សង្គម​ស៊ីវិល៖ ការ​បិទ​និង​បើក​ទីលាន​ប្រជាធិបតេយ្យ​ជា​រឿង​នយោបាយ

0:00 / 0:00

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ នៅ​ថ្ងៃ​ទី​៦ សីហា។ តែ​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ការ​ឡោម​ព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ដោះ​លែង​វិញ​នេះ ជា​ហេតុផល​នយោបាយ ពីព្រោះ​ថា រដ្ឋាភិបាល​បាន​បើក​ទីលាន​ប្រជាធិបតេយ្យ​វិញ​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​ធ្វើ​សច្ចាប្រណិធាន​នៅ​ក្នុង​ព្រះបរមរាជវាំង កាល​ពី​រសៀល​ថ្ងៃ​ទី​៥ សីហា។

ចំណែក​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​ពី​ហេតុផល​ថា ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​កន្លង​មក​នោះ ក្នុង​ហេតុផល​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ។ ហើយ​ការ​បើក​វិញ​នេះ ដោយ​ពិនិត្យ​ឃើញ​ថា ស្ថានភាព​សន្តិសុខ សុវត្ថិភាព និង​របៀប​រៀប​រយ​សាធារណៈ ត្រូវ​បាន​ស្ដារ​ឲ្យ​មាន​ប្រក្រតី​ឡើង​វិញ អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​បើក​ឲ្យ​ដំណើរ​ការ​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​បញ្ចេញ​មតិ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។

ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោះ​លែង​វិញ​ហើយ ដោយ​យក​បន្លា​លួស​ចេញ​ពី​បរិវេណ​នៅ​ជុំវិញ​នោះ ដើម្បី​បើក​ឲ្យ​ប្រជាពលរដ្ឋ​សម្ដែង​មតិ និង​ធ្វើ​ការ​តវ៉ា​ទាមទារ​ផ្សេងៗ ស្រប​តាម​សង្គម​ប្រកាន់​របប​ប្រជាធិបតេយ្យ​ឡើង​វិញ។

ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ លើក​ពី​ហេតុផល​បិទ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល ៨​ខែ​កន្លង​មក ក្នុង​ន័យ​រក្សា​សណ្ដាប់ធ្នាប់ សន្តិសុខ​សង្គម​ក៏ដោយ ក៏ប៉ុន្តែ​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​បិទ​ទីលាន​សេរីភាព ឬ​ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បាន​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ជា​រឿង​នយោបាយ។

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​រើ​បន្លា​លួស​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​៦ សីហា នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ចូល​ទៅ​ធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង កាល​ពី​រសៀល​ថ្ងៃ​ទី​៥ សីហា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​អូស​បន្លាយ​ពេល​ជិត​១​ឆ្នាំ​កន្លង​មក។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្ដិ មាន​ប្រសាសន៍​ថា ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​កន្លង​មក​នេះ ជា​ហេតុផល​នយោបាយ ដែល​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សម្ដែង​មតិ ដែល​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​ក៏​ផ្ទុយ​ពី​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដែរ៖ «ការ​ដែល​យើង​ខ្លាច​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ​ហ្នឹង​ហើយ បាន​ជា​យើង​រៀបចំ​ឲ្យ​មាន​ទីលាន​ប្រជាធិបតេយ្យ កុំ​ឲ្យ​មាន​មនុស្ស​ដើរ​ពេញ​ផ្លូវ​ស្រែក​អាឡេ​អាឡូ​នៅ​មុខ​វាំង​អី​ហ្នឹង»

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រដាប់​ដោយ​អាវុធ បាន​បិទ​ទីលាន​ប្រជាធិបតេយ្យ និង​បាន​បណ្ដេញ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ដោយ​គ្មាន​ការ​រើស​មុខ មាន​ទាំង​មនុស្ស​ចាស់ ព្រះសង្ឃ និង​បាន​រុះរើ​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​ផង។ កាល​ណោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ ដោយ​ចាត់​ទុក​សកម្មភាព​បណ្ដេញ​បាតុករ​របស់​ខ្លួន​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​នេះ ជា​អំពើ​ហិង្សា​ព្រៃផ្សៃ។

សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៥ សីហា ប្រកាស​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​វិញ​នេះ ដោយ​បញ្ជាក់​ពី​មូលហេតុ​បិទ​ទីលាន​ប្រជាធិបតេយ្យ​កន្លង​មក​ថា ក្រុម​បាតុករ​ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ​ប្រាសចាក​ពី​ច្បាប់ ធ្វើ​ឲ្យ​លេច​ចេញ​នូវ​បាតុភាព​អសកម្ម​ផ្សេងៗ ដូចជា ការ​អុចអាល​ញុះញង់​នានា​ដែល​នាំ​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​បាត់​បង់​អាយុ​ជីវិត​មនុស្ស ការ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ឯកជន និង​សាធារណៈ ការ​ស្នាក់នៅ​គ្មាន​សណ្ដាប់ធ្នាប់ ការ​បិទ​ផ្លូវ​សាធារណៈ ការ​អុកឡុក​រំខាន​កិច្ចការ​សន្តិសុខ​ជាតិ។ល។

អ្នក​បម្រើ​នៅ​ក្រុមហ៊ុន​ស៊ីនទ្រី (Cintri) បោស​សំរាម​សម្អាត​ទីលាន​ប្រជាធិបតេយ្យ ខណៈ​រដ្ឋាភិបាល​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៤។
អ្នក​បម្រើ​នៅ​ក្រុមហ៊ុន​ស៊ីនទ្រី (Cintri) បោស​សំរាម​សម្អាត​ទីលាន​ប្រជាធិបតេយ្យ ខណៈ​រដ្ឋាភិបាល​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ សីហា ឆ្នាំ​២០១៤។ (RFA/Rann Samnang)

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​ច្រាន​ចោល​ចំពោះ​ហេតុផល​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ។ លោក​បញ្ជាក់​ថា ការ​សម្ដែង​មតិ ឬ​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​នោះ ពុំ​មែន​ជា​បញ្ហា​បង្ក​ភាព​អនាធិបតេយ្យ ឬ​បង្ក​អសន្តិសុខ​ជាតិ​ឡើយ។ លោក​បញ្ជាក់​ថា ការ​បើក​ទីលាន​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ ជា​សក្ខីកម្ម​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា មូលហេតុ​ចម្បង​នៃ​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ ជា​រឿង​នយោបាយ ហើយ​បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ចូល​សច្ចាប្រណិធាន​ទេ ទីលាន​ប្រជាធិបតេយ្យ​ក៏​មិន​ទាន់​បើក​វិញ​ដែរ៖ «ការ​លើក​ហេតុផល​កន្លង​មក​ហ្នឹង វា​គ្រាន់​តែ​ជា​ហេតុផល​មួយ ដើម្បី​ដោះ​សារ​ចង់​បិទ​ទីលាន​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ វា​មិន​មែន​ជា​ហេតុផល​ដើម្បី​សន្តិសុខ​សង្គម​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ​ទេ»

លោក អំ សំអាត បន្ថែម​ថា ក្រោយ​ពី​បិទ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​៤ មករា នោះ សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​ជា​បណ្ដោះអាសន្ន​នេះ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​បាញ់​សម្លាប់​កម្មករ និង​របួស​ជាច្រើន​នាក់​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា។ នៅ​ត្រង់​ចំណុច​នេះ លោក អំ សំអាត បញ្ជាក់​ថា ទីលាន​ប្រជាធិបតេយ្យ និង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង មិន​ទាក់ទង​គ្នា​ទេ។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាង​ថា ការ​ស៊ើប​អង្កេត​ករណី​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង គឺ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។ លោក​មិន​បាន​បញ្ជាក់​ថា ការ​ស៊ើប​អង្កេត​នេះ នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ឡើយ។ លោក ឡុង ឌីម៉ង់ សង្កត់​ធ្ងន់​ថា ការ​បិទ និង​បើក​ទីលាន​ប្រជាធិបតេយ្យ​នេះ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ។ សាលា​រាជធានី​ភ្នំពេញ សម្រេច​បើក​ទីលាន​ប្រជាធិបតេយ្យ​វិញ​នេះ ដោយសារ​មើល​ឃើញ​ថា ស្ថានភាព​សន្តិសុខ​ជាតិ​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ៖ «ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​យើង​ខ្ញុំ​នេះ គឺ​ជា​អាជ្ញាធរ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ យើង​គ្រប់គ្រង​ថ្នាក់​រដ្ឋបាល ដើម្បី​សន្តិសុខ​សង្គម។ ដូច្នេះ យើង​អត់​មាន​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​ទេ ដូច្នេះ​យើង​បើក​ឲ្យ​ដំណើរ​ការ​ទីលាន​ប្រជាធិបតេយ្យ​វិញ​នេះ ដោយសារ​តែ​បញ្ហា​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ដូច​ប្រក្រតី​ឡើង​វិញ»

