បក្ស​ប្រជាជន​ប្រកាស​ថា​ឈ្នះ​ការ​បោះឆ្នោត

លទ្ធផល​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​សម្រាប់​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ កាល​ពី​ថ្ងៃ​អាទិត្យ ទី២៨ កក្កដា នៅ​មិន​ទាន់​ចេញ​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។ លទ្ធផល​បឋម​ពី​ការ​រាប់​សន្លឹក​ឆ្នោត គិត​ត្រឹម​ពាក់​កណ្ដាល​អាធ្រាត្រ​ថ្ងៃ​ទី២៨ កក្កដា បង្ហាញ​ថា គណបក្ស​ធំៗ​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​លទ្ធផល​ប្រទាញប្រទង់​គ្នា។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ថា គណបក្ស​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត។

0:00 / 0:00

គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្ដី​ប្រកាស​លទ្ធផល​ឆ្នោត​នៅ​រំលង​អាធ្រាត្រ​ថ្ងៃ​ទី២៨ កក្កដា ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ដាច់​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សរសេរ​ថា «យោង​តាម​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​សម្រាប់​អាណត្តិ​ទី៥ នៅ​ទូទាំង​ប្រទេស បាន​បង្ហាញ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជ័យ​ជម្នះ​រហូត​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​ដាច់​ខាត​ក្នុង​រដ្ឋសភា​នីតិកាល​ថ្មី ដែល​មាន​បរិមាណ​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​រាជ​រដ្ឋាភិបាល​នីតិកាល​ថ្មី​នេះ»។

សេចក្ដី​ប្រកាស​នេះ គឺ​ក្រោយ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ សាទរ​នឹង​ជ័យ​ជម្នះ​ដូច​គ្នា។

ក៏ប៉ុន្តែ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ និកហ្វិច (NICFEC) គឺ​លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ដែរ​ថា ទោះ​ជា​គណបក្ស​ណា​ឈ្នះ​ក៏ដោយ ក៏​មិន​អាច​បង្កើត​រដ្ឋាភិបាល​តែ​ឯង​បាន​ដែរ៖ «តាម​ប្រកាស​លទ្ធផល គណបក្ស​ប្រជាជន អាច​ឈ្នះ​ក្នុង​ការ​កសាង​អាសនៈ។ ប៉ុន្តែ​មិន​អាច​ឈ្នះ ២ ភាគ ៣ បាន​ទេ។ ហើយ​ផល​បញ្ហា ២ ភាគ ៣ ស្ថិត​នៅ​ត្រង់​ថា ប្រសិន​បើ​អត់​គ្រប់ ២ ភាគ ៣ គណបក្ស​ប្រជាជន ចង់​ធ្វើ​ប្រកាស​សម្រេច​អនុម័ត​កម្មវិធី​សំខាន់ៗ​របស់​ជាតិ​ហ្នឹង គឺ​អនុម័ត​អត់​កើត ទាល់​តែ​បាន ២ ភាគ ៣។ អ៊ីចឹង​ត្រូវ​ការ​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។ ទាំង​សង្ខាង បើ​សិន​ពី​ណា​ឈ្នះ ក៏​អត់​ឈ្នះ​ដាច់​ដែរ»

ទាក់ទង​នឹង​លទ្ធផល​បោះឆ្នោត​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ខៀវ កាញារីទ្ធ បាន​ផ្ដល់​លទ្ធផល​ស្មាន​ដំបូង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ចំនួន ៦៨​កៅអី ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អាសនៈ​ចំនួន ៥៥​កៅអី។

ក៏ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​យល់​ស្រប​ជា​មួយ​លទ្ធផល​ប៉ាន់ស្មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឡើយ​ទេ ដោយ​រង់ចាំ​លទ្ធផល​ចុង​ក្រោយ​សិន៖ «ទិន្នន័យ​ហ្នឹង គឺ​បាន​ពី​ឯក​ឧត្ដម ខៀវ កាញារីទ្ធ។ ដល់​អ៊ីចឹង​ទៅ យើង​មិន​ដឹង​ថា​នេះ​ឬ​អត់។ យើង​កំពុង​ប្រមូល​ទិន្នន័យ​ខាង​យើង ហើយ​នឹង​ផ្ទៀង​ផ្ទាត់​ជាមួយ គ.ជ.ប តើ​មាន​ការ​ខុស​គ្នា​ឬ​អត់»

នៅ​យប់​ថ្ងៃ​ទី២៨ កក្កដា ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ផ្សាយ​លទ្ធផល​រាប់​សន្លឹក​ឆ្នោត​បឋម ដែល​ទទួល​បាន​ពី​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស បង្ហាញ​ថា គណបក្ស​ប្រជាជន នាំ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ បើ​ទោះ​ជា​ខេត្ត​ក្រុង​ធំៗ​ខ្លះ គណបក្ស​សង្គ្រោះ​ជាតិ នាំ​មុខ​គណបក្ស​ប្រជាជន ក៏​ដោយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​បឋម និង​មិន​ផ្លូវ​ការ​របស់​គណៈកម្មាធិការ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅថា អង្គការ ខុមហ្វ្រែល (Comfrel) ដែល​ចេញ​ផ្សាយ​នៅ​វេលា​ម៉ោង ៤ ជិត​ភ្លឺ​នៃ​ថ្ងៃ​ទី២៩ កក្កដា នេះ បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​អាសនៈ​ចំនួន ៦៧​កៅអី ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៦​កៅអី។ ខេត្ត​ក្រចេះ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ១​កៅអី និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ២​កៅអី កំពុង​តែ​នៅ​ផ្ទៀងផ្ទាត់​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។