ប៉ុន្តែ បក្សកាន់អំណាចបែរជាមិនអើពើទេ ដោយសម្រេចប្រជុំសភា និងជ្រើសរើសគណៈរដ្ឋមន្ត្រីតែឯកបក្ស។ នៅពេលដែលស្ថានការណ៍នយោបាយមិនទាន់នឹងននៅឡើយ បក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែតុលា បានចេញសេចក្តីថ្លែងការណ៍ប្រកាសឲ្យមតិជាតិ អន្តរជាតិ គាំទ្រយន្តការកំណែទម្រង់ការបោះឆ្នោត ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែតុលា បានដាក់ចេញយុទ្ធសាស្ត្រ ៥ចំណុច ដើម្បីធ្វើការកែទម្រង់ការបោះឆ្នោត ក្នុងបំណងធានាឲ្យមានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងសំដៅពង្រឹងការគោរពច្បាប់។
ចំណុចទាំងនោះ រួមមាន ទី១ ស្នើធ្វើវិសោធនកម្មច្បាប់ និងនីតិវិធីទាំងឡាយដែលពាក់ព័ន្ធ និងការបោះឆ្នោត ជាអាទិ៍ច្បាប់ស្ដីពីការបោះឆ្នោត ច្បាប់ស្ដីពីគណបក្សនយោបាយបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ទី២ ស្នើបង្កើតច្បាប់បន្ថែមទៀត ដើម្បីធានាឲ្យមានការលើកកម្ពស់ សុចរិតភាព និងតម្លាភាពនៃការបោះឆ្នោត ដូចជាស្នើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុគណបក្សនយោបាយ និងលិខិតបទដ្ឋានមួយចំនួនទៀត។ ទី៣ គណបក្សកាន់អំណាចប្រកាសបើកចំហ និងទទួលយកនូវអនុសាសន៍គ្រប់មជ្ឈដ្ឋាន ទាក់ទងនឹងការបោះឆ្នោត។ ទី៤ បង្កើតយន្តការសិក្សាស្រាវជ្រាវ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ទី៥ ក្របខ័ណ្ឌកំណែទម្រង់នេះ ត្រូវអនុវត្តដោយរាជរដ្ឋាភិបាល និងរដ្ឋសភា។ គណបក្សកាន់អំណាចថែមទាំងបានអំពាវនាវចំពោះសហគមន៍ជាតិ និងអន្តរជាតិ ឲ្យគាំទ្រដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ដែលរួមចំណែកដល់ការបង្រួបបង្រួមជាតិ។
ការចេញសេចក្តីថ្លែងការណ៍នេះ ស្រដៀងនឹងសេចក្តីថ្លែងការណ៍របស់តំណាងអង្គការសហប្រជាជាតិ និងសេចក្តីថ្លែងការណ៍របស់សង្គមស៊ីវិល ដែលនិយាយពីដំណើរការបោះឆ្នោតនៅកម្ពុជា ដែរ។
សង្គមស៊ីវិល និងបក្សប្រឆាំង កាលពីដើមឆ្នាំ២០១៣ បានទទូចជារឿយៗ រហូតប្រើវិធីដាក់ញត្តិធ្វើបាតុកម្មទាមទារឲ្យបក្សកាន់អំណាច ធ្វើការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ដូចជាដូរសមាសភាព គ.ជ.ប កែទម្រង់របៀបចុះឈ្មោះបោះឆ្នោត ការជំរុញច្បាប់ស្ដីពីហិរញ្ញវត្ថុគណបក្សនយោបាយ និងគោលការណ៍ស្មើភាពនៃប្រព័ន្ធផ្សព្វផ្សាយជាដើម។ កាលណោះ បក្សកាន់អំណាចប្រកាសថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅតាមច្បាប់ និងមិនមានការចាំបាច់ក្នុងការកែប្រែនោះទេ។
ទាក់ទងនឹងបញ្ហានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា លោកមិនមានជំនឿថា បក្សកាន់អំណាចមានចេតនាពិតប្រាកដក្នុងការកែទម្រង់ការបោះឆ្នោតទេ។ លោកបន្តថា ការប្រកាសធ្វើកំណែទម្រង់នេះ គ្រាន់តែជាលេសដើម្បីកាត់បន្ថយនូវការខឹងសម្បារពីសំណាក់ម្ចាស់ឆ្នោត និងទាក់ទាញអន្តរជាតិឲ្យគាំទ្រអំណាចឯកបក្សរបស់ខ្លួនប៉ុណ្ណោះ។ លោកបញ្ជាក់ថា ការធ្វើកំណែទម្រង់មានប្រសិទ្ធភាពទៅបាន គឺអាស្រ័យលើតុល្យភាពអំណាចនៅក្នុងសភា និងការបង្កើតយន្តការត្រួតពិនិត្យគ្នាទៅវិញទៅមក ដើម្បីប្រយោជន៍ជាតិ។
