សមាជវិសាមញ្ញរបស់គណបក្សហ៊្វុនស៊ិនប៉ិច នឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី២៣ មីនា។ សមាជនោះនឹងត្រូវបានចូលរួមដោយសមាជិកក្រុមប្រឹក្សាជាតិ និងមន្ត្រីមូលដ្ឋានរបស់គណបក្សនេះ សរុបជាង ៤ពាន់នាក់ ដើម្បីអនុម័តលើលក្ខន្តិកៈផ្ទៃក្នុង និងការផ្លាស់ប្ដូរថ្នាក់ដឹកនាំ។
ការសម្រេចនេះ ក្រោយពីកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការអចិន្ត្រៃយ៍ និងមន្ត្រីគណៈកម្មាធិការនាយកនៅល្ងាចថ្ងៃទី២២ ខែមីនា។
ក្រៅពីនេះ គណបក្សហ៊្វុនស៊ិនប៉ិច បន្តរក្សាសម្ព័ន្ធភាពជាគណបក្សដៃគូនៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា សម្រាប់នីតិកាលទី៥ ខាងមុខនេះ ក្រោយពីការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ ដោយផ្អែកលើកិច្ចព្រមព្រៀងបង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ។
ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយថ្ងៃមុនពេលសមាជវិសាមញ្ញនោះថា ការជ្រើសរើសព្រះអង្គម្ចាស់ក្សត្រី អារុណ រស្មី ជាព្រះប្រធាន គឺជាជម្រើសដ៏ល្អមួយសម្រាប់ទាក់ទាញប្រជាប្រិយភាព និងការគាំទ្រនៅគ្រាដែលអ្នកគាំទ្រមានចំនួនជាង ៤សែននាក់៖ «គោលបំណងរបស់យើងនោះ គឺចង់បង្ហាញឲ្យឃើញថា យាងសម្ដេចរាជបុត្រីព្រះរាជអនុជ អារុណ រស្មី មក ព្រះអង្គជាព្រះរាជបុត្រពៅរបស់សម្ដេចឪ សម្ដេចតា ដើម្បីមកដឹកនាំ និងទទួលខុសត្រូវគណបក្សនេះ ដែលជាកេរតំណែង»។
គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់បានតែងតាំងព្រះអង្គម្ចាស់ក្សត្រី អារុណ រស្មី ធ្វើព្រះប្រធានម្តងហើយ កាលបោះឆ្នោតសកលនីតិកាលទី៤ កន្លងមក។ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើសម្ព័ន្ធភាពនៅក្នុងរដ្ឋាភិបាលចម្រុះ តាំងពីការបោះឆ្នោតលើកដំបូង ឆ្នាំ១៩៩៣ កន្លងមក រៀបចំដោយអ៊ុនតាក់ (UNTAC)។
ទាក់ទងនឹងចំណងសម្ព័ន្ធភាពនេះដែរ មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមីនា ថ្មីៗនេះ បានសម្រេចថា គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់យកគោលការណ៍រៀបចំរដ្ឋាភិបាលចម្រុះជាមួយគណបក្សហ៊្វុនស៊ិនប៉ិច នៅគ្រាដែលមហាសន្និបាតវិសាមញ្ញនោះបានគាំទ្របេក្ខភាពរបស់លោក ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៥ និងនីតិកាលបន្តបន្ទាប់ទៀត។
អ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី បានមានប្រសាសន៍ថា ការជ្រើសរើសព្រះអង្គម្ចាស់ក្សត្រី អារុណ រស្មី ជា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នោះ គឺជារបត់ថ្មីមួយ ប៉ុន្តែគប្បីមានយុទ្ធសាស្ត្រថ្មី និងមានសិទ្ធិអំណាចច្រើនដែរក្នុងការសម្រេចអ្វីមួយ៖ «ក្នុងរយៈពេលកន្លងមក ដោយសារតែមាន ដោយសារតែមានបទពិសោធន៍មិនសូវល្អចំពោះសែរាជវង្សនោះ អីចឹងខ្ញុំគិតថា មានឥទ្ធិពលតិចតួចណាស់សម្រាប់ការសែរាជវង្សមកធ្វើនយោបាយ បើទោះបីជាបេក្ខភាពជានាយករដ្ឋមន្ត្រីក៏ដោយ។ ក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែប្រជាជនខ្មែរមានបទពិសោធន៍ច្រើន ហើយមិនតិចជាង ៤ដងទេ បោះឆ្នោតជាតិ មិនតិចជាង ៣ដងទេ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អីចឹងទាល់តែមានយុទ្ធសាស្ត្រថ្មីៗប្លែកៗ ហើយអាចឲ្យប្រជាជនមើលឃើញអំពីសេចក្តីសង្ឃឹមរបស់គាត់»។
លោកបានបញ្ជាក់ថា មូលហេតុដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច បន្តចងសម្ព័ន្ធភាពក្នុងរដ្ឋាភិបាលចម្រុះនោះ គឺដោយសារតែគណបក្សទាំងពីរនេះមានគោលដៅតែមួយ វប្បធម៌តែមួយ និងធ្វើការងារមិនចម្រូងចម្រាសជាមួយគ្នា ដែលងាយស្រួលដល់គណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។