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ពេល​ថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឯកភាព​គ្នា​លើ​ការ​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២ កក្កដា នោះ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា ទីលាន​ប្រជាធិបតេយ្យ​បើក​ឡើង​វិញ​នៅ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សច្ចាប្រណិធាន៖ «ក្នុង​ស្មារតី​ជំនួប​កំពូល​អំបាញ់មិញ​ហ្នឹង បាន​សម្រេច​ថា​ការ​បើក​ទីលាន​ប្រជាធិបតេយ្យ​ហ្នឹង នៅ​ពេល​ណា​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ​កាន់​តំណែង»

ក្រុម​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ប្រសាសន៍​របស់ លោក ព្រុំ សុខា និង​សកម្មភាព​បើក​ទីលាន​ប្រជាធិបតេយ្យ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​នេះ ជា​ហេតុផល​នយោបាយ ទោះ​បី​ជា​រដ្ឋាភិបាល​ដឹង​ថា ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​នេះ​ខុស​ច្បាប់​ក្ដី ក៏​រដ្ឋាភិបាល​ត្រូវ​តែ​បិទ ដើម្បី​ទប់ទល់​ចរន្ត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​បាតុកម្ម​ឥត​ឈប់​ឈរ​នោះ។ ក្រៅ​ពី​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​នេះ​ទៀត រដ្ឋាភិបាល​ប្រើ​កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ និង​ខែល ដំបង ដើម្បី​ទប់ទល់ និង​បង្ក្រាប​ក្រុម​បាតុករ ទោះ​បី​ជា​មាន​ការ​ថ្កោលទោស​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ថា​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស និង​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។

ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក នី ចរិយា មាន​ប្រសាសន៍​ថា សាលា​រាជធានី​ភ្នំពេញ​កំពុង​តែ​បង្ហាញ​ភស្តុតាង​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ ជា​រឿង​ឡុបឡែ​នយោបាយ មិន​មែន​ជា​ការ​បិទ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​អាជ្ញាធរ​រដ្ឋាភិបាល​ប្រើ​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ៥​នាក់​នោះ​ទេ។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​សិទ្ធិ​សេរីភាព​ឲ្យ​បាន​ពេញ​លេញ​ជូន​ប្រជាពលរដ្ឋ ក្នុង​ការ​សម្ដែង​មតិ និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​មិន​ត្រូវ​បិទ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ហេតុផល​នយោបាយ​ទៀត ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ប្រជាធិបតេយ្យ។ ទន្ទឹម​នឹង​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ ករណី​អាជ្ញាធរ​រដ្ឋាភិបាល​បាញ់​មនុស្ស​ស្លាប់ ៧​នាក់ និង​ជាច្រើន​នាក់​ទៀត​រង​របួស ក្នុង​អំឡុង​ពេល​ជាប់​គាំង​នយោបាយ។

ទីលាន​ប្រជាធិបតេយ្យ​មាន​ផ្ទៃ​ដី​ប្រមាណ ១​ហិកតារ ត្រូវ​បាន​បង្កើត​តាំង​ពី​ឆ្នាំ​២០១០ ដើម្បី​ឆ្លើយ​តប​នឹង​ច្បាប់​ថ្មី ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដែល​តម្រូវ​ឲ្យ​ខេត្ត​ក្រុង​នីមួយៗ រៀបចំ​ទីតាំង​មួយ​សម្រាប់​ការ​ជួបជុំ​ជា​សាធារណៈ ដើម្បី​ធានា​ការ​ការពារ​សេរីភាព​បញ្ចេញ​មតិ តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី៕

វីដេអូ៖ រដ្ឋាភិបាល​បើក​ទីលាន​ប្រជាធិបតេយ្យ​Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។