មន្ត្រី​រដ្ឋាភិបាល​ឲ្យ​លោក សម រង្ស៊ី សុំ​ទោស​លោក ហ៊ុន សែន រឿង​ប្រដូច​ទៅ​របប​ហ្វាស៊ីស

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល គំរាម​លុប​ចោល​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា ហើយ​ថា អាច​នឹង​មិន​មាន​ស្ថិរភាព​សង្គម ដោយសារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រើ​វប្បធម៌​ចាប់​ដៃ​ហើយ​ជាន់​ជើង​នោះ។ ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​ទាំង​នេះ មន្ត្រី​រដ្ឋាភិបាល​ស្នើ​ឲ្យ លោក សម រង្ស៊ី ជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង សុំ​ទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញ​រឿង លោក សម រង្ស៊ី បាន​ប្រៀប​ប្រដូច លោក ហ៊ុន សែន ទៅ​នឹង​ការ​ដឹក​នាំ​តាម​របប​ហ្វាស៊ីស (Fascist)។

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ប្រសិន​បើ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​សុំ​ទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រឿង​ប្រៀប​ប្រដូច​ទៅ​ការ​ដឹក​នាំ​តាម​របប​ហ្វាស៊ីស​នោះ​ទេ វប្បធម៌​សន្ទនា​រវាង​បក្ស​ទាំង​ពីរ នឹង​ត្រូវ​រំលាយ​ចោល។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ថា លោក សម រង្ស៊ី កំពុង​តែ​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង និង​ស្មារតី​វប្បធម៌​សន្ទនា​រវាង​បក្ស​ទាំង​ពីរ។ លោក​បន្ត​ថា ជាក់ស្តែង​កាល​ពី​ពេល​ថ្មីៗ​នេះ លោក សម រង្ស៊ី បាន​ប្រដូច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ លោក ហ្គាដាហ្វី (Gaddafi) មេ​ដឹក​នាំ​ផ្តាច់​ការ​នៅ​ប្រទេស​លីប៊ី ដែល​បាន​ដឹក​នាំ​ប្រទេស​ម្នាក់​ឯង​អស់​រយៈពេល​ជិត ៤០​ឆ្នាំ ពិសេស​រឿង​ប្រៀប​ទៅ​របប​ហ្វាស៊ីស នៅ​ប្រទេស​អ៊ីតាលី ដែល​ប្រើ​ហិង្សា​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ និង​អ្នក​ដទៃ​ទៀត​នោះ។ លោក​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​ពី លោក សម រង្ស៊ី ម្តង​ហើយ​ម្តង​ទៀត​បាន​នោះ​ឡើយ៖ «ពួក​ហ្វាស៊ីស​អី​គេ​ឈប់​និយាយ​ហើយ សតវត្ស​ទី​២១ ហើយ ហួស​សម័យ​ហើយ។ គាត់​យក​មក​រំឭក​អ៊ីចឹង វា​ដូច​ជា​ហួស​សម័យ​ហើយ។ នេះ​ជា​ការ​មួលបង្កាច់​ហួស​ហេតុ​ពេក អា​ហ្នឹង​ជា​រឿង​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​អស់​ជំនឿ មិន​អាច​ទទួល​យក​បាន ចឹង​ហើយ​វា​ធ្វើ​ឲ្យ​វប្បធម៌​សន្ទនា​អាច​ដាច់​ខ្យល់ បើ​ដៃគូ​ម្ខាង​ទៀត​មិន​ព្រម​សន្ទនា​ផង គ្មាន​ន័យ​អ្វី​ទៀត»

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​លើក​ឡើង​ទៀត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​គោរព និង​កសាង​ភាព​ល្អូកល្អើន​ជាមួយ លោក សម រង្ស៊ី ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី តែង​បង្ក​បញ្ហា​ក្នុង​ន័យ​ញុះញង់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ លោក សុខ ឥសាន បន្ត​ថា លោក សម រង្ស៊ី ត្រូវ​តែ​សុំ​ទោស​លោក​នាយក​រដ្ឋមន្ត្រី​ជា​សាធារណៈ៖ «សម្ដេច​តេជោ​គាត់​ចង់​ផ្សារភ្ជាប់​មនោសញ្ចេតនា​ជាមួយ​គ្នា ចឹង​ហើយ​បាន​គាត់​ខំ​រៀប​បាយ​សាមគ្គី​រវាង​ក្រុម​គ្រួសារ​គាត់ និង​គ្រួសារ លោក សម រង្ស៊ី តែ​ពេល​ហូប​បាយ​មិន​ទាន់​ទាំង​លាង​មាត់​ហើយ​ផង ឯកឧត្តម សម រង្ស៊ី ចាប់​ដៃ​ហើយ​ជាន់​ជើង អា​ហ្នឹង​យើង​មិន​អាច​ទទួល​យក​បាន​ទេ ចឹង​បាន​បញ្ហា​នេះ​សម្ដេច​ទាមទារ​ឲ្យ លោក សម រង្ស៊ី សុំ​ទោស​ជា​សាធារណៈ បើ​មិន​ដូច្នោះ​ទេ សម្ដេច​នឹង​គ្មាន​ឡើយ​ចរចា​ជាមួយ លោក សម រង្ស៊ី»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សុំ​ការ​ឆ្លើយ​តប​យ៉ាង​ណា ដើម្បី​ដឹង​ពី​ជំហរ​របស់​លោក​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា។

