មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា មេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ កូតាគណបក្សនេះ ដែលបានបម្រើ និងស្មោះស្ម័គ្រចំពោះបក្សជាយូរមកហើយ ដែលមិនបានជាប់ជាបេក្ខជននៅពេលបោះឆ្នោតឈរឈ្មោះជ្រើសរើសក្នុងក្របខ័ណ្ឌគណបក្សមូលដ្ឋាន និងមិនជាប់ឆ្នោតនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខនោះ គណបក្សមានគោលនយោបាយទ្រទ្រង់ និងផ្ដល់តួនាទីក្នុងក្របខ័ណ្ឌបក្សជាការលើកទឹកចិត្ត។ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមបានចោទជាសំណួរថា តើគណបក្សប្រជាជនកម្ពុជា យកថវិកាមកពីណាដើម្បីផ្គត់ផ្គង់សមាជិកមូលដ្ឋានរបស់ខ្លួនដ៏ច្រើនលើសលប់នោះ?
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម ស្នើឲ្យអ្នកច្បាប់ពិនិត្យមើលប្រភពថវិកាដែលគណបក្សប្រជាជនកម្ពុជា នឹងផ្ដល់ការផ្គត់ផ្គង់ដល់មន្ត្រីគណបក្សណាដែលស្មោះស្ម័គ្រ និងបម្រើគណបក្សជាយូរមកហើយ ប៉ុន្តែមិនជាប់ឆ្នោតមេឃុំ ឬចៅសង្កាត់នោះ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ថ្លែងថា ការរៀបចំគោលនយោបាយគណបក្សប្រជាជនកម្ពុជា សម្រាប់ជួយទ្រទ្រង់មន្ត្រីរបស់ខ្លួននោះ គឺមិនមានអ្វីជាខុសឆ្គងនោះទេ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ហាក់ត្រៀមលក្ខណៈថា ខ្លួននឹងបាត់បង់សំឡេង និងអាសនៈបន្ថែមទៀតនៅក្នុងពេលបោះឆ្នោតឆ្នាំ២០១៧ ខាងមុខនេះ។ ទោះយ៉ាងណាលោកមានសំណួរត្រង់ថា តើថវិកាបានមកពីណាសម្រាប់ជួយគាំទ្រសមាជិកគណបក្ស? ដែលបញ្ហានេះ គួរតែមានការពិនិត្យមើលក្នុងក្របខ័ណ្ឌផ្លូវច្បាប់ចំពោះប្រភពថវិកាសម្រាប់ការទ្រទ្រង់នេះ៖ «សម្រាប់ជួយឲ្យមន្ត្រីគណបក្សរបស់ខ្លួនទទួលបានបៀវត្សរហូតដូចមន្ត្រីរាជការនោះ ខ្ញុំគិតថា វាគ្មាននិរន្តរភាពទេ លើកលែងតែគណបក្សនោះមានលុយទុកនៅកន្លែងណា? ឬក៏មានជំនួយពីប្រទេសជិតខាងណាសម្រាប់គាំទ្រឲ្យរស់នៅបន្តទៀត។ បើយើងមើលគណបក្សប្រជាជន ប្រវត្តិគឺវៀតណាម បានចិញ្ចឹមគណបក្សនេះ ៦៥ឆ្នាំហើយ គណបក្សនេះមានដើមកំណើតនៅប្រទេសវៀតណាម ឡើងកាន់អំណាចក្នុងទសវត្សរ៍ឆ្នាំ៨០ បើសិនជាមានថវិកាបែបនេះទៀត ជារឿងមួយគេអាចចិញ្ចឹមគ្នាបាន ប៉ុន្តែត្រូវពិនិត្យមើលលក្ខខណ្ឌផ្លូវច្បាប់»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយមួយដែលមានឈ្មោះថា "គោលនយោបាយវប្បធម៌ចែករំលែក" ដើម្បីទ្រទ្រង់មន្ត្រីគណបក្សដែលធ្លាប់មានតួនាទី និងអ្នកស្មោះស្ម័គ្រ និងបម្រើគណបក្សយូរមកហើយ។ លោកថា គណបក្សនឹងផ្ដល់តួនាទី ផ្ដល់ការឧបត្ថម្ភបៀវត្ស ជាការលើកទឹកចិត្តដល់មន្ត្រីណាដែលគ្មានជោគវាសនា ហើយធ្លាក់ក្នុងបញ្ជីបេក្ខជនដែលនឹងដាក់យកទៅប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខែមិថុនា ខាងមុខ។
