រដ្ឋសភាដែលមានសុទ្ធតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទាំង ៦៨រូប នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា បានពិភាក្សាលើរបៀបវារៈពីរសំខាន់ គឺប្រកាសសុពលភាពរដ្ឋសភា និងអនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលកំពង់ចាម ដែលមានវ័យចំណាស់ជាងគេ លោក ហេង សំរិន ត្រូវបានជ្រើសរើសជាព្រឹទ្ធសមាជិករដ្ឋសភាឲ្យឡើងថ្លែងសុន្ទរកថាប្រកាសពីសុពលភាពនៃរដ្ឋសភានីតិកាលទី៥ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា។
លោក ហេង សំរិន បញ្ជាក់ជារួមថា រដ្ឋសភាមានសមាជិកចំនួន ១២៣រូប ក្នុងនោះ ៦៨រូបមកពីគណបក្សប្រជាជនកម្ពុជា និង ៥៥រូប ជាសមាជិកមកពីគណបក្សសង្គ្រោះជាតិ។
សមាជិកសភាគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ដំណើរការប្រជុំសភាជាលើកដំបូងក្នុងនីតិកាលទី៥នេះ ប្រព្រឹត្តទៅដោយរលូនតាមច្បាប់ ដោយមានការចូលរួមពីគ្រប់ស្ថានទូតអន្តរជាតិប្រចាំកម្ពុជា ព្រមទាំងក្រោមព្រះរាជាធិបតីរបស់អង្គព្រះមហាក្សត្រ។
លោកបន្តថា ទោះបីសមាជិកសភាទាំង ៥៥រូបរបស់គណបក្សសង្គ្រោះជាតិ មិនចូលរួមប្រជុំក្តី ក៏កិច្ចប្រជុំសភាលើកដំបូងនេះបានអនុម័តរួចហើយ ថាគណបក្សប្រឆាំងមានសមាជិកចំនួន ៥៥រូប ជាអ្នកតំណាងរាស្ត្រ ប៉ុន្តែអ្នកទាំងនោះត្រូវចូលស្បថនៅព្រះរាជវាំងជាមុនសិន ដើម្បីបានទទួលអភ័យឯកសិទ្ធិសមាជិកសភា។ លោកបញ្ជាក់ថា គណបក្សប្រជាជននៅតែបើកផ្លូវចរចាជាមួយគណបក្សប្រឆាំងក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា តែបក្សប្រឆាំងមិនអាចចូលកាន់តំណែងក្នុងជួររដ្ឋាភិបាលបានទេ។
យ៉ាងណាមិញ គណបក្សសង្គ្រោះជាតិ ដែលប្រមូលថ្នាក់ដឹកនាំទាំងអស់ទៅស្នាក់នៅខេត្តសៀមរាប ដើម្បីធ្វើពហិការមិនចូលរួមសម័យប្រជុំសភាដំបូង និងសម័យប្រជុំលើកទី១ នោះ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា បានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា ការចូលរួមប្រជុំសភាដំបូងនេះ ជាការរំលោភរដ្ឋធម្មនុញ្ញ ហើយមិនមែនជាសភាតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលទេ តែជាសភាឯកបក្ស និងផ្ទុយទៅនឹងគោលការណ៍ប្រជាធិបតេយ្យ។
កិច្ចប្រជុំសភាជាលើកដំបូងសម្រាប់នីតិកាលទី៥នេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីមន្ត្រីអង្គទូតអន្តរជាតិនានា ដូចជាតំណាងទូតសហភាពអឺរ៉ុប អគ្គរដ្ឋទូតសហរដ្ឋអាមេរិក អគ្គរដ្ឋទូតចិន អគ្គរដ្ឋទូត និងរដ្ឋទូតពីប្រទេសតំបន់អាស៊ាន និងប្រទេសជាច្រើនទៀត។ ប៉ុន្តែភា្លមៗនោះ ប្រទេសផ្ដល់ជំនួយធំៗដល់ស្រុកខ្មែរ ដូចជាស្ថានទូតអាមេរិក និងសហភាពអឺរ៉ុបបានចេញលិខិតស្រដៀងគ្នា ដោយអះអាងថា ការចូលរួមក្នុងពេលប្រជុំសភាជាលើកដំបូងមិនមែនបានន័យថា គាំទ្រលទ្ធផលបោះឆ្នោតឡើយ គឺចូលក្នុងនាមជាភ្ញៀវតាមការអញ្ជើញប៉ុណ្ណោះ។
នៅរសៀលថ្ងៃទី២៣ ខែកញ្ញា សមាជិកសភារបស់គណបក្សប្រជាជនកម្ពុជា ទាំង ៦៨រូប ចូលរួមស្បថចំពោះមុខវត្ថុស័ក្ដិសិទ្ធិ ប្ដេជ្ញាបម្រើជាតិដើម្បីទទួលបានអភ័យឯកសិទ្ធិសភាសម្រាប់នីតិកាលទី៥។ សមាជិកសភាទាំងអស់នឹងចូលរួមបោះឆ្នោតកញ្ចប់ជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា និងជ្រើសតាំងគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែកញ្ញា។ នៅខាងក្រៅរបងសភាវិញ ក៏មានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងតែងបំផុត ហើយក៏បង្កការរិះគន់ពីសំណាក់ប្រជាពលរដ្ឋមួយចំនួនទៀតផង។
ប្រតិកម្មរបស់បក្សប្រឆាំង
ដោយ ទីន ហ្សាការីយ៉ា
