មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បដិសេធមិនទទួលយកសេចក្ដីសម្រេចលេខ៧២៨ អនុម័តដោយតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ ស្តីពីលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ចំណែកមន្ត្រីបក្សប្រឆាំងវិញ បានសាទរចំពោះសេចក្ដីសម្រេចនេះ ហើយថា សហរដ្ឋអាមេរិក នៅតែមានឥទ្ធិពលលើកម្ពុជា ទាំងកត្តានយោបាយ និងសេដ្ឋកិច្ច។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា សេចក្ដីសម្រេចរបស់តំណាងរាស្ត្រអាមេរិកនេះ គ្មានឥទ្ធិពលអ្វីលើកម្ពុជា ដែលជាប្រទេសមានអធិបតេយ្យ និងឯករាជ្យនោះទេ៖ «កម្ពុជាជាប្រទេសមានអធិបតេយ្យភាព និងឯករាជ្យភាព មានសិទ្ធិស្មើគ្នាទៅនឹងបណ្ដាប្រទេសដទៃទៀតលើពិភពលោក ប៉ុន្តែបើអោយយកវប្បធម៌សន្ទនាទៅដោះស្រាយជនល្មើសច្បាប់ដែលចេញពីអ្នកនយោបាយរបស់គណបក្សប្រឆាំងហ្នឹង គឺមិនអាចធ្វើទៅរួចទេ ពីព្រោះនេះគឺជាការក្បត់នីតិរដ្ឋ ហើយយកវប្បធម៌និទ្ទណ្ឌភាពមកអនុវត្តជំនួសនីតិរដ្ឋវិញ អាហ្នឹងគឺមិនបានទេ»។
សេចក្ដីសម្រេចលេខ ៧២៨ ស្តីពីប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា ធ្វើឡើងដើម្បីថ្កោលទោសគ្រប់ទម្រង់នៃការប្រើអំពើហិង្សាខាងផ្នែកនយោបាយ និងការដាក់ទណ្ឌកម្មចំពោះអំពើរំលោភសិទ្ធិមនុស្សដែលកំពុងកើតមាននៅកម្ពុជា។
សេចក្ដីសម្រេចនេះទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ គោរពសេរីភាពខាងសារព័ត៌មាន សិទ្ធិក្នុងការជួបប្រជុំ ការធ្វើបាតុកម្ម ការហ៊ាននិយាយរិះគន់រដ្ឋាភិបាល និងគាំទ្រការកែទម្រង់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ដោយមានការចូលរួមសង្កេតការណ៍ពីសហគមន៍អន្តរជាតិ។
ទាក់ទងនឹងសេចក្ដីសម្រេចនេះដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី មូ សុខហួរ បញ្ជាក់ថា សហរដ្ឋអាមេរិកជាប្រទេសម្ចាស់ហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយសហរដ្ឋអាមេរិក នៅតែមានឥទ្ធិពលលើកម្ពុជា ក្នុងការឃ្លាំមើលដំណើរការប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការបោះឆ្នោតដោយយុត្តិធម៌ និងតម្លាភាព។
អ្នកស្រីបន្តថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា ទាត់ចោលសេចក្ដីសម្រេចលេខ៧២៨ នេះមែន នោះរដ្ឋាភិបាលនឹងកាន់តែខាតបង់អាសនៈរបស់ខ្លួនថែមទៀតសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយ ដោយសារខ្លួនមិនដោះស្រាយវិបត្តិសង្គមដ៏ធ្ងន់ធ្ងរដែលកំពុងកើតឡើងនេះ៖ «នៅពេលណាដែលរដ្ឋាភិបាលនិយាយតែពីអធិបតេយ្យភាព ហើយមិនព្រមទទួលស្គាល់នូវអ្វីដែលជាការប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យទេ នៅពេលនោះប្រទេសដែលជាម្ចាស់ហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានកាតព្វកិច្ច។ គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាគោលការណ៍សកល»។
ប្រធានអង្គការសភាអន្តរជាតិមានមូលដ្ឋានក្នុងរដ្ឋមីនីសូតា (Minnesota) លោក សេក កុសល គាំទ្រចំពោះសេចក្តីដែលទើបបានអនុម័តនេះ ហើយថា ការសម្រេចនេះគឺជាឱកាសល្អសម្រាប់ពន្យល់ ឬផ្ដល់មេរៀនដល់តំណាងរាស្ត្ររបស់អាមេរិក ទាំងអស់ឲ្យយកចិត្តទុកដាក់អំពីហានិភ័យសង្គមដ៏ធ្ងន់ធ្ងរដែលកំពុងកើតមានឡើងនៅកម្ពុជា៖ «នេះគឺជាឱកាសដ៏ល្អមែនទែន! នេះគឺជាការសម្រេចមិនមែនការអនុវត្តទេ ដូច្នេះយ៉ាងហោចណាស់ក៏យើងអាចពន្យល់ និងផ្ដល់មេរៀនតំណាងរាស្ត្រយើងនៅសហរដ្ឋអាមេរិកនេះដែលមានចំនួន ៤៣៥នាក់»។
តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ដែលជាអ្នកផ្តួចផ្តើមបង្កើតសេចក្ដីសម្រេចនេះបានឡើងថ្លែងនៅក្នុងពេលប្រជុំសភាពេញអង្គថា សេចក្ដីសម្រេចនេះគឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការជំរុញឲ្យមានការអនុគោលការណ៍លទ្ធិប្រជាធិបតេយ្យឲ្យបានពេញលេញប្រកបដោយតម្លាភាព។
តំណាងរាស្ត្ររូបនេះបានបញ្ជាក់ថា ការអនុម័តសេចក្ដីសម្រេចនេះ គឺជាការផ្ញើសារដ៏ខ្លាំងមួយដល់រដ្ឋាភិបាលទីក្រុងភ្នំពេញ ថាសហរដ្ឋអាមេរិក គាំទ្រពេញទំហឹងចំពោះការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
ចំណែកលោក អេដ រ៉យ (Ed Royce) ដែលជាប្រធានគណៈកម្មាធិការកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិក ជាអ្នកចូលរួមបង្កើតសេចក្ដីព្រាងសេចក្ដីសម្រេចនេះ បានបញ្ជាក់ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃទី១២ ខែកញ្ញា ថា សេចក្ដីសម្រេចនេះគឺជាការរួមចំណែកក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ ពីការប្រើអំពើហិង្សាផ្នែកនយោបាយ ដូចជាករណីការវាយប្រហារទៅលើលោក ញ៉យ ចំរើន និងលោក គង់ សភា ការបាញ់សម្លាប់អ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដល់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងការឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយជាច្រើនរូបទៀត។ លោកបន្តថា សេចក្ដីសម្រេចនេះ នឹងបើកផ្លូវបន្ថែមទៀតឲ្យក្រុមអ្នកតាក់តែងច្បាប់របស់អាមេរិក ក្នុងការធ្វើច្បាប់មួយដើម្បីរឹតត្បិតជំនួយបរទេស និងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។