ប្រតិភូ​ខ្មែរ​កម្ពុជា​ក្រោម​​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ​ប្រវត្តិសាស្ត្រ​នៅ​បារាំង​តាម​ផែនការ

0:00 / 0:00

ប្រតិភូ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ស្រាវជ្រាវ​រក​ឯកសារ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម តាម​ការ​ចង្អុលបង្ហាញ​របស់​ស្ថានទូត​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា​នោះ បាន​រក​ឃើញ​ឯកសារ​សំខាន់ៗ​ទាំងនោះ​ហើយ។

ប្រតិភូ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដែល​បាន​ដឹកនាំ​ការស្រាវជ្រាវ​យក​ឯកសារ​នៅ​ប្រទេស​បារាំង ទាក់ទង​នឹង​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម បាន​បញ្ចប់​ហើយ។

សេចក្ដី​ប្រកាស​ព័ត៌មាន របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ចុះផ្សាយ​នៅ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឲ្យ​ដឹង​ថា ក្នុង​ដំណើរ​ស្រាវជ្រាវ​រក​ឯកសារ​នៅ​ប្រទេស​បារាំង​នោះ ជា​លទ្ធផល​បាន​ស្រាវជ្រាវ​រក​ឃើញ​ឯកសារ និង​ផែនទី​សំខាន់ៗ​មួយ​ចំនួន ទៅតាម​ផែនការ​របស់​ខ្លួន ដែល​បាន​គ្រោងទុក។ ក្នុង​នោះ​មាន​ដូចជា ព្រះរាជសារ​របស់​សម្ដេច​ព្រះ​នរោត្ដម សីហនុ ផ្ញើ​ជូន​រដ្ឋាភិបាល​បារាំង កិច្ច​ព្រមព្រៀង និង​សន្ធិសញ្ញា​ផ្សេងៗ រវាង​បារាំង-វៀតណាម កំណត់ហេតុ​ប្រជុំ​រដ្ឋសភា បារាំង​ក្នុង​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម​នៅ​ឆ្នាំ​១៩៤៩ កំណត់ហេតុ​ចរចា ព្រមទាំង​លិខិត​ឆ្លើយឆ្លង​សម្ងាត់​ជាច្រើន ទាក់ទង​នឹង​ការ​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ដែល​បាន​ដឹកនាំ​គណៈប្រតិភូ ស្រាវជ្រាវ​នេះ។ លោក​មានប្រសាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ថា ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ដែល​ក្រុម​លោក​បាន​រក​ឃើញ​នៅ​ប័ណ្ណសារដ្ឋាន​ជាតិ​បារាំង ក្នុង​ខេត្ត​អេសង់​ប្រូវ៉ង់ (Aix-En-Provence) ហើយ​ដែល​ក្រុម​លោក​ចង់​ដឹង​ចង់​ឃើញ​នោះ មាន​មិន​តិច​ជាង​៤​ពាន់​ទំព័រ​ឡើយ។

យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា បញ្ជាក់​ថា ឯកសារ​ទាំងអស់​នោះ កំពុង​រក្សា​ទុក ក្នុង​ប័ណ្ណសារដ្ឋាន​ជាតិ​បារាំង​នៅឡើយ រង់ចាំ​ការ​ប៉ាន់​ប្រមាណ​តម្លៃ ដើម្បី​ថតចម្លង។ លោក​ថា តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ទទួលខុស​ត្រូវ​បណ្ណាល័យ ការ​ថត​ចម្លង​ក្នុង​១​ទំព័រ តម្លៃ ២.៥០អឺរ៉ូ ឬ​ប្រមាណ ២.៨០ ដុល្លារ សម្រាប់​គុណភាព​ធម្មតា ប៉ុន្តែ​សម្រាប់​គុណភាព​ល្អ​វិញ តម្លៃ​ជិត​១៧​អឺរ៉ូ ឬ​ប្រមាណ​២០​ដុល្លារ ឯណោះ​ក្នុង​១​ទំព័រ៖ «យើង​រក​ឃើញ​ហើយ ប៉ុន្តែ​នៅ​រង់ចាំ​គេ​ថតចម្លង​ឲ្យ​យើង ហើយ​ថតចម្លង​នោះ​គឺ​ថ្លៃ​ណាស់ អញ្ចឹង​យើង​ជួប​បញ្ហា​លំបាក​ណាស់ ហើយ​នៅ​ក្នុង​ហ្នឹង​ពេល ដែល​យើង​ទៅ​ស្រាវជ្រាវ​នោះ គឺ​គេ​មិន​ឲ្យ​យើង​យក សូម្បីតែ​ប៊ិច​ក៏​ចូល​មិនបាន​ផង គេ​ឲ្យ​ខ្មៅ​ដៃ​របស់​គេ ក្រដាស​ស​របស់​គេ ហើយ​បើ​យើង​ថត​វិញ គឺ​មិន​ច្បាស់​ទៀត យើង​ចង់​ឲ្យ​គេ​ជួយ​ថតចម្លង​ឲ្យ​យើង តែ​បើ​ថត ចម្លង​វា​ថ្លៃ»។

លោក ថាច់ សេដ្ឋា បញ្ជាក់​ថា ខាង​ប័ណ្ណសារដ្ឋាន​ជាតិ​បារាំង ត្រូវការ​ពេល​វេលា​មួយ​សប្ដាហ៍​ដើម្បី​ធ្វើការ​ប៉ាន់ប្រមាណ​តម្លៃ​ថតចម្លង។ យ៉ាងណា​ក៏​ដោយ លោក​ថ្លែង​ហាក់​ដោយ​អស់​សង្ឃឹមថា បើ​ការ​ថត​ចម្លង​នោះ​មានតម្លៃ​ខ្ពស់​ពេក ប្រតិភូ​លោក​ប្រហែលជា​គ្មាន​ប្រាក់​ដើម្បី​ទទួលយក​នោះ​ទេ។ ប៉ុន្តែ លោក​ថា ប្រសិនបើ​ក្នុង​ដំណើរ​លើក​ទី​១​នេះ ក្រុម​លោក​មិន​មាន​លទ្ធភាព​យក​ឯក​សារ បាន​ទាំងអស់​នោះ​ទេ លោក​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង ដើម្បី​ធ្វើដំណើរ​ស្រាវ​ជ្រាវ​នៅ​ពេល​ក្រោយៗ​ទៀត។

ដំណើរ​ស្វែងរក​ឯកសារ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​ពេល​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​ខ្មែរ​ក្រោម ក្នុង​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ដែល​មន្ត្រី​ការទូត​វៀតណាម​បាន​និយាយ​បំភ្លៃ កាល​ខែ​មិថុនា ឆ្នាំ​២០១៤។

លោក ថាច់ សេដ្ឋា ធ្លាប់​បាន​បញ្ជាក់​ថា យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ទទួល ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ នឹង​នៅ​ធ្វើ​បន្ត​ទៀត។ យ៉ាង​ណា​ក៏​ដោយ លោក​អះអាង​ថា លោក​ចង់​បាន​ឯកសារ​មកដល់​ដៃ​ជា​មុន​សិន។ លើស​ពី​នេះ លោក ថាច់ សេដ្ឋា មាន​ជំនឿ​ថា ឯកសារ​ទាំងអស់​នេះ​ក៏​នឹង​ជួយ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ បាន​សិក្សា​រៀន​សូត្រ​កាន់តែ​ច្បាស់​ថែមទៀត អំពី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម។

លោក ថាច់ សេដ្ឋា ក៏​ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​យក​ឯកសារ​ទាំងនេះ ទៅ​តម្កល់​នៅ​ក្រសួង​អប់រំ ឬ​រាជបណ្ឌិត​សភា​កម្ពុជា និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចូល​វា​ទៅ​ក្នុង​កម្មវិធីសិក្សា​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។