បន្ទាប់​ពី​មាន​ផ្ទុះ​បាតុកម្ម​ទម្លាក់ លោក កឹម សុខា បាន​មួយ​ថ្ងៃ និង​ក្រោយ​ពី លោក ហ៊ុន សែន ព្រមាន​ថា ប្រធាន​គណបក្ស​ប្រឆាំង​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ ព្រោះ​តែ​អនុញ្ញាត​ឲ្យ លោក ហុង សុខហួរ បង្ហោះ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា និង​វៀតណាម ក្លែងក្លាយ នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្លួន​នោះ លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៧ តុលា ដោយ​ប្រើ​សម្ដី​ធ្ងន់ៗ​ពុំ​ធ្លាប់​មាន បន្ទាប់​ពី​មាន​វប្បធម៌​សន្ទនា​ថា អ្វី​ដែល​សំខាន់​នោះ លោក ហ៊ុន សែន ហាក់​ដូចជា​ចង់​រក​លេស​ប្រើ​អំពើ​ហិង្សា​កាន់​តែ​ច្រើន ដើម្បី​បង្កើត​ព្រឹត្តិការណ៍​អវិជ្ជមាន និង​អធម្មនុញ្ញ ចៀសវាង​កុំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ខាង​មុខ។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន ដឹង​ថា​ការ​បោះ​ឆ្នោត​ខាង​មុខ​មិន​ឈ្នះ និង​ដើម្បី​រក្សា​អំណាច​បាន​ច្រើន​ឆ្នាំ​ត​ទៅ​ទៀត។ ហេតុ​នេះ លោក ហ៊ុន សែន កំពុង​ប្រើ​វិធី​ស្រដៀង​ក្រុម​ហ្វាស៊ីស នៅ​ប្រទេស​អ៊ីតាលី ប្រើ​ហិង្សា​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ និង​អ្នក​ដទៃ​ទៀត។

ចំណែក​អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា រឿង​ប្រដូច​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​នឹង​ការ​ដឹក​នាំ​បែប​របប​ផ្តាច់​ការ​ណា​មួយ មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ព្រោះ​ជា​ទស្សនៈ​នយោបាយ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្គម។ ហេតុ​នេះ រឿង​សុំ​ទោស ឬ​អត់ មិន​មែន​ជា​រឿង​សំខាន់​នោះ​ឡើយ។ លោក​បន្ត​ថា វប្បធម៌​សន្ទនា​រវាង​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​នេះ គ្មាន​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ឡើយ គឺ​មាន​តែ​ការ​ផ្តុំ​អំណាច​ឲ្យ​អ្នក​នយោបាយ​ទាំង​ពីរ​នោះ​ទៅ​វិញ​ទេ៖ «បើ​សិន​វប្បធម៌​សន្ទនា​គ្មាន​យន្តការ​ច្បាស់លាស់ គ្មាន​ពេលវេលា គ្មាន​គោលការណ៍​អី​ត្រឹមត្រូវ គ្មាន​ការ​សម្រេច​ចិត្ត ឬ​ចូលរួម​ពី​ពលរដ្ឋ​ដូច្នេះ វា​លុប​ចោល ឬ​មិន​លុប​ចោល ក៏​គ្មាន​ប្រយោជន៍​អី​ដែរ»

វប្បធម៌​សន្ទនា​រវាង​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​ថា មិន​បាន​ផ្តល់​ផល​ចំណេញ​ដល់​សង្គម​កម្ពុជា នោះ​ទេ។ ពួក​គេ​យល់​ថា កម្ពុជា នៅ​តែ​មិន​ទទួល​បាន​យុត្តិធម៌​ស្មើ​ភាព និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។