មន្ត្រីសង្គមស៊ីវិលមួយចំនួន យល់ថា សេចក្តីថ្លែងការណ៍របស់បក្សកាន់អំណាចលើកនេះ ជាការបន្ទន់ជំហរមួយ ដើម្បីទាក់ទាញសំឡេងគាំទ្រពីពលរដ្ឋ។ ហើយសេចក្តីថ្លែងការណ៍នេះ ហាក់ទទួលស្គាល់ថា ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា នាពេលកន្លងទៅ មានបញ្ហារួចទៅហើយ។ ហើយលិខិតនេះ គឺផ្ទុយគ្នាទាំងស្រុងពីសៀវភៅស ឬជារបាយការណ៍វិភាគរបស់រាជរដ្ឋាភិបាល ចេញផ្សាយថ្ងៃទី២០ កញ្ញា ដែលចាត់ទុកថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌តាមបែបប្រជាធិបតេយ្យរួចទៅហើយនោះ។
សៀវភៅសរបស់រាជរដ្ឋាភិបាល បានបើកការវាយប្រហារលើទង្វើរបស់គណបក្សប្រឆាំង តាំងពីមុនបោះឆ្នោត រហូតក្រោយប្រកាសលទ្ធផលបោះឆ្នោត។ សៀវភៅស ក៏បានចោទសង្គមស៊ីវិលចំនួនពីរ គឺវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអង្គការ ខុមហ្វ្រែល (Comfrel) ដែលធ្លាប់បានចេញរបាយការណ៍អង្កេតស្រាវជ្រាវស្ដីពីការបាត់ឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ថាចូលដៃចូលជើងជាមួយបក្សប្រឆាំង។ ក្រៅពីនោះ រាជរដ្ឋាភិបាលចោទប្រកាន់ស្ថាប័នសារព័ត៌មានចំនួន៤ គឺវិទ្យុអាស៊ីសេរី វិទ្យុវីអូអេ កាសែតភ្នំពេញប៉ុស្តិ៍ កាសែត ឌឹ ខាមបូឌាដេលី ថាបានផ្សាយព័ត៌មានភាគច្រើនសុទ្ធសឹងតែជាព័ត៌មានប្រឌិត បំផ្លើស និងមួលបង្កាច់ការពិត តាំងពីមុន និងក្រោយការបោះឆ្នោត។ មិនតែប៉ុណ្ណោះ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (Youtube) ថ្វីតធឺ (Twitter) ក៏ត្រូវរងការចោទពីរាជរដ្ឋាភិបាលដែរថា ផ្សាយព័ត៌មានបំពុលបរិយាកាសសង្គម កេងចំណេញនយោបាយ។
ទោះជាបែបណាក្តី នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា ចាត់ទុកថា សេចក្តីថ្លែងការណ៍របស់បក្សកាន់អំណាច ជាដំណើរឆ្ពោះទៅមុខនៃការកែទម្រង់រដ្ឋ។ លោកបន្តថា ដើម្បីឲ្យគេជឿថា បក្សនេះចង់កែទម្រង់ប្រាកដមែន លុះត្រាតែមានមានការបែងចែកអំណាចក្នុងសភា ឲ្យបក្សប្រឆាំងមានឥទ្ធិពលត្រួតពិនិត្យអំណាចរាជរដ្ឋាភិបាលជាមុនសិន។ លោកបញ្ជាក់ថា ការពីពេលកន្លងទៅ បក្សកាន់អំណាចប្រកាសកែទម្រង់ដំណើរការបោះឆ្នោតមែន តែគឺកែដើម្បីតែប្រយោជន៍ខ្លួនប៉ុណ្ណោះ។
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា អង្គការ ខុមហ្វ្រែល ធ្លាប់ចេញរបាយការណ៍មួយកាលពីដើមឆ្នាំ២០១៣ ដោយបង្ហាញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែដើរថយក្រោយ។ សង្គមស៊ីវិលនេះ ក៏រកឃើញថា គណបក្សកាន់អំណាចបានប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីពង្រឹងអំណាចខ្លួន និងកំចាត់សំឡេងជំទាស់។ ការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា បង្ហាញថា បក្សប្រជាជនកម្ពុជា ធ្លាក់សំឡេងគាំទ្រជាងកន្លះលានសំឡេង ស្មើនឹងអាសនៈសភា ២២កៅអី។ សេចក្តីថ្លែងការណ៍ស្ដីពីការកែទម្រង់ការបោះឆ្នោត ក្នុងការប្រកាសយុទ្ធសាស្ត្រដឹកនាំរដ្ឋាភិបាលអាណត្តិថ្មីនេះ ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន ក៏បានសន្យាចំពោះជាតិថា នឹងធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។