ ប៊ុនរឿន ជា​សមាជិក និង​ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ ជា​សមាជិក ហើយ​បាន​និយាយ​គ្នា​ម្តង​ហើយ កាល​ពី​ថ្ងៃ​សុក្រ ទី៩ ខែ​សីហា ថ្មីៗ​នេះ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។