សមាជិក​សភា​បក្ស​កាន់​អំណាច​អនុម័ត​ឲ្យ​តុលាការ​បន្ត​ចាត់​ការ​លោក កឹម សុខា

សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​លើក​ដៃ​អនុម័ត​ជា​ឯកច្ឆន្ទ​ដើម្បី​​ឲ្យ​តុលាការ​បន្ត​លើ​សំណុំ​រឿង​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា ខណៈ​សមាជិក​រដ្ឋសភា​បក្ស​ប្រឆាំង​ចាត់​ទុក​ថា ការ​ប្រជុំ​ករណី​នេះ​ជា​ទង្វើ​ខុស​ច្បាប់។

ការ​សម្រេច​អនុម័ត​បន្ត​នីតិវិធី​របស់​តុលាការ​លើ​ករណី​លោក កឹម សុខា ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា​នៅ​ថ្ងៃ​ទី១១ កញ្ញា ដែល​មាន​តំណាងរាស្ត្រ​ពី​បក្ស​កាន់​អំណាច​ចំនួន ៦៧រូប ខណៈ​អវត្តមាន ១រូប គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​ពហិការ​ចូលរួម​ប្រជុំ និង​នាំ​គ្នា​ជួបជុំ​ថ្លែង​សារ​នៅ​មុខ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ទី​ដែល​លោក កឹម សុខា កំពុង​ជាប់​ឃុំ ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា។

បក្ស​ប្រឆាំង​ចាត់​ទុក​ថា ការ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​នៅ​ថ្ងៃ​នេះ ជា​ទង្វើ​ខុស​ច្បាប់ ហើយ​ពួកគេ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ ខណៈ​ពួកគេ​អះអាង​ថា លោក កឹម សុខា នៅ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។