សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឬហៅកាត់ថា អ៊ីរ៉ា (ERA) បានបន្តពិភាក្សាទៅលើសេចក្ដីស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីត្រៀមដាក់ជូនគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដាក់បញ្ជូនទៅក្នុងកំណែទម្រង់ស្ថាប័នបោះឆ្នោតឲ្យមានឯករាជភាពនៅថ្ងៃអនាគត។
កិច្ចពិភាក្សានេះ មានតំណាងអង្គការមិនមែនរដ្ឋាភិបាល តំណាងគណបក្សនយោបាយជាច្រើនបានចូលរួម ប៉ុន្តែមិនមានវត្តមានតំណាងគណបក្សប្រជាជនកម្ពុជា ចូលរួមតាមការអញ្ជើញរបស់អ្នករៀបចំកម្មវិធីទេ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (Comfrel) ជាសមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឬ អ៊ីរ៉ា បានឲ្យដឹងក្នុងកិច្ចពិភាក្សានៅព្រឹកថ្ងៃច័ន្ទ ទី១ ខែកញ្ញា នាសណ្ឋាគារ អ៊ីមភើរៀល (Imperial) ថា សកម្មភាពរបស់អ៊ីរ៉ាពេលនេះ គឺដើម្បីមានបំណងចង់បានស្ថាប័នបោះឆ្នោតមួយដែលឯករាជ្យពិតប្រាកដនៅកម្ពុជា។
កិច្ចពិភាក្សាថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា មិនបានបញ្ជូនតំណាងមកចូលរួមទៅតាមការអញ្ជើញរបស់អ៊ីរ៉ាទេ ប៉ុន្តែសម្រាប់លោក កែវ ភីរម្យ សមាជិកសភាគណបក្សសង្គ្រោះជាតិ ដែលចូលរួមក្នុងកិច្ចពិភាក្សាឲ្យដឹងថា សេចក្ដីព្រាងច្បាប់បោះឆ្នោតដែល អ៊ីរ៉ា លើកឡើងនេះ គណបក្សសង្គ្រោះជាតិ នឹងយកទៅពិភាក្សាដាក់បញ្ជូនក្នុងកំណែទម្រង់បោះឆ្នោត ឬច្បាប់បោះឆ្នោតឲ្យបានច្រើននៅថ្ងៃអនាគត។
លោកបន្តថា កន្លងមកក្នុងកិច្ចពិភាក្សាធ្វើកំណែទម្រង់បោះឆ្នោតរវាងគណបក្សសង្គ្រោះជាតិ ជាមួយគណបក្សប្រជាជនកម្ពុជា គឺបានដាក់បញ្ជូនអនុសាសន៍របស់សង្គមស៊ីវិលបានមួយចំនួនហើយ៖ «មកដល់ពេលនេះខ្ញុំឃើញការព្រមព្រៀងគ្នាមួយចំនួនធំហើយ។ របៀបនៃការជ្រើសរើសសមាសភាពគណៈកម្មការទាំង ៩រូបហ្នឹង។ យើងពីរៀបចាត់ចែងក្នុងការឲ្យមានអគ្គលេខាធិការជាដើមហ្នឹង វាមិនខុសគ្នាប៉ុន្មានទេ»។
ចំណែកលោក កែម ឡី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងអ្នកវិភាគឯករាជ្យ ដែលចូលរួមក្នុងតុពិភាក្សានេះដែរ ថ្លែងថា សេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ដែលអ៊ីរ៉ាកំពុងពិភាក្សាចែកចេញជា ៧ជំពូក និង ៤២មាត្រានេះ គួរត្រូវបន្ថែមជំពូក និងមាត្រាខ្លះទៀតចូលទៅក្នុងច្បាប់នេះ មានដូចជា៖ ត្រូវកំណត់ឲ្យច្បាស់ អំពីការប្រកាសលទ្ធផលនៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងការប្រកាសលទ្ធផលបឋមនៅតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅល្ងាចថ្ងៃបោះឆ្នោត ឬការប្រកាសលទ្ធផលចុងក្រោយនៃលទ្ធផលបោះឆ្នោតឲ្យបានច្បាស់។ ជាងនេះ ក៏ត្រូវបង្កើតឲ្យមានគណៈកម្មការឯករាជ្យ និងបង្កើតឲ្យមានគណៈកម្មការសម្របសម្រួលនយោបាយនៅពេលមានការជាប់គាំងនយោបាយក្រោយការប្រកាសលទ្ធផលបោះឆ្នោតជាដើម។
