សភាអឺរ៉ុប សម្ដែងការព្រួយបារម្ភពីបរិយាកាសតានតឹងជុំវិញការធ្វើទុក្ខបុកម្នេញសកម្មជនគណបក្សនយោបាយ និងសិទ្ធិមនុស្ស។
សេចក្ដីថ្លែងការណ៍របស់សភាអឺរ៉ុប ផ្សាយកាលពីថ្ងៃទី៩ ខែមិថុនា បញ្ជាក់ថា សមាជិកសភាអឺរ៉ុបថ្កោលទោសអំពើហិង្សា ការចោទប្រកាន់លក្ខណៈនយោបាយ ការឃាត់ខ្លួន ការសាកសួរការកាត់ទោស និងផ្ដន្ទាទោសយ៉ាងអនាធិបតេយ្យ។
សភាអឺរ៉ុប ទទូចឲ្យអាជ្ញាធរកម្ពុជា ត្រូវទម្លាក់ចោលដីកា និងការចោទប្រកាន់ករណីលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ សកម្មជនគណបក្សប្រឆាំង និងដោះលែងសកម្មជនសិទ្ធិមនុស្ស ៥នាក់ ដែលកំពុងជាប់ពន្ធនាគារ។
រាល់សកម្មជនគណបក្សនយោបាយ និងសិទ្ធិមនុស្សត្រូវអនុញ្ញាតឲ្យធ្វើការងារដោយគ្មានការព្រួយបារម្ភពីសុវត្ថិភាព ភ័យខ្លាច និងការធ្វើទុក្ខបុកម្នេញ។ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា សហគមន៍អឺរ៉ុបជាប្រទេសផ្តល់ជំនួយឲ្យកម្ពុជា ដ៏ធំមួយ ដែលបានផ្ដល់ជំនួយ និងបន្តផ្ដល់ជំនួយដល់កម្ពុជា ប្រមាណ ៤១០លានអឺរ៉ូ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០។
តំណាងរាស្ត្រសភាអឺរ៉ុប ព្រមានថា ជំនួយរបស់សហគមន៍អឺរ៉ុបនឹងអាស្រ័យទៅលើភាពប្រសើរឡើងវិញនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
សភាអឺរ៉ុប ក៏ស្នើប្រទេសជាសមាជិកអឺរ៉ុបទាំងអស់ត្រូវកំណត់លក្ខខណ្ឌឲ្យច្បាស់លាស់សម្រាប់កម្ពុជា ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ខាងមុខ គឺកម្ពុជា ត្រូវគោរពស្របតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិ សេរីភាពបញ្ចេញមតិ ការប្រមូលផ្ដុំ និងសមាគម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។