បក្ស​ហ៊្វុនស៊ិនប៉ិច​ទាមទារ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី

គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៣០ កក្កដា ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ត្រួត​ពិនិត្យ​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា។

លោក ញឹក ប៊ុនឆៃ ឧបនាយករដ្ឋមន្រ្តី និង​ជា​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ប្រសាសន៍​បញ្ជាក់​អំពី​ការ​ទាមទារ​នេះ៖ «ខ្ញុំ​ទទួល​ស្គាល់​ថា មាន​ភាព​មិន​ប្រក្រតី​នៅ​កន្លែង​មួយ​ចំនួន​ដែល​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ។ សុំ​ឲ្យ​មាន​គណៈកម្មការ​មួយ​ដែល​ឯករាជ្យ។ ខ្ញុំ​មិន​កំណត់​ថា សមាសភាព​មក​ពី​ណា​ទេ តែ​ចង់​បាន​គណៈកម្មការ​នោះ​ឯករាជ្យ អព្យាក្រឹត។ ទី​១ បើ​រក​អ្នក​អព្យាក្រឹត​នោះ​បាន​វា​ល្អ តែ​បើ​រក​មិន​បាន​ទេ ក៏​រក​បាន​គណៈកម្មការ​ចម្រុះ​ពី​នេះ​ពី​នោះ។ ប៉ុន្តែ​ចង់​បាន​អ្នក​ឯករាជ្យ​មែន​ទែន​ទៅ​ត្រួត​ពិនិត្យ​អា​រឿង​ទាំង​អស់​នោះ»

សេចក្ដី​ថ្លែងការណ៍​ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​២៩ កក្កដា តែ​ចែក​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ កក្កដា បាន​សរសេរ​បន្ថែម​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច សូម​ប្រកាស​នូវ​ជំហរ​ម៉ឺងម៉ាត់​របស់​ខ្លួន​ក្នុង​ការ​ទាមទារ​នេះ ដើម្បី​ឲ្យ​សមស្រប​ទៅ​តាម​ការ​ទាមទារ និង​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ម្ចាស់​ឆ្នោត។

ការ​ទាមទារ​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ឯករាជ្យ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នេះ បាន​កើត​មាន​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ និង​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដូច​គ្នា​នេះ​ដែរ។

លទ្ធផល​បណ្ដោះ​អាសន្ន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​បាន​ទទួល​សំឡេង​គាំទ្រ​ច្រើន​ជាង​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។