លោក កែម ឡី៖ «ស្នើឲ្យមានគណៈកម្មការឯករាជ្យសម្រាប់ស៊ើបអង្កេតការបោះឆ្នោត។ អ៊ីចឹងយើងត្រូវដាក់ជំពូកមួយទាក់ទងទៅនឹងការរៀបចំគណៈកម្មការឯករាជ្យមួយនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយពេលដែលមានភាពមិនប្រក្រតីច្រើន គឺគណៈកម្មការស៊ើបអង្កេតឯករាជ្យពីភាពមិនប្រក្រតីហ្នឹងដំណើរការតែម្ដង។ អ៊ីចឹងអាហ្នឹងត្រូវមានមួយជំពូក និងមាន ២ ទៅ ៣មាត្រាទៀត។ នៅពេលដែលមានការជាប់គាំងខាងផ្នែកនយោបាយ យើងត្រូវមានការសម្របសម្រួលនយោបាយ។ អ៊ីចឹងការសម្របសម្រួលនយោបាយយើងត្រូវរៀបចំយន្តការមួយទៀត»។
ដោយមិនអាចអត់ទ្រាំ និងធ្លាប់មានបទពិសោធន៍ជូរចត់ក្នុងបញ្ហានេះ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច ថ្លែងថា សេចក្ដីព្រាងច្បាប់បោះឆ្នោតដែលអ៊ីរ៉ា កំពុងពិភាក្សាដាក់ជូនគណបក្សឈ្នះអាសនៈសភាទាំងពីរពេលនេះ គួរត្រូវកំណត់ការដាក់ទោសទណ្ឌ ដាក់ពិន័យជាប្រាក់ ឬដាក់ពន្ធនាគារឲ្យបានធ្ងន់ធ្ងរទៅដល់មន្ត្រីបម្រើការនៅក្នុងស្ថាប័នបោះឆ្នោត ចាប់ពីថ្នាក់ជាតិដល់មូលដ្ឋាន ដែលបានប្រព្រឹត្តកំហុសពីច្បាប់បោះឆ្នោត។ ជាងនេះ ក៏ត្រូវដាក់ពិន័យឲ្យបានធ្ងន់ធ្ងរទៅដល់មន្ត្រីគ្រប់គណបក្សនយោបាយនានា ដែលបានប្រព្រឹត្តខុសឆ្គងផ្ទុយពីច្បាប់បោះឆ្នោត ទើបស្ថាប័នបោះឆ្នោតនេះ មានឯករាជភាពនៅថ្ងៃខាងមុខ។
លោក ញឹក ប៊ុនឆៃ៖ «អ៊ីចឹងដើម្បីឯករាជ្យបានហ្នឹងវាត្រូវចងគាត់នូវទោសបញ្ញត្តិហ្នឹងឲ្យធ្ងន់ធ្ងរដែរ ពីព្រោះច្បាប់បោះឆ្នោតយើងមុនហ្នឹងមិនមាននរណាខ្លាចទេ គឺធ្វើបំពាន ធ្វើខុសច្បាប់ មិនគោរពច្បាប់អ្វីទាំងអស់។ ចាប់បានមានភស្តុតាងគ្រប់គ្រាន់ គឺហ្វ៊ុនស៊ិនប៉ិចខ្ញុំចាប់បានច្រើនណាស់បោះឆ្នោតកន្លងមក ប៉ុន្តែវាអត់ប្រយោជន៍។ ទៅប្ដឹងឯណាក៏អត់ប្រយោជន៍? ប្ដឹងឯណា បើប្ដឹង គ.ជ.ប ជាអ្នកកាត់ក្តីដដែលហ្នឹង? បើសមាសភាពដែលនៅថ្នាក់រាជធាន-ខេត្ត ឬឃុំសង្កាត់ជាអ្នកប្រព្រឹត្តខុស»។
ត្រង់ចំណុចនេះ លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ថ្លែងថា នៅក្នុងជំពូក ៥ នៃសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ដែលអ៊ីរ៉ាកំពុងពិភាក្សាគ្នានេះ ក៏បានកំណត់ពីទោសបញ្ញត្តិ ឬដាក់ទោសទណ្ឌដល់មន្ត្រី គ.ជ.ប គ្រប់លំដាប់ថ្នាក់ រាប់ទាំងការផាកពិន័យចាប់ពី ១០លានរៀល ដល់ ៥០លានរៀល និងរហូតបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។