មួយវិញទៀត គោលនយោបាយនេះ នឹងផ្ដល់ឲ្យមន្ត្រីចាស់ជរា មន្ត្រីមានជំងឺ និងបាត់បង់សមត្ថភាពបំពេញការងារ រួមទាំងមន្ត្រីចូលនិវត្តន៍ ដោយផ្ដល់តួនាទីទុកជាជំនួយការ ទីប្រឹក្សា ឬព្រឹទ្ធាចារ្យនៅតាមឃុំ សង្កាត់ ខណ្ឌ ខេត្ត ឬក្រសួងមន្ទីរ ដែលអាចធ្វើទៅបាន។ លោកបញ្ជាក់ថា ការឧបត្ថម្ភនេះទៀតសោត គឺថវិកាផ្ទាល់ខ្លួនរបស់ក្រុមការងារនៅតាមឃុំ ស្រុក ខេត្ត និងក្រសួងមួយចំនួន តាមគោលការណ៍ស្ម័គ្រចិត្ត ក្នុងទិសដៅភ្ញាក់រលឹកក្របខ័ណ្ឌគណបក្សមិនពាក់ព័ន្ធនឹងថវិការដ្ឋនោះទេ។ លោកថា មន្ត្រីដល់ថ្ងៃចូលនិវត្តន៍ក្នុងមុខងារសាធារណៈ គាត់អាចតែងតាំងឲ្យទៅជាទីប្រឹក្សារបស់រដ្ឋមន្ត្រី ឬក្រសួងបានដែរ ដោយផ្អែកក្នុងក្របខ័ណ្ឌបក្ស៖ «មិនមែនយើងត្រៀមចាញ់ទេ ឧបមាថា មន្ត្រីយើងចាស់ៗ ខ្លះគាត់ឈរឈ្មោះ ដល់តែបោះឆ្នោតសំងាត់ទៅវាអាចថា បងប្អូនមួយចំនួនវាអាចបាត់បង់មិនបានឈរឈ្មោះជាបេក្ខជនទេ ពីព្រោះយើងរើសនេះគឺរើសក្មេង រើសនារីមានន័យថា គាត់ចាស់ៗហើយ អ្នកខ្លះសុខភាពមិនធានាផង ច្បាស់ជាបងប្អូនមិនបោះជូនទេ គាត់គ្មានកំហុសអីទេ តាមពិតគឺអាស្រ័យទៅលើសន្និបាតគណបក្សមូលដ្ឋានគេបោះឆ្នោត»។
កាលពីអាណត្តិទី៣ ឆ្នាំ២០១២ មេឃុំដែលគណបក្សប្រជាជនកម្ពុជាឈ្នះ មានចំនួន ១.៥៩២ ក្នុងចំណោមមេឃុំដែលឈរឈ្មោះ ១.៦៣៣។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនបញ្ជាក់ថា គណបក្សមិនទាន់បូកសរុបបាននៅឡើយថា មានបេក្ខជនពីគណបក្សរបស់ខ្លួនប៉ុន្មានដែលនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ក្នុងចំណោម ១.៦៤៦ឃុំសង្កាត់នេះ។
លោក សុខ ឥសាន ឲ្យដឹងទៀតថា គោលការណ៍ទ្រទ្រង់នេះ គឺជាការចាប់អារម្មណ៍របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងអង្គសន្និបាតរបស់គណបក្ស កាលពីថ្ងៃទី១៧ ទី១៨ ខែធ្នូ ឆ្នាំ២០១៦ ដែលជាគោលការណ៍ស្ម័គ្រចិត្ត និងភ្ញាក់រលឹក ដោយរដ្ឋមន្ត្រីនៅតាមក្រសួងមួយចំនួនបានទទួលយក និងកាន់ខេត្ត ២ ៣ ឬ៤ ខេត្ត ជាការឆ្លើយតបនឹងការយកចិត្តទុកដាក់ដល់មន្ត្រីចាស់ៗ តាមរយៈការឧបត្ថម្ភ។
រដ្ឋមន្ត្រីដែលទទួលបន្ទុកការងារនេះ មានដូចជា ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អ្នកស្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ទទួលបន្ទុកខេត្តស្ទឹងត្រែង ខេត្តរតនគិរី។ លោក ស៊ុន ចាន់ថុល ទទួលបន្ទុកខេត្តឧត្ដរមានជ័យ ព្រះវិហារ ប៉ៃលិន បន្ទាយមានជ័យ។ លោក ថោង ខុន ទទួលប៉ែកមាត់សមុទ្ទ ដូចជា ខេត្តកោះកុង កែប កំពត រួមជាមួយខេត្តកំពង់ធំ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ទទួលបន្ទុកខេត្តកំពង់ចាម។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ទទួលបន្ទុករាជធានីភ្នំពេញ និងកន្លែងដទៃទៀត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ទទួលបន្ទុកខេត្តបាត់ដំបង និងឧបនាយក រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ទទួលខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។