អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គណបក្សមួយនេះចង់ជ្រើសរើសមនុស្ស ៥នាក់ឲ្យធ្វើជាសមាជិក គ.ជ.ប ហើយ ៤នាក់ទៀត ទុកឲ្យបក្សប្រឆាំងជាអ្នកជ្រើសតាំង។ ចំណែកមេដឹកនាំគណបក្សសង្គ្រោះជាតិវិញ ចង់ជ្រើសតាំងសមាជិក គ.ជ.ប តាមរូបមន្តត្រូវមានការគាំទ្រពីសមាជិកសភា ២ ភាគ ៣ នៃសមាជិកសភាទាំងអស់។
សង្គមស៊ីវិលចាត់ទុកថា គណបក្សទាំងពីរសុទ្ធតែចង់ឲ្យសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្ថិតក្រោមឥទ្ធិពលរបស់ខ្លួន។
មន្ត្រីគណបក្សប្រជាជនកម្ពុជា តាំងពីមេដឹកនាំ រហូតដល់អ្នកតំណាងរាស្ត្រ លើកឡើងដដែលៗថា រូបមន្តជ្រើសតាំងសមាសភាព គ.ជ.ប របស់បក្សប្រឆាំង នឹងធ្វើឲ្យនយោបាយជាប់គាំងហើយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ ចំណែកឯប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ថ្លែងប្រតិកម្មថា រូបមន្ត ២ ភាគ ៣ នេះមិនធ្វើឲ្យនយោបាយជាប់គាំងនោះឡើយ បើសិនណាគណបក្សទាំងពីរត្រូវរ៉ូវគ្នានោះ។ ក៏ប៉ុន្តែអ្នកឃ្លាំមើលបញ្ហានយោបាយយល់ថា បក្សទាំងពីរមានមហិច្ឆតាចង់ចែកអំណាចគ្នានៅក្នុងស្ថាប័នរៀបចំការបោះឆ្នោត។
ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ថា រូបមន្តជ្រើសតាំងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រាន់តែជាវិធីដែលបក្សនយោបាយទាំងពីរចង់មានឥទ្ធិពលលើស្ថាប័នមួយនេះប៉ុណ្ណោះ។ លោកបន្តថា បញ្ហាសំខាន់នៅពេលនេះ គឺការកែទម្រង់ឲ្យស្ថាប័ន គ.ជ.ប ទទួលការទុកចិត្តពីសាធារណជនទូទៅ ដែលគ្រប់គណបក្សនយោបាយអាចជឿជាក់ថា ពួកគេអាចនឹងទទួលបានយុត្តិធម៌ បើសិនជាពួកគេចូលរួមក្នុងយុទ្ធនាការបោះឆ្នោត។ លោកបន្ថែមថា សមាជិកអចិន្ត្រៃយ៍នៃ គ.ជ.ប មិនត្រូវនៅក្រោមឥទ្ធិពលនយោបាយទេ។
លោក អ៊ូ វីរៈ៖ «បើសិន ៥ ហើយនិង ៤ហ្នឹង មិនមែនសង្គ្រោះជាតិគ្រប់គ្រង គ.ជ.ប ទេ គឺបក្សប្រជាជន។ ហើយនេះវាផ្ទុយទាំងស្រុងពីគោលការណ៍សេរីពហុបក្ស។ បានន័យថា បក្សទាំងពីរហាក់ដូចជាលំអៀងទាំងស្រុងទៅរកបក្សធំៗ។ នយោបាយផ្ដាច់មុខនេះវាមិនផ្ដល់ជម្រើសឲ្យពលរដ្ឋនោះទេ វាដូចជាការរកស៊ីធ្វើនយោបាយផ្ដាច់មុខអ៊ីចឹង។ ខ្ញុំចង់ឃើញការបើកចំហនយោបាយឲ្យគណបក្សទាំងអស់មានសិទ្ធិដូចៗគ្នា»។
