ស្ថានភាពទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅខេត្តកំពង់ឆ្នាំង មានភាពល្អប្រសើរជាងអាណត្តិមុនៗ ប៉ុន្តែអ្នកសង្កេតការណ៍នៅតែរកឃើញថា មានភាពមិនប្រក្រតីខ្លះៗកើតឡើង។
បញ្ហាដែលអ្នកឃ្លាំមើលរកឃើញនោះ គឺកម្លាំងនគរបាល មេភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងបេក្ខជនគណបក្សនយោបាយជួបជុំគ្នានៅក្បែរការិយាល័យបោះឆ្នោត ដែលជាការរំខានដល់ការបោះឆ្នោត។
លេខាធិការនៃគណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (COMFREL) លោក លាភ ប៊ុនលាង មានប្រសាសន៍ថា កម្លាំងនគរបាល និងអាជ្ញាធរទាំងនោះតែងតែឈរជើងនៅកៀកការិយាល័យស្ទើររាល់អាណត្តិ។ ចំពោះនីតិវិធីអនុវត្តដំណើរការបោះឆ្នោតនៅតាមការិយាល័យជាង ១០ ដែលលោកបានចុះសង្កេតការណ៍ ពុំមានភាពខុសឆ្គងអ្វីកើតឡើងនោះទេ៖ « ខ្ញុំគិតថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ - សង្កាត់លើកនេះ ប្រសើរជាងអាណត្តិមុនៗ ប៉ុន្តែពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានហ្នឹង ហាក់ដូចអត់ចោលទម្លាប់សោះ គាត់នៅកន្លែងបោះឆ្នោតដដែល »។
អាស៊ីសេរី បានចុះសង្កេតការណ៍នៅការិយាល័យបោះឆ្នោតចំនួន ១៣ការិយាល័យ ក្នុងសង្កាត់ផ្សារឆ្នាំង និងសង្កាត់ខ្សាម ឃើញមានកម្លាំងនគរបាលខ្លះឈរជើងនៅកៀកការិយាល័យនៅពេលព្រឹក ប៉ុន្តែនៅពេលថ្ងៃ កម្លាំងទាំងនេះត្រូវបានដកឃ្លាឆ្ងាយពីការិយាល័យ និងខ្លះឈរជើងនៅចម្ងាយប្រមាណ ៥០ ទៅ ១០០ម៉ែត្រពីការិយាល័យ ទៅតាមការណែនាំរបស់មន្ត្រីរៀបចំការបោះឆ្នោតវិញ។
ទាក់ទងបញ្ហានេះ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង អ្នកស្រី នួន ចាន់នី ទទួលស្គាល់ថា មាននគរបាល និងអាជ្ញាធរខ្លះពិតបានជាបានទៅឈរនៅក្បែរការិយាល័យ ប៉ុន្តែអ្នកស្រីយល់ថាមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោត ឬវាជារូបភាពគំរាមកំហែងនោះទេ ព្រោះនគរបាល និងអាជ្ញាធរទាំងនោះមិនបានទៅគំរាមកំហែងអ្នកបោះឆ្នោតនោះទេ៖ « មានរំខានស្អី ! អ្នកបោះគេបោះនៅក្នុងបន្ទប់សម្ងាត់ណោះ គេធ្វើការសម្រេចចិត្ត គាត់មានទៅគំរាមកំហែងថាបោះឲ្យអញ ឬអ៊ីចេះអ៊ីចុះ ហើយគាត់ក៏ខ្លាចគេប្ដឹងដែរ។ វាមិនប៉ះពាល់អីដល់លទ្ធផលបោះឆ្នោតទេ »។
នៅទូទាំងខេត្តកំពង់ឆ្នាំង មានឃុំ-សង្កាត់ចំនួន៧០ ហើយការិយាល័យបោះឆ្នោតចំនួន ៧៨១ការិយាល័យ។ អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជិត ៣សែននាក់ (២៩០.៦៥៥នាក់) បានបោះឆ្នោតជាង ៩០%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។