គណបក្សប្រឆាំងប្រកាសថា លោក កឹម សុខា រួមនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នឹងទៅចូលរួមវេទិកាសំណេះសំណាលនៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមករា។ ថ្នាក់ដឹកនាំគណបក្សប្រឆាំង ប្ដេជ្ញាចិត្តថា នឹងនៅតែចុះជួបអ្នកគាំទ្រតាមបណ្ដាខេត្តតទៅទៀត បើទោះជាគណបក្សកាន់អំណាចរៀបចំកម្លាំងរំខានវេទិកាជួបជុំក៏ដោយចុះ។
លោក កឹម សុខា មានប្រសាសន៍ថា គណបក្សកាន់អំណាចចាប់ផ្ដើមប្រើយុទ្ធសាស្ត្របន្លាជោះបន្លាតាមសម្ដីរបស់លោក ហ៊ុន សែន ហើយយុទ្ធសាស្ត្របែបនេះ ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ លោកបន្តថា បក្សប្រជាជនរួមដៃជាមួយអាជ្ញាធររំខានការជួបជុំរបស់គណបក្សសង្គ្រោះជាតិមួយដងជាពីរដង ក្នុងគោលបំណងរារាំងសកម្មភាពនយោបាយ និងបិទសិទ្ធិសេរីភាពក្នុងការជួបជុំ។ លោក កឹម សុខា បានហៅទង្វើរបស់គណបក្សប្រជាជនកម្ពុជា ថាសាហាវឃោរឃៅ និងមិនអាចអត់ឱនឲ្យបានឡើយ។
សូមស្ដាប់សេចក្ដីរាយការណ៍បន្ថែមរបស់លោក វណ្ណ វិចារ៖
បក្សសង្គ្រោះជាតិចោទបក្សប្រជាជនថាបង្កចលាចលនៅកំពង់ចាម
ការិយាល័យបក្សសង្គ្រោះជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៦ មករា ថា បក្សប្រជាជនកម្ពុជា បានកេណ្ឌប្រជាពលរដ្ឋនិងចល័តកងកម្លាំងប៉ូលិស ទាហាន នៅថ្ងៃទី២៥ និងទី២៦ មករា បំភិតបំភ័យប្រជាពលរដ្ឋមិនឲ្យចូលរួមកិច្ចប្រជុំជាមួយលោក កឹម សុខា បាន។ សេចក្ដីប្រកាសព័ត៌មាននេះ សរសេរប្ដឹងទៅប្រជាពលរដ្ឋ អង្គទូត ព្រមទាំងកាសែតជាតិ និងអន្តរជាតិ។
សេចក្ដីប្រកាសព័ត៌មាននេះធ្វើឡើង ស្របពេលដែលលោក កឹម សុខា ចុះទៅជួបអ្នកគាំទ្រនៅខេត្តកំពង់ចាម នៅថ្ងៃទី២៦ មករា នេះ ហើយបានប្រឈមនឹងក្រុមអ្នកគាំទ្របក្សប្រជាជនកម្ពុជា រាប់ពាន់នាក់ ប្រមូលផ្ដុំនៅសណ្ឋាគារលោកស្នាក់នៅ និងប្រមូលផ្ដុំគ្នានៅមុខស្នាក់ការបក្សសង្គ្រោះជាតិ ក្នុងខេត្តនេះ កាលពីពេលព្រឹក។
អ្នកគាំទ្របក្សប្រជាជនមានរថយន្តមួយបាំងកន្លះ ខ្លះជិះរថយន្តទ្រុងផង ពាក់មួកគណបក្សប្រជាជន ខ្លះកាន់ដំបងឫស្សី ចងទង់ជាតិគ្រវីមុខសណ្ឋាគារឈ្មោះ លាភ វិរៈសារ ដែលជាសណ្ឋាគារលោក កឹម សុខា ស្នាក់នៅ។
លោក កឹម សុខា បានចាកចេញពីសណ្ឋាគារ លាភ វិរៈសារហើយមុនថ្ងៃត្រង់នេះ។ ទោះយ៉ាងណា មិនឃើញវត្តមានលោក កឹម សុខា នៅមន្ទីរបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម នៅឡើយទេ ក្នុងពេលដែលចំនួនអ្នកគាំទ្របក្សប្រជាជន នាំគ្នាប្រមូលផ្ដុំនៅមុខមន្ទីរបក្សសង្គ្រោះជាតិ កាន់តែច្រើនឡើងៗ។
អ្នកគាំទ្របក្សប្រជាជននាំគ្នាប្រមូលផ្ដុំនៅមុខមន្ទីរបក្សសង្គ្រោះជាតិ ហើយចាក់ធុងបាស់ និងចាក់មីក្រូតម្រង់ទៅក្នុងបក្សសង្គ្រោះជាតិ ដែលកំពុងចាក់មីក្រូមកក្រៅ ជាការរំខាន។
កិច្ចប្រជុំបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ចាម ត្រូវបានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ប្រកាសរំសាយនៅថ្ងៃត្រង់នេះ ដោយសារតែអ្នកគាំទ្របក្សប្រជាជន រាប់ពាន់នាក់រំខាន។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក សូត សុខប្រាថ្នា ពីខេត្តកំពង់ចាម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។