សង្គមស៊ីវិលរកឃើញថា បញ្ហាមួយចំនួនដែលកម្ពុជា ត្រូវកែទម្រង់ជាបន្ទាន់ដើម្បីមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ បញ្ហាទាំងនោះមានដូចជា ការចុះឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ យន្តការដោះស្រាយវិវាទនៃការបោះឆ្នោត និងការរៀបចំបង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុនយោបាយ។ កាលពីដើមឆ្នាំ២០១៣ សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា បង្ហាញថា អ្នកបោះឆ្នោតជាង ១លាននាក់បានបាត់ឈ្មោះចេញពីបញ្ជីអ្នកបោះឆ្នោត ប៉ុន្តែ គ.ជ.ប បដិសេធ។ លុះដល់ថ្ងៃបោះឆ្នោត ក៏កើតមានអំពើហិង្សាមួយក្តៅគគុកនៅគល់ស្ពានស្ទឹងមានជ័យ ទាក់ទងនឹងការរកឈ្មោះបោះឆ្នោតមិនឃើញនោះទៀតផង។
ម្យ៉ាងទៀត គណបក្សកាន់អំណាចបានគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយភាគច្រើនលើសលប់។ នៅមុនការបោះឆ្នោតជាតិ រាជរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ថែមទាំងប្រកាសបិទមិនឲ្យវិទ្យុក្នុងស្រុកផ្សាយបន្តនូវកម្មវិធីវិទ្យុបរទេសផ្សាយជាភាសាខ្មែរទៀតផង។ បម្រាមនោះត្រូវបានលុបចោលទៅវិញនៅពេលដែលមានការរិះគន់ខ្លាំងៗពីសង្គមស៊ីវិល។
មិនតែប៉ុណ្ណោះ គណបក្សកាន់អំណាចបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដ៏ច្រើនលើសលប់នោះទៅឃោសនាដោយផ្ទាល់និងប្រយោលទៀតផង។ ទង្វើនេះផ្ទុយនឹងគណបក្សផ្សេងៗទៀត ដែលមានលទ្ធភាពតិចតួចក្នុងការឃោសនាបោះឆ្នោត។ បក្សខ្លះមានលុយជួលម៉ោងវិទ្យុនិងទូរទស្សន៍ដើម្បីឃោសនាពីគោលនយោបាយរបស់ខ្លួន ប៉ុន្តែវិទ្យុនិងទូរទស្សន៍នោះត្រូវបានហាមជាសម្ងាត់មិនឲ្យលក់ម៉ោងឲ្យអ្នកផ្សេងក្រៅពីបក្សកាន់អំណាចឡើយ។
ចំណែកឯច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយវិញ នៅកម្ពុជាមិនទាន់មានឡើយ។ ដោយសារមិនទាន់មានច្បាប់នេះហើយ ទើបគណបក្សកាន់អំណាចដែលមានធនធានច្រើនជាងគេស្រាប់នោះ អាចចំណាយច្រើនលើសលប់ជាងគេក្នុងដំណើររៀបចំឃោសនាបោះឆ្នោត។ អង្គការខុមហ្វ្រែល (Comfrel) រកឃើញថា បក្សប្រជាជនកម្ពុជា ចំណាយច្រើនជាងគេក្នុងការឃោសនាបោះឆ្នោតនៅពេលកន្លងទៅ។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា អង្គការនិកហ្វិច (NECFIC) លោក ហង្ស ពុទ្ធា លើកឡើងថា បើសិនជាបក្សទាំងពីរនៅតែព្យាយាមបញ្ចូលសមាជិករបស់ខ្លួននៅក្នុងស្ថាប័នរៀបចំការបោះឆ្នោត នោះពលរដ្ឋនឹងនៅតែមិនមានទំនុកចិត្តលើស្ថាប័ននេះដដែល។ លោកបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសព្វថ្ងៃ ជាបុគ្គលនៅក្រៅគណបក្សនយោបាយ ប៉ុន្តែពលរដ្ឋកម្ពុជា ភាគច្រើនមិនទុកចិត្តលើរបៀបធ្វើការរបស់ពួកគាត់ដែលលំអៀងទៅរកគណបក្សកាន់អំណាច។
លោកបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺរបៀបធ្វើការរបស់ គ.ជ.ប៖ «ជាសំណើរបស់សង្គមស៊ីវិល យើងចង់ឲ្យរៀបចំស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យ មិនឲ្យក្រោមឥទ្ធិពលនយោបាយ»។
លោកបន្តថា ចំពោះយន្តការនៃការដោះស្រាយវិវាទ បន្ទាប់ពីការបោះឆ្នោតក៏ជាបញ្ហាដែលត្រូវកែទម្រង់នោះដែរ។
តាមច្បាប់បោះឆ្នោត គណបក្សនយោបាយអាចប្ដឹងផ្ដល់ពីភាពមិនភាពប្រក្រតីនៃដំណើរការបោះឆ្នោតទៅស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយបើភាគីណាមួយមិនសុខចិត្តអាចប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។
កាលពីឆ្នាំមុន គណបក្សសង្គ្រោះជាតិ នៅខេត្តក្រចេះ បានប្ដឹងសុំបើកមើលកញ្ចប់សុវត្ថិភាព "ក" ចំនួន ១៣កញ្ចប់ នៅឃុំស្វាយជ្រះ ស្រុកស្នួល។ កញ្ចប់សុវត្ថិភាពភាគច្រើនជាកញ្ចប់ចំហមាត់។ បញ្ហានេះជាការទទួលខុសត្រូវរបស់មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ក៏ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញដែលដឹកនាំដោយសមាជិកអចិន្ត្រៃយ៍របស់បក្សកាន់អំណាច លោក ឯក សំអុល បែរជាប្រើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខ្លួនឯងជាអ្នកស៊ើបអង្កេតទៅវិញ។ ក្រុមប្រឹក្សាធម្មនុញ្ញមិនបានសួរមន្ត្រីការិយាល័យបោះឆ្នោតឃុំស្វាយជ្រះ មួយម៉ាត់ឡើយ តែស្ថាប័នកំពូលមួយនេះ ក៏ជឿលើរបាយការណ៍ស៊ើបអង្កេតរបស់ គ.ជ.ប មួយសន្លឹកដែលរកឃើញថា មន្ត្រីថ្នាក់ក្រោមជាអ្នកប្រព្រឹត្តកំហុស ហើយសម្រេចឲ្យដាក់ទោសតាមច្បាប់ទៀតផង។ ដើម្បីបញ្ចប់បញ្ហា គ.ជ.ប ប្រកាសប្រាប់មន្ត្រីថ្នាក់ក្រោមថាឲ្យស្ងប់ស្ងាត់ ព្រោះ គ.ជ.ប មិនដាក់ទោសទណ្ឌអ្វីឡើយ។
ទោះជាយ៉ាងណាក្តី វិទ្យុអាស៊ីសេរី បានរកឃើញថា មន្ត្រីថ្នាក់ការិយាល័យរៀបចំការបោះឆ្នោតទាំងនោះមិនបិទកញ្ចប់សុវត្ថិភាព "ក" ដោយសារពួកគេធ្វើតាមបញ្ជាថ្នាក់លើប៉ុណ្ណោះ។
ទាក់ទងនឹងទំនាស់នយោបាយវិញ គណបក្សសង្គ្រោះជាតិ បានបង្រួមការតវ៉ាតាំងពីមិនសុខចិត្តចំពោះលទ្ធផលបោះឆ្នោត ហើយចោទថា គ.ជ.ប ជួយបន្លំសន្លឹកឆ្នោតឲ្យបក្សកាន់អំណាចមកនៅត្រឹមទាមទាររៀបចំសមាសភាព គ.ជ.ប។ សង្គមស៊ីវិលរកឃើញថា ក្រៅពីមានឥទ្ធិពល គ.ជ.ប គណបក្សកាន់អំណាចបានលូកដៃចូលទៅក្នុងតុលាការរដ្ឋសភា និងស្ថាប័នមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។