ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ប្រាប់ថា គណបក្សដែលដាក់បេក្ខជនឈរឈ្មោះមិនបានគ្រប់សង្កាត់ទាំង ១០៥ នឹងទទួលបានឱកាសក្នុងការហែក្បួនជាទ្រង់ទ្រាយធំដូចគណបក្សដាក់បេក្ខជនឈរឈ្មោះគ្រប់សង្កាត់ដែរ ប៉ុន្តែការហែក្បួនជាទ្រង់ទ្រាយធំរបស់បក្សទាំងនោះ ត្រូវហែជាលក្ខណៈស្បែកខ្លា។
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីឲ្យដឹងនៅថ្ងៃទី២៣ ខែឧសភា ថា គ្រប់គណបក្សនយោបាយទាំងអស់មានសិទ្ធិរៀបចំឃោសនាជាទ្រង់ទ្រាយធំដូចគ្នា គឺស្របតាមនីតិវិធី គ.ជ.ប បានកំណត់។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី លោក មាស ឆព្វណ្ណ បញ្ជាក់ថា ក្នុងក្បួនធំគ្រប់គណបក្សទាំងនោះ អាចហែបានដោយប្រើឧបករណ៍បំពងសំឡេងដោយសេរី និងស្រែកឃោសនាពីគោលនយោបាយបក្សខ្លួនបានស្រេចចិត្តសម្រាប់ការហែនៅក្នុងសង្កាត់ ដែលបានដាក់បេក្ខជនឈរឈ្មោះ ប៉ុន្តែនៅពេលដែលឆ្លងសង្កាត់ ចូលទៅសង្កាត់មួយទៀត ចំពោះគណបក្សណាមិនបានដាក់បេក្ខជនឈរឈ្មោះទេ គណបក្សនោះ ត្រូវបិទឧបករណ៍បំពងសំឡេង ហើយត្រូវជិះឡាន ឬម៉ូតូឆ្លងកាត់ដោយស្ងាត់ស្ងៀម រហូតអាចធ្វើសកម្មភាពឃោសនាឡើងវិញបាននៅសង្កាត់ដែលខ្លួនបានដាក់បេក្ខជនឈរឈ្មោះប្រកួតប្រជែង។
លោក មាស ឆព្វណ្ណ បន្ថែមថា ការធ្វើដូច្នេះ ដើម្បីសម្រួលដល់គណបក្សដែលដាក់បេក្ខជនមិនបានគ្រប់សង្កាត់ អាចមានឱកាសបានរៀបចំហែក្បួនឃោសនាជាទ្រង់ទ្រាយធំ និងឆ្លងសង្កាត់ ដូចគណបក្សមានបេក្ខជនឈរឈ្មោះគ្រប់ឃុំ-សង្កាត់ដែរ៖ «គ្រប់សកម្មភាពឃោសនាទាំងអស់ត្រូវតែជូនដំណឹង។ បើសិនណាយើងធ្វើក្របខ័ណ្ឌសង្កាត់ យើងជូនដំណឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ យើងធ្វើធំក្របខ័ណ្ឌចាប់ពីធំឡើងទៅ យើងជូនដំណឹងមកគណៈកម្មការរាជធានីភ្នំពេញ រៀបចំការបោះឆ្នោត អ្វីដែលដាក់ហ្នឹងមិនមែនជាការតឹងតែង គាបសង្កត់សិទ្ធិអីទេ មែនទេ គឺនៅពេលដែលគាត់ដាក់មក យកតម្រាយផ្លូវគាត់ហ្នឹង សិក្សាជាមួយគណៈបញ្ជាការឯកភាពរាជធានី»។
សកម្មភាពឃោសនាបោះឆ្នោត ថ្ងៃទី៤ នៅទីក្រុងភ្នំពេញ មានស្ថានភាពស្ងប់ស្ងាត់ខ្លាំង បើធៀបនឹងការឃោសនាកាលពី ២ថ្ងៃបើកឆាកដំបូងនៃយុទ្ធនាការឃោសនា។ តែទោះជាយ៉ាងណា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ វាយតម្លៃថា ការហែក្បួននៅភ្នំពេញ មានលក្ខណៈល្អជាងនៅតាមបណ្ដាខេត្ត ព្រោះមកដល់ថ្ងៃទី៤ នៃយុទ្ធនាការហែក្បួននេះ នៅមិនទាន់ទទួលបានពាក្យបណ្ដឹងមួយនៅឡើយទេ ខណៈដែល គ.ជ.ប ទទួលបានពាក្យបណ្ដឹងនៅតាមខេត្តជាង ២០បណ្ដឹងហើយ។
លោក មាស ឆព្វណ្ណ ថា មានតែគណបក្ស២ទេ គឺគណបក្សខ្មែររួបរួមជាតិ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានចូលរួមប្រជុំ នឹងសន្យាជូនដំណឹងដល់អាជ្ញាធរដើម្បីហែក្បួនជាលក្ខណៈស្បែកខ្លានៅភ្នំពេញ។ ឯគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មិនបានចូលរួមប្រជុំទេ។ គណៈកម្មការនឹងជូនដំណឹងទៅពេលក្រោយ។
នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC) លោក សំ គន្ធាមី មើលឃើញថា ការសម្រួលរបស់គណៈកម្មការរៀបចំការបោះឆ្នោតនៅរាជធានីជាការល្អ ប្រសិនបើអាចធ្វើទៅបានមែន។ ឯការហែក្បួននៅភ្នំពេញ មិនទាន់មានពាក្យបណ្ដឹង លោក សំ គន្ធាមី យល់ថា ការហែក្បួនឃោសនានៅអាណត្តិនេះ លោកឃើញមានលក្ខណៈល្អ គ្មានការប៉ះទង្គិច និងចេះយោគយល់គ្នាជាងអាណត្តិមុនៗ៖ «នេះជាចំណុចវិជ្ជមានមួយដែរ ដែលបានជួយដល់គណបក្ស ហើយជាគោលការណ៍ស្មើភាព»។
គណបក្សចំនួន៦ ដែលបានដាក់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាសង្កាត់ក្នុងរាជធានីភ្នំពេញនោះ មានតែពីរគណបក្សទេដែលមានបេក្ខជនឈរឈ្មោះគ្រប់សង្កាត់ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ក្រៅពីគណបក្សទាំងពីរនេះ មានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានហែក្បួនឃោសនាជាទ្រាយធំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា។ លោក មាស ឆព្វណ្ណ បញ្ជាក់ថា តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានសុំទោសគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ រួចហើយ ចំពោះការហែក្បួនឆ្លងសង្កាត់ដោយមិនបានជូនដំណឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីជាមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។