គណបក្សប្រឆាំងបានចាត់ទុកការប្រជុំសភាដែលចូលរួមតែពីខាងគណបក្សប្រជាជនកម្ពុជានោះ ថាជាសភាខុសច្បាប់ បើទោះជាព្រះមហាក្សត្រយាងទៅបើកកិច្ចប្រជុំសភាលើកដំបូងក៏ដោយ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលពេលនេះកំពុងនៅខេត្តសៀមរាប ថែមទាំងបានអះអាងថា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់ខ្លួនមិនអាចក្បត់ឆន្ទៈប្រជារាស្ត្រដើម្បីទៅចូលប្រជុំនេះឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា បានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបានចាត់ទុកការបង្កើតសភាថ្មីថា ជាសភាខុសច្បាប់។
លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅក្នុងវត្តមុនីសុណ្ណ ហៅវត្តគង់ម៉ុច នៅសង្កាត់សៀមរាប ក្រុងសៀមរាប ថា បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅតែគិតពីផលប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាធំ មិនអាចទៅចូលរួមប្រជុំសភាលើកដំបូងបាននោះឡើយ។
ការថ្លែងដូច្នេះរបស់លោក សម រង្ស៊ី នៅបន្ទាប់ពីលោកបានដាក់បិណ្ឌនៅវត្តគង់ម៉ុច ជាមួយនឹងលោក កឹម សុខា ជាអនុប្រធានគណបក្ស ព្រមទាំងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមួយចំនួនទៀត។ លោក សម រង្ស៊ី បានប្ដេជ្ញាចិត្តថា គណបក្សសង្គ្រោះជាតិ នឹងរកយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យខានតែបាន។
ការបញ្ចេញប្រតិកម្មរបស់ប្រធានគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងទៅបើកសម័យប្រជុំសភាដំបូង នៅព្រឹកថ្ងៃទី២៣ កញ្ញា ទៅតាមការគ្រោងទុក ទោះបីជាអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង ព្រមទាំងប្រជារាស្ត្រជិត ៣សែននាក់ បានផ្ដិតមេដៃ និងធ្វើញត្តិថ្វាយព្រះអង្គសុំពន្យារពេលក្ដី។
ព្រះមហាក្សត្រសម្ដេចព្រះ នរោត្តម សីហមុនី ព្រះអង្គមានព្រះរាជបន្ទូលនៅក្នុងព្រះរាជពិធីបើកអង្គប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ កញ្ញា ថា ព្រះអង្គចង់ឲ្យប្រជាជាតិកម្ពុជា មានសាមគ្គីភាពខ្ពស់ ឈរលើមូលដ្ឋានយុត្តិធម៌សង្គម និងនីតិរដ្ឋ។
ក្រុមប្រជាពលរដ្ឋមួយចំនួននៅខែត្រសៀមរាប បានបញ្ចេញប្រតិកម្មភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំសភាលើកដំបូងបានបញ្ចប់។ ប្រជាពលរដ្ឋទាំងនោះបានស្រែកពាក្យថា អយុត្តិធម៌ៗ ចំពោះការបើកប្រជុំសភាលើកដំបូងដោយមិនទាន់បានរកយុត្តិធម៌លទ្ធផលឆ្នោតជូនប្រជាពលរដ្ឋនៅឡើយនេះ។
លោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មិនចូលប្រជុំនេះ មិនមែនគណបក្សសង្គ្រោះជាតិ មិនគោរពព្រះមហាក្សត្រនោះទេ ប៉ុន្តែបញ្ហាចម្បងគណបក្សសង្គ្រោះជាតិមិនអាចក្បត់ឆន្ទៈប្រជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញ លោក កឹម សុខា បានហៅការប្រជុំសភាដោយឯកបក្សនេះ ថាជាការអនុវត្តនៅក្នុងប្រទេសមិនមែនប្រជាធិបតេយ្យ។
លោក កឹម សុខា បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ កំពុងប្រជុំនិងរកវិធីដោះស្រាយបន្តទៀត ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោត តាមរយៈការធ្វើបាតុកម្មទូទាំងប្រទេសឥតឈប់ឈរ ស្វែងរកអន្តរាគមន៍ពីស្ថានទូតនានា និងប្រទេសមួយចំនួននៅលើសាកលលោក។
ក្រុមអ្នកវិភាគបានលើកឡើងថា ប្រទេសកម្ពុជា បានដើរជាន់ប្រវត្តិសាស្ត្រច្រំដែលជាច្រើនលើកមកហើយ តាមរយៈការបោះឆ្នោតដោយមិនយុត្តិធម៌ និងធ្វើឲ្យគណបក្សប្រឆាំងតែងតែជំទាស់លទ្ធផលបោះឆ្នោតម្ដងៗ។
អ្នកវិភាគលើកឡើងថា កម្ពុជានឹងមានវិបត្តិនយោបាយរយៈពេលយូរ ពិសេសទៅទៀត គឺវិបត្តិសេដ្ឋកិច្ចនៅខណៈដែលកម្ពុជា អភិវឌ្ឍន៍ប្រទេសពឹងលើថវិកាជំនួយជាកត្តាចម្បងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។